
ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ និងគណបក្សមហាសាមគ្គីជាតិខ្មែរ របស់លោក ញ៉ែម វណ្ណថន ដែលបានរួមរួមគ្នាទៅជាគណបក្សតែមួយ កាលពីប៉ុន្មានថ្ងៃមុន ក៏បានប្រកាសរំលាយសម្ព័ន្ធភាពចោលវិញ។ កាលពីរួបរួមគ្នា មេបក្សទាំងពីរ បានអះអាងថា សម្ព័ន្ធភាពរបស់ពួកគេ នឹងបង្ហាញគំរូសាមគ្គី ដល់អ្នកនយោបាយ នៅកម្ពុជា។
លោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗថា ការសម្រេចចែកផ្លូវគ្នា គឺដោយសារតែភាគីគណបក្សយុវជនកម្ពុជា មិនបានគោរពទៅតាមកិច្ចព្រមព្រៀង។ លោក បានបញ្ជាក់យ៉ាងនេះថា៖«កិច្ចព្រមព្រៀង យើងបង្កើតមកដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជន។ ប៉ុន្តែខាងគាត់ អត់បានអនុវត្តកិច្ចព្រមព្រៀងហ្នឹង អ៊ីចឹងហើយ បានជាយើង សម្រេចចែកផ្លូវគ្នា»។
លោក ហ៊ាង គឹមស្រឿន បន្ថែមថា ការចែកផ្លូវរវាងគណបក្សទាំងពីរ មិនមែនដោយសារការដណ្តើមតួនាទីគ្នានោះទេ។ អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែររូបនេះ បាននិយាយថា៖«ការចែកផ្លូវគ្នា មិនពាក់ព័ន្ធនឹងតួនាទីទេ។ ចំពោះគណបក្សមហាសាមគ្គីជាតិខ្មែរ តួនាទីមិនមែនជារឿងធំឡើយ»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានច្រានចោលចំពោះការចោទប្រកាន់ពីសំណាក់អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលថា គណបក្សយុវជនកម្ពុជា មិនបានដើរតាមគន្លងកិច្ចព្រមព្រៀង។ លោក ឆ្លើយតបថា មូលហេតុពិតប្រាកដ ដែលឈានទៅដល់ការបែកបាក់ គឺដោយសារតែបក្សទាំងពីរមិនទុកចិត្តគ្នា។
លោក ពេជ្រ ស្រស់ បញ្ជាក់យ៉ាងនេះថា៖«បើនៅតែសង្ស័យគ្នាដដែល ការងារមិនអាចទៅមុខទេ។ ថាខ្ញុំមិនគោរពកិច្ចព្រមព្រៀងយ៉ាងម៉េច បើភាគីទាំងសងខាងមិនទាន់ធ្វើការជាមួយគ្នាផងហ្នឹង។ កាលយើងចូលគ្នា គឺដោយសារតែមានឯកភាពទាំងសងខាង ហើយពេលនេះយើងចែកផ្លូវគ្នា គឺជាការស្ម័គ្រចិត្តរៀងៗខ្លួន»។
យ៉ាងណា ប្រធានគណបក្សយុវជនកម្ពុជារូបនេះ មិនបញ្ជាក់ពីបញ្ហាណាមួយ ដែលបង្ហាញថាភាគីទាំងពីរ មិនទុកចិត្ត ហើយចោទគ្នាទៅវិញទៅមក នោះទេ។
កាលពីចុះហត្ថលេខាចងសម្ព័ន្ធជាមួយគ្នា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ មេដឹកនាំនៃគណបក្សទាំងពីរ សុទ្ធតែអះអាងថា ការរួបរួមនេះ គឺដើម្បីបង្ហាញពីគំរូល្អ ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនយោបាយនៃគណបក្សផ្សេងៗទៀត ឲ្យចេះពិភាក្សា និង ធ្វើការងារជាមួយគ្នា ដោយចៀសវាងការឈ្លោះទាស់ទែង ដើម្បីផលប្រយោជន៍បក្សពួក។ លើសពីនេះ ពួកគេ បានប្រកាសថា ការរួបរួម គឺកើតឡើងដោយសារតែមើលឃើញផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ ជាចម្បង។
ការរួបរួមរបស់គណបក្សតូចខាងលើ ត្រូវបាន អ្នកវិភាគនយោបាយនៅកម្ពុជា សើចចំអកឲ្យថា គ្រាន់តែធ្វើឲ្យល្អមើល និងល្បីប៉ុណ្ណោះ។ អ្នកវិភាគ ធ្លាប់សន្និដ្ឋានជាមុនថា សម្ព័ន្ធភាពរបស់បក្សតូចៗទាំងនោះ មិនមានភាពរឹងមាំ ហើយស្ថិតស្ថេរបានយូរនោះទេ។ ពួកគេ បាន វាយតម្លៃថា បើទោះបីជាបក្សតូចៗទាំងនោះ រួមបញ្ជូលគ្នាក្តី តែពួកគេ នៅមិនទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋ គាំទ្រនិងបោះឆ្នោត ជូននោះទេ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment