
សៀមរាប៖ ក្នុងបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាញ់ធ្នូខ្មែរឡើងវិញ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា (Royal Archery Club Cambodia) ត្រូវបានបង្កើតឡើង។ នេះជាសេវាកម្មទេសចរណ៍ថ្មីទៀត សម្រាប់បម្រើដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តសៀមរាប ដែលក្រៅពីទស្សនាប្រាង្គប្រាសាទ ពួកគេក៏អាចមានឳកាសរៀនបាញ់ធ្នូបុរាណ និងសម័យ នៅក្លឹបបាញ់ធ្នូភូមិន្ទកម្ពុជាដែរ។
ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ត្រូវបានបង្កើតឡើងដោយយុវជនមួយក្រុម ដែលស្រឡាញ់ និងចូលចិត្តកីឡាបាញ់ធ្នូ។ ដោយការស្រឡាញ់ យុវជនទាំងនោះក៏មានបំណងលើកកម្ពស់វិស័យកីឡាធ្នូខ្មែរ ដែលកំពុងចាប់ផ្តើមងើបឡើងវិញ ក៏ដូចជាបង្ហាញដល់សាធារណជនឲ្យស្គាល់ពីកីឡាដ៏អស្ចារ្យរបស់ខ្មែរមួយនេះ។
លោក សា ឌីណា អគ្គនាយកនៃក្លឹបបាញ់ធ្នូភូមិន្ទកម្ពុជា បានប្រាប់សារព័ត័មានថ្មីៗថា៖« តាមពិតវាកើតឡើងដោយសារការស្រឡាញ់។ ខ្ញុំនិងមិត្តឯទៀត សុទ្ធតែចូលចិត្ត និងធ្លាប់ចូលរួមបាញ់ធ្នូកាលពីនៅក្មេង ហើយការបង្កើតនេះស្របពេលដែលសហព័ន្ធកីឡាបាញ់ធ្នូ ចាប់ផ្តើមមានសកម្មភាពឡើងវិញ»។ លោក ឌីណា បន្ថែមថា ក្លឹបបាញ់ធ្នូរបស់លោក ក៏នឹងត្រៀមខ្លួនដើម្បីប្រកួតប្រជែងនៅថ្នាក់ជាតិ ជាពិសេសសម្រាប់ចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាសហការនិងអ្នកជំនាញលើវិស័យបាញ់ធ្នូ ក៏ដូចជាមានគ្រូបង្គោលដើម្បីបណ្តុះបណ្តាលជំនាញមួយនេះ។ អ្នកដែលអាចចូលបាញ់ធ្នូបាន គឺមិនគិតពីអាយុក្មេងចាស់នោះទេ សំខាន់ឲ្យតែពួកគេមានចំណាប់អារម្មណ៍ ស្រឡាញ់ ចូលចិត្ត ពិសេសមានកាយសម្បទារឹងមាំ។
តាមការបញ្ជាក់របស់លោក ឌីណា ក្លឹបរបស់លោកមានបង្ហាត់បាញ់ធ្នូបុរាណ និងសម័យ ទៅតាមចំណូលចិត្តរបស់ភ្ញៀវ។ លោក ឌីណា បន្ថែមថា៖« យើងមានដាក់សត្វសិប្បនិម្មិត គឺដូចសត្វព្រៃមែនទែនអ៊ីចឹង សម្រាប់ឲ្យភ្ញៀវបាញ់។ គោលបំណងរបស់យើង គឺចង់ផ្តាស់ប្តូរការគិតរបស់មនុស្សពីការបាញ់សត្តដែលវមានជីវិត មកបាញ់សត្វសិប្បនិម្មិត ព្រោះអាចបាញ់បានដូចគ្នា ហើយវាបានផ្តល់ជាការកម្សាន្តបានដូចគ្នា»។
ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា មានទីតាំងនៅបណ្តោយផ្លូវកូម៉ៃ ឫស្ថិតនៅខាងក្រោយសង្វៀនប្រដាល់ ស៊ីធីអិន ក្បែរសណ្ឋាគារ ស៊ូហ្វីតែល ភូគីត្រាអង្គរ។ តម្លៃសម្រាប់ភ្ញៀវទេសចរជាតិ ក្នុងម្នាក់ថ្លៃ ៧ដុល្លារ និងបរទេសថ្លៃ ១២ដុល្លារ ក្នុងរយៈពេល១ម៉ោងនិង៣០នាទី។ អំឡុងពេលនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ២៥%។ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ក៏មានដាក់លក់ទាំងធ្នូបុរាណ និងសម័យដ៏សម្បូរបែបផងដែរ។
សម្រាប់ភ្ញៀវទេសចរដែលចាប់អារម្មណ៍នឹងកីឡាបាញ់ធ្នូ លោកអ្នកអាចទាក់ទងមកកាន់ក្លឹបបាញ់ធ្នូភូមិន្ទកម្ពុជា តាមរយៈអាស័យដ្ឋានតាមហ្វេសប៊ុកផេកRoyal Archery Club - Cambodia គេហទំព័រ royalarcheryclub.com ឫតាមរយៈលេខទូរសព្ទ ០៧៧ ៩៩៦ ១៧២, ០៩៦ ៥៣៣ ៣៣៣ ៨, ០៨៨ ៥៣៣ ៣៣៣ ៨៕

ថ្មីៗ
អត្ថបទ : ទេព ម៉ាន់នី
No comments:
Post a Comment