
ប្រមុខការពារជាតិអាមេរិក James Mattis បានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ និងបារាំងដោយបញ្ជាក់ប្រាប់ពីការប្តេជ្ញាចិត្តឥតមានងាករេគាំទ្របក្សសម្ព័ន្ធយោធាណាតូ។ នេះជាការជម្រះមន្ទិលសង្ស័យកន្លងមកពាក់ព័ន្ធជំហររបស់លោក ដូណាល់ ត្រាំ ក្នុងការបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយណាតូ។ ប៉ុន្តែរដ្ឋណាតូប្រហែលជាត្រូវបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដូចគ្នា ដូចអ្វីដែលលោក ត្រាំបានទាមទារកន្លងមក។
មន្ទីរប៉ង់តាហ្កូនបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថាប្រមុខការពារជាតិអាមេរិកលោក James Mattis បានជជែកជាមួយប្រមុខការពារជាតិអាល្លឺម៉ង់លោក Ursula von der Leyen តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ទី ២៦ មករា។ លោក Mattis បានឆ្លៀតឱកាសបញ្ជាក់ប្រាប់សមភាគីអាល្លឺម៉ង់ថា អាមេរិកនឹងនៅបន្តជួយជ្រោមជ្រែងនិងគាំទ្របក្សសម្ព័ន្ធយោធាណាតូ នៅពេលអនាគតខាងមុខ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters ថា៖«រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រាប់សមភាគីអាល្លឺម៉ង់លោក Ursula von der Leyen ពីការបន្តការប្តេជ្ញាចិត្តគាំទ្របក្សសម្ព័នយោធាណាតូបន្តទៅមុខទៀត»។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា លោក James Mattis ក៏បានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិបារាំងលោក Jean-Yves Le Drian តាមទូរស័ព្ទដូចគ្នា ហើយលោកបានពិភាក្សាពីសារសំខាន់នៃការបន្តគាំទ្របក្សសម្ព័ន្ធយោធានេះ។
កន្លងមក ប្រធានាធិបតីអាមេរិករូបនេះបានចាត់ទុកអង្គការបក្សសម្ព័ន្ធយោធាណាតូជាអង្គការហួសសម័យក្នុងបរិបទបច្ចុប្បន្ន ហើយអ្វីដែលសំខាន់លោកតែងត្អូញត្អែរចំពោះការចំណាយរបស់អាមេរិកយ៉ាងច្រើនលើបក្សសម្ព័ន្ធមួយនេះ។ លោកថែមទាំងទារឲ្យប្រទេសដែលចំណាយលុយលើវិស័យការពារជាតិមិនទាន់គ្រប់ចំនួនតាមកំណត់ ឲ្យប្រញាប់បង្កើនការបង់វិភាគទាននេះ បើសិនជាពួកគេចង់បានការពារពីអាមេរិកទៀត។
ប៉ុន្តែអ្វីដែលលោក James Mattis បានលើកឡើង បានជួយបន្ធូរបន្ថយក្តីបារម្ភរបស់បណ្តាប្រទេសសមាជិកបក្សសម្ព័ន្ធយោធាណាតូដែរ។វាក៏អាចបញ្ជាក់ឲ្យឃើញផងដែរ រដ្ឋបាលលោក ដូណាល់ ត្រាំ មិនបោះបង់ចោលបណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបនិងមិនដកខ្លួនចេញពីបក្សសម្ព័ន្ធយោធាណាតូឡើយ។
ថ្វីបើគ្រប់យ៉ាងវាប្រសើរក៏ដោយ បណ្តារដ្ឋសមាជិកបក្សសម្ព័ន្ធយោធាណាតូ ក៏ចាំបាច់ត្រូវ បង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដើម្បីឆ្លើយតបការទាមទាររបស់លោក ដូណាល់ ត្រាំ។ នេះក៏ដោយសារ ក្រៅពីកាតព្វកិច្ចដែលកំណត់ក្នុងសន្ធិសញ្ញា វាក៏ជាស្មារតីមួយសាមគ្គី និងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា។
បណ្តារដ្ឋអឺរ៉ុបដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូហាក់មិនទាន់ប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីគាំទ្របក្សសម្ព័ន្ធយោធាណាតូឡើយ។ ពួកគេជិះសេះលែងដៃ នៅពឹងនិងជ្រកក្រោមឆ័ត្រសន្តិសុខរបស់ក្រុងវ៉ាស៊ីនតោនដដែល។ អាមេរិកក៏មិនអាចបន្តទ្រាំរងបន្ទុកធ្ងន់ដូចទូលថ្មបែបនេះរហូតនោះដែរ។
នៅក្នុងឆ្នាំ ២០១៥ មានប្រទេសតែ ៥ក្នុងចំណោមប្រទេស ២៨ប៉ុណ្ណោះដែលបានចំណាយលុយ ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ស្របតាមការកំណត់ក្នុងសន្ធសញ្ញានោះ។ ហើយនៅឆ្នាំ ២០១៦ គេសង្កេតឃើញការចំណាយលើវិស័យនេះកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ដោយសារគេចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលបង្កឡើងដោយក្រុមភេរវជនរដ្ឋឥស្លាម និងការគំរាមកំហែងបង្កឡើងដោយរុស្ស៊ី៕
ថ្មិៗ
អត្ថបទ : សៅ ផលនិស្ស័យ
No comments:
Post a Comment