
ស្វាយរៀង: កូនចៅប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ប្រមា ណជាង ៣០០ នាក់ កំពុងប្រឈមទៅនឹងភាពអត់ការងារធ្វើ ខណៈក្រុមហ៊ុនដែ លរកស៊ី នៅតាមច្រកទ្វារព្រំដែនប្រាសាទ ហៅ តានយ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត បានបិទទ្វារ លែងដំណើរការ ដោយសារការរឹតបន្តឹង លែងឱ្យភ្ញៀវវៀតណាម ចេញចូលឆ្លងកាត់ ដោយរលូន ដូចកាលពីមុន។
តាមសម្តី របស់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បានឱ្យដឹងថាៈ នាពេលកន្លងមក នៅច្រកទ្វារព្រំដែនប្រាសាទ ជារៀងរាល់ថ្ងៃ តែងមានទំនិញចេញចូល ហើយជា ពិសេសជាងនេះទៅទៀតនោះ គឺមានភ្ញៀវវៀតណាម ចេញចូលឆ្លងកាត់ មកខាងកម្ពុជា ដោយរលូន ហើយនៅតំបន់នេះ ក៍មានខាងក្រុមហ៊ុនមួយចំនួន បានមកបើកកន្លែងរកស៊ី ហើយបានផ្តល់ឱកាស ឱ្យកូនចៅរបស់ប្រជាពលរដ្ឋ ប្រមាណជាង ៣០០ នាក់ មានការងារធ្វើ ទទួលបានប្រាក់កំរៃ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយពុំចាំបាច់ធ្វើចំណាកស្រុក ទាំងប្រថុយ ប្រថាននោះឡើយ។
ប្រភពដដែល បានឱ្យដឹងទៀតថាៈ ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន ច្រកទ្វារព្រំដែនកម្ពុជា. វៀតណាម ប្រាសាទ ឬតានយ សង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវបានបិទ លែងឱ្យភ្ញៀវវៀតណាម ចេញចូលបាន ដូចកាលពីមុនទៀតឡើយ ជាហេតុ ធ្វើឱ្យប៉ៈពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ហើយកូនចៅរបស់ប្រជាពលរដ្ឋ ដែលធ្លាប់មានការងារធ្វើ នៅទីនេះ កំពុងប្រឈមទៅនឹងភាពអត់ការងារធ្វើ ហើយក៍មានអ្នកខ្លះ បានធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ រកលុយសងបំណុលធនាគារ ហើយក៍មានអ្នកខ្លះ ក៍បានលក់ផ្ទះសំបែងផងដែរ។
ដោយឡែក សមត្ថកិច្ច និងលោកចៅសង្កាត់ប្រាសាទ ក៍បានឱ្យដឹងផងដែរថាៈ ចំពោះការឆ្លងដែនចេញចូល របស់ប្រជាពលរដ្ឋ ទាំងសងខាង គឺអនុញ្ញាតបានតែអ្នក ដែលមា នទីលំនៅជាប់ភូមិឃុំជាមួយគ្នា តែប៉ុណ្ណោះ ពីព្រោះដោយសារច្រកទ្វារព្រំដែនប្រាសាទ ជាច្រករបៀង។
ពាក់ព័ន្ធទៅនឹងបញ្ហា ច្រកទ្វារព្រំដែន ប្រាសាទនេះផងដែរ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលខេត្តស្វាយរៀង ក៍បានផ្ញើលិខិត លេខ១៨៩/ ១៦ របក គោរពជូន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ករណីស្នើសុំជួយអន្តរាគមន៍ សម្រួលបើកច្រកទ្វារ ទ្វេភាគីព្រំដែនកម្ពុជា វៀតណាម ដោយយោងដីកាបញ្ជូន លេខ០៨៨៩ ខន/០១៦ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការលើកឡើង របស់ខាងក្រុមហ៊ុន CC Galaxy ថាមានការបិទច្រកទ្វារព្រំដែន ទ្វេភាគីកម្ពុជា វៀតណាម (ច្រកទ្វារតានយ) ជាក់ស្តែង ច្រកទ្វារព្រំដែននោះ ពុំមែនជាច្រកទា្វរទ្វេភាគីនោះទេ គឺគ្រាន់ តែជាច្រកតូចមួយ ដែលប្រជាពលរដ្ឋ ធ្លាប់ធ្វើដំណើរចេញចូល ទៅមករកការងា រធ្វើប្រចាំថ្ងៃ និងដោះដូរផលិតផលកសិផល ជាពិសេសប្រជាជនវៀតណាម មកលេងកម្សាន្ត នៅកាស៊ីណូ នៅតំបន់ព្រំដែននោះ ចូលព្រឹក.ចេញល្ងាច តែប៉ុណ្ណោះ។
