
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានស្នើអាជ្ញាធររាជធានីភ្នំពេញសិក្សាគម្រោងផ្លូវរថភ្លើងស្វ័យប្រវត្តិធុនស្រាល(AGT) ថ្មីមួយទៀត ដែលរត់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានឲ្យដឹងថា JICA បានសុំអាជ្ញាធរសិក្សាគម្រោងរថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស (AGT, Automated Guideway Transit) ដោយគេសិក្សាលើផ្នែកបច្ចេកទេស និងផលប៉ះពាល់ពលរដ្ឋមួយចំនួន មុនពេលដំណើរការគម្រោងរថភ្លើងធុនស្រាល ក្នុងរាជធានីភ្នំពេញ នាពេលខាងមុខ។
លោកបានបន្តប្រាប់សារព័ត៌មានថ្មីៗថា គម្រោងផ្លូវរថភ្លើងលើអាកាសថ្មីមួយទៀតដែលជប៉ុនបានពិភាក្សាជាមួយអាជ្ញាធរ កាលពីថ្ងៃទី៣១ មករាម្សិលមិញនេះ គឺចាប់ចេញដំណើរពីមហាវិថីព្រះមុនីរ៉េត រត់តាមបណ្តោយផ្លូវស្រេង រហូតដល់រង្វង់មូលចោមចៅ។
«បច្ចុប្បន្ន ភ្នាក់ងារ JICA បាន និងកំពុងសិក្សា ហើយខ្ញុំរំពឹងថា អ្វីៗនឹងដំណើរការទៅមុខ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ»។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់នៅថ្ងៃទី១ កុម្ភៈនេះ មុនឆ្លើយបន្ថែមទាក់ទងនឹងទឹកប្រាក់វិនិយោគថា ជប៉ុនគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៥០០លានដុល្លារអាមេរិក។
ក្រៅពីគម្រោងថ្មីនេះ JICA បាន និងកំពុងសិក្សាគម្រោងរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើផ្លូវអាកាសប្រភេទ AGT ចំនួន៣ខ្សែ រយៈពេលជិត ២ឆ្នាំ្មហើយ។ គម្រោងរថភ្លើងទាំងបីខ្សែ ដែលគេសិក្សាតាំងពីឆ្នាំ ២០១៥រហូតមកនោះ រួមមាន ខ្សែទី១ ផ្តើមពីចំណុចវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ឋរុស្ស៊ី និងរង្វង់មូលចោមចៅ ហើយខ្សែទី២ ពីមហាវិថីព្រះមុនីវង្សរត់ស្របផ្លូវរថភ្លើងរួចបត់ឆ្វេងតាមផ្លូវតាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខ្សែទី៣ ផ្តើមពីផ្សារថ្មី វិថីហ្សាលដឺហ្គោលវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដោយជប៉ុនកំពុងសិក្សាផែនការមេ និងការស្ទង់មតិលើគម្រោងប្លង់មេចរាចរណ៍ក្នុងរាជធានីភ្នំពេញនោះ អ្នកនាំពាក្យសាលារាជធានី ពុំទាន់ដឹងពីកាលបរិច្ឆេទចាប់ផ្តើមគម្រោងច្បាស់លាស់នោះទេ។ ប៉ុន្តែ លោកគ្រាន់តែបង្ហើបគម្រោងអាទិភាពក្នុងគម្រោងប្លង់មេនោះ គឺការរៀបចំប្រព័ន្ធផ្លូវរថភ្លើងសាធារណៈ នាពេលខាងមុខ៕
ថ្មីៗ
អត្ថបទ : រឿន ភារុន
No comments:
Post a Comment