ជាតិ

វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នឹង​ដំណើរការ នៅ​ដើមឆ្នាំ​២០១៨ ហើយ​រយៈពេល ៤០​ឆ្នាំ គម្រោង​នេះនឹង​ប្រគល់ជូន​រដ្ឋាភិបាល​



​ស្ទឹងត្រែង: ស្ទឹងត្រែង វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែលមាន​អនុភាព​តម្លើង ៤០០ មេ​ហ្គា​វ៉ា​ត់ នឹងដាក់​ឲ្យ​ដំណើរការ ជា​លើកដំបូង​របស់ខ្លួន នា​ដើមឆ្នាំ​២០១៨ ហើយ​ថាមពល​ផលិត ១.៩១២ លាន​គីឡូវ៉ាត់ម៉ោង​។ ជា​មធ្យម​ក្នុង​១​ឆ្នាំ ថ្លៃ​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​ថេរ ៦,៩៥ សេន​អាមេរិក ក្នុង ១ គីឡូវ៉ាត់ម៉ោង ក្នុង​រយៈពេល ៤០ ឆ្នាំ ដោយមាន​ទំហំ​វិនិយោគ របស់​ក្រុមហ៊ុន ចំនួន​បី ចំនួន ៧៨១,៥២ លាន​ដុល្លារ​អាមេរិក​។ ក្រោយពី​ដំណើរការ រយៈពេល​៤០​ឆ្នាំ គម្រោង​ទំនប់​វា​រី​អគ្គិសនី​នេះ នឹងត្រូវ​ប្រគល់ជូនរ​ដ្ឋា​ភិ​បាល ជា​អ្នកគ្រប់គ្រង​ទាំងស្រុង​។​​នេះ​បើតាម​ការផ្សព្វផ្សាយ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​។​

បើតាម​ប្រភព​ដដែល បាន​បន្តថា ក្រុមហ៊ុន​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិតក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បានចាប់ផ្តើម ទប់ទឹក​ទំនប់ ជា​លើកដំបូង​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ សាងសង់​អស់​រយៈពេល ជាច្រើន​ឆ្នាំ និង​ជិត​រួចរាល់​ជា​ស្ថាពរ​។​

​អ្នកជំនាញ​សាងសង់ បាន​ប្រាប់​ឱ្យដឹងថា ការសាងសង់​ទំនប់ សេ​សាន​ក្រោម​២ បានចាប់ផ្តើម កាលពី​ខែមករា ឆ្នាំ​២០១៣ មក នៅពេលនេះ សម្រេចបាន​ស្ទើរ​ទាំងស្រុង​ហើយ ដូចជា​ទំនប់​ដី ទាំង​ផ្នែក​សងខាង សាងសង់​បាន ៨៧,៣ ភាគរយ​។ ទំនប់​បង្ហៀរទឹក សម្រេចបាន ការសាងសង់ ៩៩,៩ ភាគរយ​។ ទំនប់​ផលិត​ថាមពល​អគ្គិសនី សម្រេចបាន ការសាងសង់ ៩៨,៩​ភាគរយ​។ ទំនប់​បេតុង សម្រេចបាន​ការសាងសង់ ៩៩,៨ ភាគរយ និង​ទួ​ទំនប់ ទាំងមូល​សម្រេចបាន ៨៨,២៥ ភាគរយ​។​