ចំពោះការបិទច្រកច្រកព្រំដែនប្រាសាទ (ច្រកតានយ) នេះ គឺរដ្ឋបាលខេត្ត អនុវត្តតាមស្មារតី លេខ៧៧៦ សជណចុះ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការលុបបំបាត់ ច្រករបៀង ដែលកំពុងកើតមាននៅតាមខេត្ត ក្រុងជាប់ព្រំដែន។
ដើម្បីសម្រួលបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ បានធ្វើដំណើរចរាចរណ៍ ទំនិញកសិផល ប្រចាំថ្ងៃ និងពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធជូនរដ្ឋ ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការ ប្រជាជនខេត្តតៃនិញ (វៀតណាម) បានរៀបចំកិច្ចប្រជុំពិនិត្យ លទ្ធភាពបើកច្រកទ្វារ តំបន់ព្រំដែន ចំនួន៤កន្លែង ក្នុងនោះក៍មានច្រកព្រំដែនប្រាសាទផងដែរ ហើយរដ្ឋបាលខេត្ត បានរៀបចំ សំណុំឯកសារ សុំបើកច្រកទ្វារព្រំដែនទាំង ៤ ខាងលើ ទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច។
ដោយឡែក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រី ក៍បានចេញ នូវ ស.ជ.ណ លេខ១០៥៤ របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្ត្រី គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីសំណើ សុំគោលការណ៍ អនុញ្ញាតតម្លើងកម្រិតច្រកទ្វារព្រំដែន និងបង្កើតច្រកទ្វារតំបន់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ដោយយោងលិខិតលេខ ២០៧៧ លស ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ និងចំណាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចយល់ព្រម ទី១.តម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែនបុសមន ទី២.បង្កើតច្រកទ្វារតំបន់ព្រំដែនដូង ទី៣.បង្កើតច្រកទ្វារតំបន់ព្រៃតាអី ទី៤.បង្កើតច្រកទ្វារតំបន់ព្រំដែនខ្សែដែក ទី៥.ជំរុញឱ្យគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនពន្លឿនការងារ កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន នៅតំបន់ព្រំដែនដូង ឱ្យបានឆាប់ និងទី៦.ចំពោះច្រកទ្វាររបៀងប្រាសាទ ដែលមានទីតាំងស្ថិតក្នុងភូមិ កណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវរក្សាស្ថានភាពដដែល។
ហេតុដូចច្នេះហើយ កូនចៅប្រជាពលរដ្ឋ ដែលធ្លាប់មានការងារធ្វើ នៅទីនោះ មានតែគោរព និងសំណូមពរដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយសម្រួល និងពិនិត្យធ្វើយ៉ាងណា អនុញ្ញាតឱ្យមាន ការឆ្លងកាត់របស់ភ្ញៀវ បានដោយរលូន ដូចកាលពីមុនវិញផង ពីព្រោះ បើពុំដូច្នេះទេ កូនចៅរបស់ប្រជាពលរដ្ឋ ប្រមាណជាង ៣០០ នាក់ ប្រាកដជាអស់ការងារធ្វើ នឹងត្រូវចំណាកស្រុក ជាក់ជាពុំខានឡើយ៕
CEN
ដោយ: ចន្ទ្រា
No comments:
Post a Comment