
ភ្នំពេញ ៖ ស្របពេលជាមួយគ្នា ដែលខ្សែភាពយន្តភាគរបស់ខ្មែររឿង បំណុលជីវិត ត្រៀបចាក់បញ្ចាំងជាផ្លូវការនៅលើស្ថានីយទូរទស្សន៍បាយ័ននារាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ក៏មានខ្សែភាពយន្តរឿងភាគខ្មែរថ្មីមួយទៀតជាស្នាដៃផលិតនិពន្ធរបស់ផលិតកម្មមហាហង្សគឺរឿង ព្យុះជីវិតចិត្តអ្នកលេង ត្រៀមនឹងបង្ហាញវត្តមានផ្លូវការនារាត្រីថ្ងៃទី០២ ខែកុម្ភៈ នេះផងដែរ។
ខ្សែភាពយន្តភាគរបស់ខ្មែរ ដែលនឹងចាក់បញ្ចាំងស្របគ្នាជាមួយរឿង បំណុលជីវិត គឺរឿង ព្យុះជីវិតចិត្តអ្នកលេង របស់ផលិតកម្មមហាហង្សនេះ ជាប្រភេទរឿងដែលបង្កប់នូវអត្ថន័យបែបកាច់កុង ឌឺដង ក្និកក្នក់ ច្រណែនឈ្នានីស និងកំប្លែងសើច ដោយមានវត្តមានតារាល្បីៗប្រុស-ស្រីជាច្រើនចូលរួមសម្តែងបង្កឲ្យមានលក្ខណៈចាប់អារម្មណ៍ចង់តាមដានស្ទើរមិនដាក់ភ្នែកពីមហាជន។
ភាពយន្តរឿង ព្យុះជីវិតចិត្តអ្នកលេង គឺជាស្នាដៃនិពន្ធដោយចាងហ្វាងផលិតកម្មមហាហង្សដោយផ្ទាល់គឺលោក អ៊ិន សុភិន ខណៈខ្សែភាពយន្តនេះមានការចូលរួមសម្តែងដោយតារាល្បីៗដូចជា៖ លោក ហេង នរៈសក្កដា ,លោក ចន អេឡិចដាហ្វី ,កញ្ញា លឹម មួយហ្គេច ,កញ្ញា ណា សាឌី ,លោក ជា សំណាង ,កញ្ញា ញឹម ចាន់ថន ,កញ្ញា ម៉ុន ផលចរិយា រួមជាមួយតារាល្បីៗជាច្រើនដួងទៀត។
រឿង ព្យុះជីវិតចិត្តអ្នកលេង ដែលជាស្នាដៃថ្មីរបស់ផលិតកម្មមហាហង្សគឺនឹងមានការចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍បាយ័ននារាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះចាប់ពីវេលាម៉ោង ៨ដល់ម៉ោង៩ យប់ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ពោលគឺបន្ទាប់ពីរឿង បំណុលស្នេហ៍។
សូមបញ្ជាក់ថា វណ្ណកម្មថ្មីរឿង ព្យុះជីវិតចិត្តអ្នកលេង ដែលត្រូវចាក់បញ្ចាំងនៅលើស្ថានីយទូរទស្សន៍បាយ័ននេះជារឿងដែលផ្តោតលើបុរសតែងមានចរិតជាស្រី ហើយតួស្រីវិញបែរជាមានចរិតជាប្រុសចូលចិត្តធ្វើខ្លួនប្លែកៗនៅស្រុកស្រែ ដែលមានចរិតបែបអ្នកជនបទ និងមិនជឿលើខ្លួនឯងថាមានឱកាសក្លាយជាតារាល្បីឡើយ៕
កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment