ជាតិ

ថៃ នរៈ​ពិ​ទូ ថា មន្ត្រី​យោធា ដែលជា​ម្ចាស់​ក្លិប​កម្សាន្ត​ស្តា​ឡៃ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន



​ភ្នំពេញ​៖ អតីត​តារា​សំដែង ថៃ នរៈ​ពិ​ទូ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ម្ចាស់​ក្លិប​កម្សាន្ត​ស្តា​ឡៃ ដែលជា​មន្ត្រី​យោធា​នៅ​ផ្នែក​សឹក​រង​ខេត្តបាត់ដំបង មាន​ជាប់​ពាក់ព័ន្ធ​និង​ការ​ចែកចាយ​ថ្នាំញៀន​។ ចម្លើយសារភាព​របស់​អតីត​តារា​សម្តែង ត្រូវបាន​ផ្សាយ​នៅក្នុង​គេហទំព័រ​ព័ត៌មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នា​ថ្ងៃទី​២១​ខែមករា​។​

សំណុំរឿង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ដែលមាន​ពាក់ព័ន្ធ​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ នោះ ឥឡូវនេះ​បាន​រាលដាល​ដល់​មន្ត្រី​យោធា​មួយរូប​ទៀត​នៅក្នុង​ខេត្តបាត់ដំបង​។ នេះ​បើ​យោងតាម​អត្ថបទ​ព័ត៌មាន​មួយ​ដែល​ចុះផ្សាយ​ដោយ​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា មន្ត្រី​យោធា​ផ្នែក​សឹក​រង​នោះ ជា​ម្ចាស់​ក្លិប​កម្សាន្ត​ឈ្មោះ ស្តា​ឡៃ​។​

​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​បញ្ជាក់ថា ការរកឃើញ​បណ្តាញ​ជួញដូរ​គ្រឿង​ញឿ​ន​បន្ថែមទៀត កើតឡើង​ក្រោយពី​មាន​ចម្លើយ​របស់​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ និង​ការស្រាវជ្រាវ​បន្ថែម​របស់​សមត្ថកិច្ច​។​

​កាលពី​ថ្ងៃទី​៩ ខែមករា សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដោយ​សហការ​ជាមួយនឹង​កម្លាំង​ជំនាញ បាន​បង្ក្រាប​ខារ៉ាអូខេ​មួយកន្លែង យីហោ ដឹ​សោ​ន ហ្វា​មី​លី ខេ​ធី​វី ដោយបាន​រកឃើញ​មានការ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ខារ៉ាអូខេ​នោះ​។ មនុស្ស​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន ដែល​ក្នុងនោះ​ក៏មាន​ម្ចាស់​ទីតាំង​កម្សាន្ត និង​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ​ផងដែរ​។​

​គេហទំព័រ​ខាងលើ បាន​សរសេរ​ពន្យល់​ប​ន្ត​ថា នៅមុន​ពេល​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​នៅ​ហាង​ខារ៉ាអូខេ​នោះ ថៅកែ​ក្លិប​កម្សាន្ត​ស្តា​ឡៃ បានមក​កាន់​ទីតាំង​ខាងលើ​នេះដែរ ដើម្បី​យក​ថ្នាំញៀន​ប្រភេទ​កាហ្វេ ពី ថៃ នរៈ​ពិ​ទូ យកទៅ​ចែកចាយ​ក្នុង​ក្លិប​កម្សាន្ត​របស់ខ្លួន ដោយ​មួយកញ្ចប់​មានតម្លៃ​ចាប់ពី​៧០​ដុល្លារ​ដល់​២៥០​ដុល្លារ​៕

ថ្មី​ៗ
អត្ថបទ : រ៉ឹម ភារី

No comments: