
លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា ត្រូវបានលោកហ្សង់ក្លូដ ពាំបឹហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសិល្ប:និងអក្សរសាស្ត្រ ថ្នាក់អស្សឫទ្ធិ។ ពិធីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែមករា នៅស្ថានទូតបារាំង ដោយមានការចូលរួមពីសំណាក់លោក ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនេះ ឯកអគ្គរដ្ឋទូតបានលើកឡើងពីការប្រឹងប្រែង របស់លោក ហុក សុទ្ធិ ក្នុងការលើកតម្កើងវិស័យអប់រំ និងការប្រយុទ្ធប្រឆាំងអនក្ខរភាពនៅកម្ពុជា។ កើតនៅឆ្នាំ១៩៦៧ លោកបានឆ្លងកាត់វ័យកុមារភាពនៅក្នុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម។ ដោយសហការជាមួយលោកស្រី Marie Desplechin និងអ្នកគំនូរច័ន លោកសុទ្ធិបានចងក្រងសៀវភៅមួយក្បាលមានចំណងជើងថា « សុទ្ធិ » បោះពុម្ពឆ្នាំ២០១៦ ដើម្បីរៀបរាប់ប្រវត្តិអតីតកាលដ៏ជូរចត់នេះ។
លោក ហុក សុទ្ធិ បានចូលបម្រើការងារនៅអង្គការស៊ីប៉ានៅឆ្នាំ១៩៩៥ ក្នុងនាមជាទីប្រឹក្សាផ្នែកទំនាក់ទំនងនិងគរុកោសល្យ។ បន្ទាប់មក លោកក្លាយទៅជាអ្នកសម្របសម្រួលកម្មវិធីបណ្ណាល័យរបស់អង្គការ ដោយបានជួយបណ្តុះបណ្តាលបណ្ណារក្សជាង២ ៥០០នាក់នៅទូទាំងប្រទេស មុនពេលក្លាយទៅជាប្រធាន អង្គការស៊ីប៉ានៅឆ្នាំ២០០៤។
ក្នុងអំឡុងឆ្នាំ២០០០ លោកបានបង្កើតកម្មវិធីបោះពុម្ពសៀវភៅជាភាសាខ្មែរសម្រាប់យុវជន។ ជាមួយក្រុមការងារស៊ីប៉ា លោកបានរួមចំណែកធ្វើអោយអង្គការនេះក្លាយទៅជាអង្គការគម្រូមួយនៅក្នុងវិស័យអប់រំ និងការលើកស្ទួយការអាន។ ដោយឡែក លោកក៏បានចូលរួមយ៉ាងច្រើនផងដែរក្នុងសកម្មភាពរបស់អង្គការក្នុងស្រុកនានាដែលធ្វើការលើទិសដៅរួម គឺការលើកកម្ពស់ការអាន និងការទទួលបានការអប់រំសម្រាប់ទាំងអស់គ្នា។
ការបំពាក់គ្រឿងឥស្សរិយយសិល្ប:និងអក្សរសាស្ត្រនេះ គឺជាសក្ខីភាពនៃការកោតសរសើររបស់ប្រទេសបារាំងចំពោះវីរិយភាពគម្រូរបស់លោក ហុក សុទ្ធិ។ គួរបញ្ជាក់ថា គ្រឿងឥស្សរិយយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដើម្បីលើកទឹកចិត្តដល់បុគ្គលទាំងឡាយណាដែលមានស្នាដៃបង្កើតថ្មីលេចធ្លោក្នុងវិស័យសិល្ប: ឬអក្សរសាស្ត្រ ក៏ដូចជាបុគ្គលដែលបានរួមចំណែកលើកតម្កើងសិល្ប: និងអក្សរសាស្ត្រនៅក្នុងប្រទេសបារាំង និងក្នុងពិភពលោក ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment