
ភ្នំពេញ ៖ “ផ្កាស្លាក្រោមអង្គការ” គឺជាទស្សនីយភាពរបាំសហសម័យ បង្ហាញពីការបង្ខំឲ្យរៀបការក្នុងសម័យខ្មែរក្រហម ត្រូវបានសម្ដែងជូនទស្សនាដោយមិនគិតថ្លៃ ដោយក្រុមសិល្បៈសុភីលីន និងរៀបចំដោយអង្គការក្ដីករុណា នៅសាលមហោស្រពចតុមុខ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។
ការសម្ដែងនេះ គឺបកស្រាយពីការរៀបរាប់ផ្ទាល់មាត់ ពីអ្នកដែលនៅសល់ពីស្លាប់ដែលត្រូវបានបង្ខំឲ្យរៀបការនៅក្នុងសម័យខ្មែរក្រហម។ វាគឺជាគម្រោងសំណង់ ដែលស្នើឡើងជាផ្លូវការ នៃប្រព័ន្ធតុលាការអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងគោលបំណងដើម្បីផ្ដល់ប្រយោជន៍ ដល់ដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០។
“ផ្កាស្លាក្រោមអង្គការ” គឺស្វែងរកការចងចាំ និងចងក្រងបទពិសោធន៍ជាឯកសារ នៃការបង្ខំឲ្យរៀបការ និងទម្រង់ដទៃទៀតនៃអំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងការអប់រំសហគមន៍ និងសាធារណជនអំពីផលប៉ះពាល់ និងវិធីដើម្បីងើបឡើងវិញនៃអ្នកនៅរស់រានមានជីវិត។
អ្នកស្រី ជាម-សាភារ៉ូ ដែលជាគ្រូបង្ហាត់របាំ បានឲ្យដឹងថា “ជាក្មេងម្នាក់នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានដឹងអំពីការបង្ខំឲ្យរៀបការ ប៉ុន្តែខ្ញុំមិនបានយល់ច្បាស់ពីផលប៉ះពាល់ អំពីការរំលោភបំពាននេះទេ។
អ្នកស្រីបន្តទៀតថា “តាមរយៈគម្រោងនេះ ដោយជួបជាមួយអ្នកនៅរស់រានមានជីវិត និងបានស្ដាប់ពីរឿងរ៉ាវរបស់ពួកគេ ខ្ញុំទទួលបានការយល់ដឹងច្រើន ពីផលវិបាកធ្ងន់ធ្ងរពីគោលនយោបាយនេះ និងផលប៉ះពាល់យូរអង្វែងទៅលើសង្គម។ វាពិតជាចម្លែកណាស់ ខ្ញុំទើបបានដឹងនៅពេលនោះដែរថា ប្អូនស្រីបង្កើតរបស់ខ្ញុំ ត្រូវបានគេបង្ខំឲ្យរៀបការជាមួយអ្នក ដែលគាត់មិនដែលស្គាល់ទាល់តែសោះ។ គាត់បានរត់គេចខ្លួននៅពេលនោះ តែសំណាងណាស់គេចាប់មិនបាន។ គាត់មិនដែលប្រាប់ខ្ញុំទាល់តែសោះពីមុនមក។
ដូចជាគម្រោងសិល្បៈផ្សេងៗទៀតរបស់ អ្នកស្រី ជាម-សាភារ៉ូ ផ្កាស្លាក្រោមអង្គការ បានប្រើប្រាស់ឧបករណ៍តន្ត្រីបុរាណខ្មែរ ប្រគំបទភ្លេងដែលនិពន្ធដោយលោកបណ្ឌិត ហ៊ឹម សុភី អ្នកនិពន្ធបទភ្លេងដ៏ឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា។ ចំណែកសម្លៀកបំពាក់ ដែលប្រើប្រាស់ក្នុងការសម្ដែងត្រូវបានរចនាដោយលោក រ៉េមមី ហ៊ូ ដែលជាជាងរចនាម៉ូតល្បីឈ្មោះម្នាក់ដែរនៅកម្ពុជា៕




កម្ពុជាថ្មី
បូរិន
No comments:
Post a Comment