ជាតិ

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សន្យា​សង់​ផ្ទះ​និង​រៀបចំ​ដី​ស្រែ​ចម្ការ​ជូន​ពលរដ្ឋ​ឲ្យ​បាន​មុន​រដូវ​វស្សា

ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ RFA/Chuop Sereyroth

ប្រជាពលរដ្ឋ​ប្រមាណ ៦០​គ្រួសារ​ដែល​យល់ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង មិន​ទាន់​ទទួល​សំណង​ជា​ផ្ទះ និង​ដី​ស្រែ​ចម្ការ​សម្រាប់​រស់នៅ​បង្កបង្កើនផល​នៅ​ឡើយ ខណៈ​ពួក​គាត់​នឹង​ត្រូវ​ជម្លៀស​ពី​ភូមិ​ចាស់​ទៅ​ទីតាំង​ថ្មី។ អ្នក​ភូមិ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ពន្លឿន​សាងសង់​ផ្ទះ និង​ផ្តល់​ដី​ស្រែ​ចម្ការ​សម្រាប់​ការ​ជម្លៀស​ចេញ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។

តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ​ថា នឹង​រៀបចំ​សាងសង់​ផ្ទះ និង​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ផ្តល់​ជា​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​រួច​រាល់​មុន​រដូវ​ធ្លាក់​ភ្លៀង​ឆ្នាំ​២០១៧។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ស្រែគរ ដាក់​សំណើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះ និង​ផ្តល់​ដី​ស្រែ​ចម្ការ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រៀម​ទៅ​រស់នៅ​ភូមិ​ថ្មី។

តំណាង​ក្រុមហ៊ុន លោក អ៊ុំ ប៊ុនរេត បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ​ថា ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទើប​សម្រេច​ចិត្ត​ទទួល​យក​សំណង​នៅ​រដូវ​វស្សា​មុន​នេះ ហេតុ​នេះ​ការ​សាងសង់​ផ្ទះ និង​ឈូស​ឆាយ​ដី​សម្រាប់​ស្រែ​ចម្ការ​ពលរដ្ឋ មិន​អាច​ធ្វើ​បាន​តាម​តម្រូវការ​នៅ​ឡើយ។ លោក​សន្យា​ថា ចាប់​ពី​ពេល​បច្ចុប្បន្ន​រហូត​ដល់​ជិត​រដូវ​ធ្លាក់​ភ្លៀង ផ្ទះ​នឹង​ត្រូវ​សាងសង់​រួច​រាល់ ចំណែក​ដី​ស្រែ​ចម្ការ​បាន​ឈូស​ឆាយ​រួច​ហើយ កំពុង​ត្រៀម​បែងចែក​ជូន​ប្រជាពលរដ្ឋ៖ «ឥឡូវ​ជាក់ស្តែង​យើង​ធ្វើ​ហើយ​តើ! នៅ​តែ​ភ្ជួរ​ទេ ហើយ​និង​បែងចែក​ឡូ និង​ធ្វើ​ផ្លូវ។ យើង​ឈូស​ព្រៃ​ហើយ​ទាល់​តែ​ធ្វើ​ផ្លូវ​ចូល​ទៅ​ដី​កសិកម្ម​ហ្នឹង បាន​យើង​ភ្ជួរ​ដី​ហ្នឹង​បាន។ ការងារ​ហ្នឹង​កំពុង​ធ្វើ​រាល់​ថ្ងៃ មមាញឹក​ណាស់​ពី​ឥឡូវ​រហូត​ដល់​ខែ​វស្សា នៅ​សល់​បួន​ប្រាំ​ខែ​ទៀត។ អ៊ីចឹង​ធ្វើ​ទាន់​ហើយ»។



ក្រុម​ការងារ​សិទ្ធិ​មនុស្ស ចុះ​ពិនិត្យ​ស្ថានភាព​ពលរដ្ឋ​ដែល​ទទួល​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ភូមិ​ស្រែស្រណុក ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr RFA/Men Sothyr
អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង ៤៧០​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង ៥៥០​គ្រួសារ យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦០​គ្រួសារ​មិន​ទាន់​ទទួល​បាន​សំណង​នោះ​នៅ​ឡើយ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​អន្តរាគមន៍​ជូន​អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ករណី​នេះ​ហើយ ក៏ប៉ុន្តែ​ដំណោះស្រាយ​ហាក់​នៅ​យឺត​នៅ​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បារម្ភ​ខ្លាច​ការ​អូស​បន្លាយ​ពេលវេលា​ធ្វើ​ឲ្យ​ពួក​គាត់​ខកខាន​ធ្វើ​ស្រែ​ចម្ការ​នៅ​រដូវ​ធ្លាក់​ភ្លៀង​ឆ្នាំ​២០១៧ នេះ៖ «ក្នុង​នាម​អាជ្ញាធរ​យើង​ប្រឈម​បញ្ហា​ហ្នឹង​ជាង​គេ ទាក់ទង​ការ​យឺតយ៉ាវ​មិន​ទាន់​ដោះស្រាយ ៦០​ករណី​ហ្នឹង។ ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន គឺ​អា​ហ្នឹង​ខ្សោយ​ជាង​គេ»។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ស៊ុយ សែម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រញាប់​សាងសង់​ផ្ទះ និង​ឈូស​ឆាយ​ដី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ទៅ​រស់នៅ​ភូមិ​ថ្មី ឲ្យ​បាន​រួស​រាន់។ លើស​ពី​នោះ លោក​ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ឈើ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សេសសល់​ជាង ៩០​គ្រួសារ ដែល​មិន​ទាន់​យល់ព្រម​ទទួល​សំណង​នោះ​ដែរ។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជា​គម្រោង​ខ្នាត​ធំ​ទី​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​ចំណាយ​ប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ។ គម្រោង​នេះ បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ជាង ៩០​គ្រួសារ និង​ឃុំ​ក្បាលរមាស ជាង ៣០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​សំណង​នៅ​ឡើយ។ មក​ទល់​នឹង​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ ទំនប់​សាងសង់​រួច​រាល់​ប្រមាណ ៩០% ហើយ។ តាម​ការ​គ្រោង​ទុក ទំនប់​នឹង​ត្រូវ​បិទ​ទឹក​នៅ​ខែ​មិថុនា ខាង​មុខ​នេះ៕

RFA
ដោយ រដ្ឋា វិសាល

No comments: