![]() |
| លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន |
អ្នកច្បាប់លើកឡើងថា ការដែលប្រធានរដ្ឋសភាបណ្តោយឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកវេទកាប្រជុំសភានិយាយលើសម៉ោង ដើម្បីវាយប្រហារបក្សប្រឆាំងនោះ ថាជាការផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងសភា និងបង្ហាញពីភាពលំអៀងមួយ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ៥៩ថ្មី កថាខណ្ឌទីមួយចែងថា តាមធម្មតាតំណាងរាស្ត្រក្នុងក្រុមដែលបានចុះឈ្មោះសុំនិយាយ និយាយបានម្ភៃនាទីយ៉ាងយូរ។ តំណាងរាស្ត្រក្នុងក្រុមដែលគ្រាន់តែសុំឆ្លើយតប និយាយបានតែប្រាំនាទីទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ មករាកន្លងទៅ លោកបានថ្លែងក្នុងកិច្ចប្រជុំរំលាយតួនាទីសំឡេងភាគតិច ដោយលោកចំណាយពេលដល់ទៅជាង៤៥នាទី ដោយពុំឈប់តាមការបង្អាក់របស់លោក ហេង សំរិន ប្រធានរដ្ឋសភានោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ទេ! សម្តេចខ្ញុំសុំថែមបន្តិចទៀត គោះហើយ! បងឯងគោះអំបាញ់មិញ? ទេខ្ញុំសុំថែមបន្តិចទៀត ខ្ញុំអត់ទាន់អស់ទេបង។ បាទ! ខ្ញុំសុំថែមអត់ទាន់អស់ទេបង! ហើយសុំក្រុមរបស់ខ្ញុំម្នាក់២០នាទី ខ្ញុំសុំទាំងអស់ យកមកបូកខ្ញុំនិយាយហ្មង! បងឯងគោះហ្នឹងត្រឹមត្រូវហើយ។ ប្រធានសភាគោះកុំឲ្យសមាជិកសភានិយាយច្រើនពេក»។
ទោះបីជាយ៉ាងណាលោក ហ៊ុន សែន នៅតែបន្តនិយាយដោយគ្មានការហាមឃាត់ឬក៏បិទមេក្រូដូចអ្វីដែលប្រធានសភាធ្លាប់បិទក្បាលមេក្រូមិនឲ្យតំណាងរាស្ត្របក្សប្រឆាំងនិយាយកន្លងមកនោះឡើយទេ។
លោកមេធាវី ហុង គឹមសួន យល់ថាការចំណាយពេលច្រើនហួសពីការកំណត់របស់បទបញ្ជាផ្ទៃក្នុងសភានេះវាជាការបំពានបទបញ្ជារផ្ទៃក្នុងមួយ ហើយការដែលប្រធានរដ្ឋសភានៅតែបណ្តែតបណ្តោយឲ្យសមាជិកខ្លួននិយាយតែឯងនោះវាជារូបភាពមួយមិនល្អ។
លោកថា៖ «ហ្នឹងជាសិទ្ធិរបស់ប្រធានសភាហ្នឹងហ្មង ព្រោះថានៅពេលដល់ការកំណត់ដែលបទបញ្ជាផ្ទៃក្នុង គេកំណត់វិធានផ្ទៃក្នុងហ្នឹងត្រូវតែគោរពសិន។ ប្រសិនជាមានការបន្ថែមអីទៀត គឺត្រូវតែប្រធានសម្រេចសិនដោយសារតែគោលការណ៍ឬក៏វិធានផ្ទៃក្នុងគេឲ្យតែ២០នាទី តែបើចង់បន្តទៀតឬក៏យ៉ាងណា ប្រធានគេសម្រេចយ៉ាងហ្នឹង។ … គាត់(ប្រធានរដ្ឋសភា)ត្រូវតែថ្លែងឲ្យឮនូវប្រសាសន៍របស់គាត់ ព្រោះបីគាត់ជាអ្នកដឹកនាំសម័យប្រជុំដែលមានគោលការណ៍ច្បាស់លាស់។ អញ្ចឹងសមាជិកសភាមួយណាដែលមានប្រសាសន៍លើសពីគោលការណ៍កំណត់គាត់ត្រូវតែបង្ហាញហេតុផល បើគាត់គោះតុ ត្រូវប្រាប់ថាគាត់គោះតុបញ្ឈប់ ឬក៏រញ៉េរញ៉ៃ»។
