
ភ្នំពេញ: សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) និងគាំទ្រកម្ពុជា ក៏សន្យាថា នឹងផ្តល់ជំនួយ ក្នុងការវិភាគលើ ការចរចានានា ដើម្បីទាញយក ផលប្រយោជន៍ សម្រាប់ប្រទេស អភិវឌ្ឍន៍តិចតួច ដូចជា ការនាំចេញដោយរួចពន្ធ និងមិនជាប់កូតា ការទទួលបាន ភាពអនុគ្រោះ លើវិធានប្រពភដើមទំនិញ និងផលប៉ះពាល់ ដែលកើតចេញមក ពីការធ្វើពាណិជ្ជកម្មសេរី រវាងអាស៊ាន និងសហគមន៍អឺរ៉ុប។
បើតាមក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែមករានេះ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួយលោកបណ្ឌិត មូគីសា គីទូយី (Dr. Mukhisa Kituyi) អគ្គលេខាធិការនៃ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ក្នុងគោលបំណងស្នើសុំឲ្យ UNCTAD ជួយជ្រោមជ្រែងគាំទ្រកម្ពុជា ក្នុងការងារជាប្រធាន សម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍ តិចតួច ក៏ដូចជា ស្នើសុំជំនួយបច្ចេកទេសនានា និងអញ្ជើញលោកបណ្ឌិត មូគីសា គីទូយី ចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលនឹងប្រារព្ធធ្វើ នៅប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧ នេះ។
ជាលទ្ធផលលោកបណ្ឌិត មូគីសា គីទូយី បានផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង លើសេចក្តីសម្រេច របស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលបានជ្រើសរើសកម្ពុជា ឲ្យធ្វើជាប្រធាន ហើយលោកក៏បានវាយតម្លៃខ្ពស់ ដល់គោលបំណងរបស់កម្ពុជា ក្នុងការបង្កើតស្ថានបេសកកម្មថ្មី។ លើសពីនេះ UNCTAD ក៏សន្យាថា នឹងផ្តល់ជំនួយ ក្នុងការវិភាគលើ ការចរចានានា ដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដូចជា ការនាំចេញដោយរួចពន្ធ និងមិនជាប់កូតា (Duty Free-Quota Free) ការទទួលបានភាពអនុគ្រោះ លើវិធានប្រពភដើមទំនិញ និងផលប៉ះពាល់ ដែលកើតចេញមកពី ការធ្វើពាណិជ្ជកម្មសេរី រវាងអាស៊ាន និងសហគមន៍អឺរ៉ុប។
ទាក់ទងនឹងជំនួយបច្ចេកទេស លោកបណ្ឌិត មូគីសា គីទូយី ក៏បានផ្តល់អ្នកជំនាញការមួយរូបគឺលោក ស្តេហ្វាណូ អ៊ីណាម៉ា (Stephano Inama) ដើម្បីបន្តជួយលើការងារ ទាក់ទងនឹងវិធានប្រភពដើមទំនិញ និងការកំណត់ទីតាំងភូមិសាស្ត្រទំនិញ (Geographical Indication) ដូចជាស្ករត្នោតកំពង់ស្ពឺ ម្រេចកំពត ហើយលោកបណ្ឌិត មូគីសា គីទូយី ក៏បានសន្យាថា នឹងពិចារណាលើការផ្តល់ជំនួយ បច្ចេកទេស សម្រាប់ធ្វើការវិភាគ ក្នុងការដាក់ទំនិញ ផ្កាអំបិល ជាទំនិញកំណត់ទីតាំងភូមិសាស្ត្រ តាមសំណើរបស់ លោករដ្ឋមន្ត្រី ផងដែរ៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment