
ភ្នំពេញ៖ កម្ពុជា គ្រោងចំណាយប្រាក់រយលានដុល្លារ សម្រាប់វិនិយោគលើផ្នែកវារីវប្បកម្ម ដើម្បីបង្កើនទិន្នផលត្រីទឹកសាប និងទឹកសមុទ្រ ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងធ្វើពាណិជ្ជកម្មនាំចេញទៅក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បាននិយាយថា ទំហំទឹកប្រាក់វិនិយោគដែលកម្ពុជាគ្រោងបោះទុនចាប់ពី១០០ ទៅ ២០០លានដុល្លារ លើគម្រោងវារីវប្បកម្មក្នុងតំបន់ជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និងខេត្តព្រះសីហនុ ។ ក្រោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគលើវិស័យ វារីវប្បកម្មទឹកសាប និងសមុទ្រ ជាមួយក្រុមហ៊ុនចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមករា លោក វេង សាខុន បានបញ្ជាក់ថា៖ មហិច្ឆតានេះ នឹងធ្វើឡើងតាមរយៈការចូលមកវិនិយោគ របស់ក្រុមហ៊ុនចិនឈ្មោះ Khmer Holding Group ដើម្បីធានាឱ្យកម្ពុជាមានភោគផល ត្រីផ្គត់ផ្គង់ទីផ្សារ»។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានស្នើឲ្យក្រុមហ៊ុនចិនពិនិត្យលទ្ធភាពលើការបង្កើតអាជីវកម្មផលិតចំណីត្រី ដែលផ្សំពីវត្ថុធាតុដើមនៅកម្ពុជា ដើម្បីជួយសម្រួលយ៉ាងណាឲ្យចំណីត្រីមានតម្លៃទាប សម្រាប់ផ្គត់ផ្គង់មុខរបរចិញ្ចឹមត្រីក្នុងស្រុក និងធានាគុណភាពចិញ្ចឹមត្រីឆាប់ធំ។ ជាពិសេសសម្រាប់នាំចេញទៅប្រកួតប្រជែងនឹងទីផ្សារប្រទេសជិតខាង ដែលអាចជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជាទៀតផង។
ជាការឆ្លើយតបលោក ឆាវ អ៊ិនទ័រ អគ្គនាយកក្រុមហ៊ុន Khmer Holding Group និយាយថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលងាយស្រួលសម្រាប់ក្រុមហ៊ុនលោក រៀបចំបច្ចេកទេស ចិញ្ចឹម និងប្រមូលផលនេសាទ និងការកសាងឃ្លាំងបង្កើតរោងចក្រកែច្នៃ ផលនេសាទសម្រាប់ការនាំចេញជាដើម។
បន្ថែមពីលើនេះលោក កាង វ៉ីមីង ទេសាភិបាលប្រតិបត្តិក្រុមហ៊ុននេសាទសមុទ្រចិន លើកឡើងថា ជំហានដំបូងក្រុមហ៊ុននឹងបង្កើតតំបន់សាកល្បងចិញ្ចឹមត្រីទីឡាបយ៉ា ក្នុងផ្ទៃស្រះទំហំ២០០ហិកតា ក្នុងគម្រោងវិនិយោគលើផ្ទៃស្រះ ជាង២ពាន់ហិកតា។
ក្រៅពីនេះក្រុមហ៊ុននឹងសហការជាមួយប្រជាពលរដ្ឋកម្ពុជា ដោយក្រុមហ៊ុន គឺជាអ្នកផ្តល់ពូជ ចំណី និងបច្ចេកទេស ដល់ពលរដ្ឋប្រកបរបរចិញ្ចឹមត្រីបផងដែរ។ ហើយនៅពេលប្រមូលផលត្រី គឺប្រជាពលរដ្ឋ អាចលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទីផ្សារវិញបាន ។ បើតាមលោក កាង វ៉ីមីង ការធ្វើបែបនេះ គឺដើម្បីធានាឲ្យការផលិតត្រី អាចផ្គត់ផ្កង់តាមតម្រូវការទីផ្សារកម្ពុជា និងនាំចេញក្រៅប្រទេសបាន។
បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ កម្ពុជាបានប្រមូលផលនេសាទទឹកសាបបាន សរុប៥០៨.៨៥០តោន និងផលនេសាទសមុទ្រចំនួន១២០.៦០០តោន។ ការកែច្នៃផល នេសាទទឹកសាបសម្រេចបាន៧០.២០០តោន និងផលនេសាទសមុទ្រចំនួន ១០.៥២៥តោន។ ដោយឡែក ការនាំចេញផលនេសាទស្រស់គិតទាំងទឹកសាប និងទឹក ប្រៃ សម្រេចបានក្នុងបរិមាណ៩.១០០តោន កើនឡើង១.៤០០តោន បើធៀបនឹងការនាំ ចេញកាលពីឆ្នាំ២០១។
ចំណែកផលនេសាទដែលត្រូវបានកែច្នៃរួច ត្រូវបាននាំចេញក្នុង បរិមាណ៥.២០០តោន ថយចុះ៣០០តោន បើធៀបនឹងការនាំចេញកាលពីឆ្នាំ២០១៥៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment