ជាតិ

លោក ជួន សុវណ្ណ​៖ ត្រពាំង​ឈូក​មិនមែនជា​តំបន់​គ្រឿងញៀន​ដែល​មិនអាច​គ្រប់គ្រង​នោះទេ​



ភ្នំពេញ​៖ ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​នៅតែ​អាច​គ្រប់គ្រង​តំបន់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រពាំង​ឈូក ទោះបីជា​តំបន់​ដែលមាន​សកម្មភាព​គ្រឿងញៀន លេចធ្លោ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​នេះ មាន​ភូមិសាស្ត្រ​អនាធិបតេយ្យ​ក្តី​។​

​ក្រោយ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​រយៈពេល​១​ខែ លោក ជួន សុវណ្ណ បាន​ប្តេជ្ញា​អនុវត្តតាម​ប្រសាសន៍​សម្តេច ស ខេង ប្រធាន​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដែល​ជំរុញ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​លុបបំបាត់​តំបន់​ប្រើប្រាស់ គ្រឿងញៀន​ត្រពាំង​ឈូក ជាដាច់ខាត​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​រូបនេះ បាន​បង្ហើប​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២​ខែកុម្ភៈ​នេះ​ថា កម្លាំង​នគរបាល បាន​សម្គាល់​មុខសញ្ញា​មេខ្លោង​ជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ច្បាស់លាស់​រួច​អស់ហើយ នៅតាម​មូលដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​ប៉ុន្តែ លោក​ទទួលស្គាល់ថា សមត្ថកិច្ច​ពុំទាន់​អាច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​លួចលាក់​ខ្លាំង​ក្នុង​មូលដ្ឋាន​ទាំងអស់​នោះទេ​។​

​លោក ជួន សុវណ្ណ បាន​លើក​ករណី​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​តំបន់​ត្រពាំង​ឈូក ដែល​ទល់មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ ឬ​ពេទ្យ​ព្រះសង្ឃ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ថា សមត្ថកិច្ច​លំបាក​បង្ក្រាប​បទល្មើស​ក្នុង​តំបន់​នេះ​ណាស់ ពីព្រោះ​វា​មាន​សំណង់​អនាធិបតេយ្យ​លំបាក​គ្រប់គ្រង​ច្រើន​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​១ ប្រចាំ​ខែមករា និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​រដ្ឋាភិបាល​ស្ដីពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅថ្ងៃនេះ​លោកនាយក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ដូច្នេះ​៖«​នៅពេល​កម្លាំង​យើង (​សមត្ថកិច្ច​) ចុះ​អនុវត្ត​វិធានការ​បង្ក្រាប​ជនល្មើស​តែងតែ​លោត​ចេញពីផ្ទះ​ឈើ ផ្ទះស្លឹក​ហើយ​បណ្តែត​ចូលក្នុង​ទឹក​បឹង​ហើយ​គាស់​ជញ្ជាំង​លោត​ចូល​ទឹក ទោះ​យើង​ក្លំ​ជញ្ជាំង​ជិត​ក៏ដោយ​»​។​

យ៉ាងណា លោក​បាន​បញ្ជាក់ថា លោក​នឹង​ខិតខំ​ជំរុញ​ការលុបបំបាត់​បញ្ហា​គ្រឿងញៀន​ក្នុង​តំបន់​ខាងលើ តាម​ប្រសាសន៍​សម្តេច ស ខេង​។ «​តំបន់​ត្រពាំង​ឈូក​មិនអាច​ក្លាយជា​តំបន់​ដែល​យើង​មិនអាច​គ្រប់គ្រង​បាន​នោះទេ​»​។​ស្នងការ​រាជធានី​ភ្នំពេញ បញ្ជាក់​យ៉ាងខ្លី មុនពេល​បញ្ចប់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​។​

​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ក្រសួងមហាផ្ទៃ​ដែរ​ថា យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នឹងមាន​គុណភាព​ខ្ពស់ ប្រសិនបើ​សមត្ថកិច្ច​អាច​បំបែកសម្បុក​គ្រឿងញៀន​នៅ​ត្រពាំង​ឈូក​ពិតមែន ក្នុង​យុទ្ធនាការ​ដំបូង​នេះ​។​

«​ខ្ញុំ​ថា ក្នុង​រយៈពេល​៦​ខែ ដោះ​បានតែ​បឹង​ឈូក​មួយ​វា​មាន​គុណភាព​ខ្ពស់ បើ​ថា​បឹង​ឈូក​ដោះ​មិន​ចេញ​ទេ កន្លែង​ផ្សេង​ក៏​វា​គ្មាន​ពិសោធន៍​អ្វី​ត្រូវ​ដោះ​បាន​»​។ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅថ្ងៃនេះ​មុន​សម្តេច ស ខេង ជំរុញ​ការងារ​ប្រឆាំង​គ្រឿងញៀន​ជាប្រចាំ​ដើម្បី​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន នៅ​កម្ពុជា​។​

​បន្ថែម​លើសពីនេះ លោក​បានស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​បន្ត​ជំរុញ​ការងារ​ស្រាវជ្រាវ រក​មេខ្លោង និង​ទប់ស្កាត់​ការ​ចរាចរ​គ្រឿង​ញឿ​ន​តាម​តំបន់​គោលដៅ​សំខាន់ៗ​ទាំង​ក្នុងប្រទេស និង​តាម​បណ្តោយ​ច្រកព្រំដែន​ថែមទៀត​។ «​បើ​យើង​ចង់បាន​លទ្ធផល គួរ​មើល​គោលដៅ​»​។​លោក កែ គឹមយ៉ាន បញ្ជាក់​។​

​របាយការណ៍​បូកសរុប​ការបង្ក្រាប​គ្រឿងញៀន​លើក​ទី​១ រយៈពេល​មួយខែ​មករា ឆ្នាំ​២០១៧​នេះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​១,១៤៤​ករណី​ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​ចំនួន ២,៧៧៣​នាក់ (​ស្រី​២៦៧​នាក់​) និង​ចាប់យក​សារធាតុ​ញៀន​បាន​ចំនួន ៩១៤៨.៥៣​ក្រាម រថយន្ត​១១​គ្រឿង ម៉ូតូ​២៥៧​គ្រឿង​ទូរ​សព្ទ​ដៃ​៧០៣​គ្រឿង​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន

No comments: