
ភ្នំពេញ៖ ក្រោយប្រារព្ធមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥នៅសាលចតុមុខក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០-៣១ ខែមករា រួចមក គណៈសង្ឃនាយករបស់ប្រទេសកម្ពុជា បានសម្រេចចេញប្រកាសសង្ឃចំនួន៨ចំណុច។ ក្នុងនោះ ការកែទម្រង់ស៊ីជម្រៅសម្រាប់វិស័យពុទ្ធិកសិក្សា ក៏ត្រូវបានលើកឡើងផងដែរ។
«បច្ចុប្បន្ននេះ វិស័យពុទ្ធិកសិក្សាចាប់ពីកម្រិតបឋម មធ្យម ឧត្តម និងក្រោយឧត្តម គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា។ ហេតុនេះ វិស័យនេះ ត្រូវតែកែទម្រង់ឲ្យបានស៊ីជម្រៅក្នុងគ្រប់កម្រិត ដើម្បីធានានូវគុណភាពសមណសិស្ស-និស្សិត ឲ្យក្លាយជាធនធានមនុស្សប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ»។ នេះបើយោងតាមប្រកាសសង្ឃ ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែមករា។
ក្រៅពីកែទម្រង់លើវិស័យសិក្សា ប្រកាសសង្ឃ បានជំរុញឲ្យ មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវពង្រឹងសមត្ថភាពផ្នែកវិជ្ជាពុទ្ធសាសនា ដូចជា៖ ភាសាបាលី សំស្ក្រឹត ទ្រឹស្តីព្រះធម៌ វិន័យជាពុទ្ធវចនៈ និងលោកវិជ្ជា ដើម្បីពង្រឹងស្ថាប័នព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ឲ្យបានទូលំទូលាយ ភាពក្រឹត្យក្រមនៃការគោរពធម៌វិន័យ និងពង្រីកធនធានព្រះសង្ឃ ក្នុងទិសដៅធានាភាពស្ថិតស្ថេរចីរភាពរបស់ព្រះពុទ្ធសាសនាខ្មែរ។
បន្ថែមពីនេះ ប្រកាសសង្ឃ បានណែនាំដល់មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវបន្តយកចិត្តទុកដាក់លើការអប់រំសីលធម៌ ដល់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សី ដោយបញ្ជ្រាបទស្សនវិជ្ជា ឬព្រះធម៌ដែលជាទ្រឹស្តីរបស់ព្រះពុទ្ធ ដល់សាធារណជន ជាពិសេសនៅគ្រប់សាលារៀនសាធារណៈ។
លើសពីនេះ ប្រកាសសង្ឃ ក៏ជំរុញឲ្យចៅអធិការ អាចារ្យ និងគណៈកម្មការវត្តទាំងអស់ ត្រូវយកចិត្តទុករៀបចំវត្តអាម ឲ្យក្លាយជាទីកន្លែងសក្តារៈដ៏ជ្រះថ្លា ដោយមានដាំដើមឈើ រក្សាអនាម័យ និងសណ្តាប់ធ្នាប់សំណង់ក្នុងវត្តជាដើម។
ជាងនេះទៀត ប្រកាសសង្ឃ ហាមមិនឲ្យបង្កើតពុទ្ធសាសនាថេរវាទថ្មីណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពីព្រោះ មន្ត្រីសង្ឃមិនទទួលខុសត្រូវ និង ទទួលស្គាល់ ការយកព្រះឧបជ្ឈាយ៍ ដែលគណៈសង្ឃខ្មែរពុំបានតែងតាំងតាមផ្លូវច្បាប់ មកបំបួសកូនខ្មែរឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានព្រះសង្ឃចំនួន ៦៩,១៩៩ អង្គ និង វត្តអារាមចំនួន ៤,៨៧២។ ទិន្នន័យដែលប្រកាសដោយក្រសួងធម្មការ និងសាសនា កាលពីឆ្នាំ២០១៥ ឲ្យដឹងថា កម្ពុជាមានព្រះសង្ឃចំនួន ៥៩,៥១៦ អង្គ និងមានវត្តចំនួន ៤,៧៥៥។ តាមទិន្នន័យនេះ ព្រះសង្ឃនៅទូទាំងប្រទេស ក្នុងរយៈពេលមួយឆ្នាំនេះ កើនឡើងជិត១ម៉ឺនអង្គ ខណៈវត្តអារាម មានការកើនឡើងជាង១០០ បន្ថែមទៀត៕
ថ្មីៗ
អត្ថបទ : រ៉ឹម ភារី
No comments:
Post a Comment