សម្រាប់នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល លោក គល់ បញ្ញា យល់ថាការដែលបណ្តែតបណ្តោយឲ្យតំណាងរាស្ត្រនិយាយច្រើនលើសពេលកំណត់នេះវាមិនមានអ្វីប្លែកនោះទេ នៅពេលដែលអ្នកតំណាងរាស្ត្រនិងប្រធានរដ្ឋសភាមកពីគណបក្សតែមួយនោះ។ ទោះជាយ៉ាងណា លោកថាការធ្វើបែបនេះវាបង្ហាញថា វិន័យឬក៏បទបញ្ជាទាំងឡាយនោះអនុវត្តមិនដូចគ្នា។
លោកថា៖ «ចុះបើគាត់និយាយតែក្នុងបក្សគាត់ហ្នឹង រឿងអីគាត់បិទសំឡេងបក្សគាត់ធ្វើអី? ព្រោះប្រធានរដ្ឋសភាគាត់មិនមែនជាអ្នកឯករាជ្យឯណា។ អញ្ចឹងទៅការអនុវត្តបទបញ្ជាផ្ទៃក្នុងហ្នឹង គាត់អនុវត្តទន់ភ្លន់ទៅតាមកាលៈទេសៈដែរតើ! បើទាក់ទងនឹងគណបក្សគាត់ហ្នឹង មិនឲ្យគេធ្វើម៉េច! ព្រោះគាត់ជាប្រធានរដ្ឋសភាចេញពីគណបក្សកាន់អំណាច។ នៅប្រទេសខ្លះគេរើសអ្នកឯករាជ្យដូចនៅអង់គ្លេសអីអញ្ចឹងទៅ តែយើងឲ្យធ្វើម៉េច!»។
លោក គល់ បញ្ញា ក៏បានបន្ថែមដែរថា ការនិយាយលើសពេលវេលារបស់នាយករដ្ឋមន្ត្រីអាចមកពីគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាដែរ ទើបធ្វើឲ្យប្រធានរដ្ឋសភាសម្រេចឲ្យសមាជិកដែលមកពីបក្សខ្លួននិយាយរហូតអស់ចិត្តបែបនេះ។ តែលោកថាការមានមតិច្រើនបែបនេះមិនខុសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែខុសបញ្ជាដែលបានកំណត់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ មករានោះ គឺជាការប្រជុំវិសាមញ្ញក្នុងការធ្វើវិសោធនកម្មប្រការ៤៨ថ្មី(បី) លុបចោលតួនាទីសំឡេងភាគតិចនិងសំឡេងភាគច្រើន ដោយការប្រជុំនោះមានតែអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនចូលរួមតែប៉ុណ្ណោះ ខណៈដែលតំណាងរាស្ត្រគណបក្សប្រឆាំងគឺធ្វើពហិកាមិនចូលរួមនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលជាង៤៥នាទី បកស្រាយពីការលុបចោលតួនាទីរបស់លោក កឹម សុខា នៅក្នុងសភា និងវាយប្រហារទៅលើមន្រ្តីបក្សប្រឆាំងមួយចំនួនទាក់ទងរឿងអាស្រូវស្នេហាបុគ្គល ព្រមទាំងព្រមានរឹបអូសទ្រព្យសម្បត្តិ លោក សម រង្ស៊ី រួមទាំងទីស្នាក់បក្សសង្រ្គោះជាតិ ករណីបណ្តឹងបរិហាកេរ្តិ៍៕
VOD
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍

No comments:
Post a Comment