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បន្តថា វា​រី​អគ្គិសនី​នេះ មាន​ផ្ទៃ​រងទឹក​ភ្លៀង ផ្តល់​ប្រភពទឹក​ឲ្យ មាន​ទំហំ​សរុប ៤៩.២០០ គីឡូម៉ែត្រ​ការ៉េ ដែល ២ ភាគ ៣ ឋិត​នៅលើ​ខ្ពង់រាប នៃ​ប្រទេស​វៀតណាម ដែលជា​ប្រភពទឹក នៃ​ទន្លេសេសាន និង​ទន្លេស្រែពក រួច​នៅ​ទីនោះ រដ្ឋាភិបាល​ប្រទេស​វៀតណាម បាន​សាងសង់ ទំនប់​វា​រី​អគ្គិសនី ចំនួន ១១ កន្លែង​រួចហើយ គឺ ៧ កន្លែង នៅលើ​ទន្លេសេសាន និង ៤ កន្លែង នៅលើ​ទន្លេស្រែពក ដូច្នេះ​ប្រភពទឹក​មួយផ្នែកធំ របស់​ទន្លេ​ទាំង​២ ត្រូវបាន​ទំនប់​ទាំង ១១ កន្លែង​ខាងលើ ទប់​ទុក​រួចហើយ ធ្វើ​ឲ្យ​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ របស់​កម្ពុជា មិនចាំបាច់​បង្កើត​អាង​ស្តុក​ទឹកធំ ដែល​លិច​ផ្ទៃដី​ច្រើនពេក​ទេ គឺ​ដូច្នេះហើយ​អាង​វា​រី​អគ្គិសនី សេ​សាន​ក្រោម ២ នេះ បានគ្រោង​កម្ពស់​ទឹក ក្នុង​អាង​ប្រែប្រួល​ត្រឹមតែ ១ ម៉ែត្រ​ប៉ុណ្ណោះ​គឺ​ពី ៧៤​ម៉ែត្រ ទៅ ៧៥​ម៉ែត្រ ។ ការគ្រោង​ដូច្នេះ នឹង​ផ្តល់នូវ​ផលប្រយោជន៍ ដែល​អាច​បំបាត់​នូវ​បញ្ហា​ឡើង​កម្ពស់​ទឹក​គំហុក ដែល​ធ្លាប់មាន​កន្លងមក ដោយសារ​វៀតណាម បើកទ្វារ​ទឹក​ស្ថានីយ​វា​រី​អគ្គិសនី របស់គេ​ម្តងៗ និង​សម្រួល​ដល់ ការធ្វើ​ចរាចរណ៍​ផ្លូវទឹក ព្រមទាំង​ការប្រើប្រាស់​ទឹក នៅ​តំបន់​ជុំវិញ​អាងទឹក​ផងដែរ ។​

​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង គឺជា​ទំនប់​ដែល​ធំជាងគេ ក្នុងប្រទេស​កម្ពុជា មាន​កម្លាំង​អនុភាព​រហូតដល់ ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង ។ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺជា​ការវិនិយោគ​រួមគ្នា ដោយ​ក្រម​ហ៊ុន​វិនិយោគ មកពី​ប្រទេស​ចិន Hydrolancang International Energy មាន​ភាគហ៊ុន ៥១ ភាគរយ​។ ក្រុមហ៊ុន​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា​គិត ម៉េង មាន​ភាគហ៊ុន ៣៩ ភាគរយ និង​ក្រុមហ៊ុន EVN មកពី​ប្រទេស​វៀតណាម មាន​ភាគហ៊ុន ១០ ភាគរយ សរុប​ទឹកប្រាក់​វិនិយោគទុន ជិត​៨០០​លាន​ដុល្លារ​។​

​ចំណែក​ផ្ទៃដី​សំអាត​បាត​អាង មាន​ទំហំ​៣​ម៉ឺន​៦​ពាន់​ហិកតា និង​មាន​កម្ពស់​ទំនប់ សរុប​៨០​ម៉ែត្រ ក្នុងនោះ​កម្ពស់​៧៥​ម៉ែត្រ គឺជា​កម្ពស់​សម្រាប់​ទប់​ទឹក​។ ដោយឡែក កម្ពស់​៥​ម៉ែត្រ​ទៀត សម្រាប់​ការពារ​ហានិភ័យ ពី​កម្រិត​កម្ពស់​ទឹក​ខ្ពស់ ដែល​យូរៗ ហូរ​ជ្រុល កើតមាន​ម្តងម្កាល​នៃ​ទំនប់​។​

​គេ​អាច​នឹង​ឱ្យ​ដំណើរការ នៅ​ទួ​ប៊ី​នទី​១ នៅ​ចុងឆ្នាំ​២០១៧ មាន​កម្លាំង​ថាមពល ប្រហែលជា ៥០ មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ចុងឆ្នាំ​២០១៨ ទួ​ប៊ី​ន សរុប​ទាំង​៨ នៃ​វា​រី​អគ្គិសនី អាច​ដំណើរការ​ពេញលេញ ប្រើ​ថាមពល​សរុប ៤០០ មេ​ហ្គា​វ៉ា​ត់​ម៉ោង​។​

​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ក្រោយពី​ដំណើរការ​រួចរាល់ អាច​នឹង​ផ្តល់ប្រាក់​ចំណូល​ពន្ធ ដល់​រាជរដ្ឋាភិបាល បាន​ប្រមាណ ៣០ លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​។ យោងតាម​កិច្ចព្រមព្រៀង រវាង​ក្រុមហ៊ុន​វិនិយោគ និង​រាជរដ្ឋាភិបាល បន្ទាប់ពី​ដំណើរការ រយៈពេល​៤០​ឆ្នាំ គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នឹងត្រូវ​ជូន​រដ្ឋាភិបាល ជា​អ្នកគ្រប់គ្រង​៕



CEN
ដោយ: ដាវុធ

No comments: