ជាតិ

Brexit៖ នាវា​អង់គ្លេស​បញ្ឆេះ​ម៉ាស៊ីន​ត្រៀម​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​ជា​ផ្លូវការ​



រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​របស់​នាយករ​ដ្ឋ​មន្ត្រី Theresa May បានចាប់ផ្ដើម​ជំហាន​ដំបូង​នៃ​ដំណើរការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​ហើយ​។ សេចក្ដីស្នើច្បាប់​ដែល​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ត្រូវបាន​បញ្ជូនទៅ​កាន់​សភា​នៅ​ថ្ងៃទី​២៦ ខែមករា ដើម្បី​ពិភាក្សា មុននឹង​ចក្រភព​អង់គ្លេស​ចាប់ផ្ដើម​ការចរចា​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប​។ សេចក្ដីស្នើច្បាប់​នេះ ទំនងជា​អាច​ឆ្លង​ផុត​ដំណាក់​ជជែក​ដេញ​ក្នុង​សភា ដ្បិត​មេដឹកនាំ​បក្សប្រឆាំង​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ​ផងដែរ​។​

​បន្ទាប់ពី​ចាញ់ក្ដី​នៅឯ​តុលាការ​កំពូល រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក៏បាន​បញ្ជូន​សេចក្ដីស្នើច្បាប់​ស្ដីពី «​ការជូនដំណឹង​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ឆ្នាំ​២០១៧»​ទៅកាន់​សភា​ដើម្បី​បោះឆ្នោត​អនុម័ត​។ សេចក្ដីស្នើច្បាប់​នេះ នឹង​ផ្ដល់​អំណាច​ឲ្យ​នាយករដ្ឋមន្ត្រី Theresa May អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ក៏ដូចជា​ដំណើរ​ការចរចា​ផ្សេងៗ​ជាមួយ​សហភាព​អឺរ៉ុប បន្ទាប់ពី​តុលាការ​កំពូល​ផ្ដល់​សិទ្ធិ​ឲ្យ​សភា​ជា​អ្នកសម្រេច​ចុងក្រោយ​លើ​ដំណើរការ​ចរចា​នេះ​។​

សូមស្តាប់ព័ត៌មានលម្អិត៖


សេចក្ដីស្នើច្បាប់​នេះ មានតែ​២​មាត្រា មាន​៨​ជួរ និង​១៣៧​ពាក្យ​ប៉ុណ្ណោះ​។ សេចក្ដីស្នើច្បាប់​ដ៏​ខ្លី​នេះ មាន​គោលដៅ​ប្រគល់​អំណាច​ឲ្យ​នាយករដ្ឋមន្ត្រី ដើម្បី​ផ្ដល់ដំណឹង​ពី​គោលបំណង​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ដោយ​អនុលោម​តាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ។ ម្យ៉ាងទៀត ការប្រគល់សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​លើ​រឿងនេះ ក៏មាន​អំណាច​គ្របដណ្ដប់​លើ​បទបញ្ញត្តិ​ផ្សេងៗ​នៃ​ច្បាប់​សហភាព​អឺរ៉ុប​ឆ្នាំ​១៩៧២ ឬក៏​ច្បាប់​ផ្សេងទៀត​ដែរ​។​

​ភ្លាមៗ​បន្ទាប់ពី​សេចក្ដីស្នើច្បាប់​នេះ​ចេញ​ជា​រូបរាង រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក៏​ប្រកាស​ដែរ​ថា សភា​ជាន់​ទាប​នឹងមាន​ពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ជជែក​ដេញដោល​លើ​សេចក្ដីស្នើច្បាប់​នេះ ដែល​រឿងនេះ​ធ្វើ​ឲ្យ​សមាជិកសភា​ជាច្រើន ជាពិសេស​សមាជិកសភា​មកពី​បក្ស​ពលករ មិន​ពេញចិត្ត​ឡើយ​។ ពួកគេ និយាយថា ចំនួន​៥​ថ្ងៃ គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​បញ្ហា​ដ៏​សំខាន់​នេះឡើយ ហើយ​បក្ស​ពលករ ក៏​ថែមទាំង​ស្នើ​ឲ្យ​មានការ​កែប្រែ​សំណើ​ច្បាប់​ថ្មី​នេះ​ទៀតផង​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សេចក្ដីស្នើច្បាប់​ដដែល​នេះ មិនបាន​ដាក់​ប​ញ្ជូ​ល​កាលបរិច្ឆេទ​ដែល​នាយករដ្ឋមន្ត្រី Theresa May ត្រូវ​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ដែរ​។ យោងតាម​សារព័ត៌មាន The Guardian អ្នកនាំពាក្យ​ក្រសួង​ទទួលបន្ទុក​ចាក​ចេញពី​សហភាព​អឺរ៉ុប​បញ្ជាក់ថា វា​មិនមែនជា​ដំណើរការ​ផ្លូវការ​ទេ​ដែល​ត្រូវដាក់​ពេលវេលា​កំណត់​ថ្ងៃទី​៣១ ខែមីនា ទៅក្នុង​សេចក្ដីស្នើច្បាប់​នោះ​។ ចំណែកឯ​សភា​វិញ ក៏​ធ្លាប់​បោះឆ្នោត​គាំទ្រ​កាលបរិច្ឆេទ​នៃ​ការចរចា​រួចហើយ​ដែរ​។​

១. បក្សប្រឆាំង​ពលករ ជ្រួល​ប្របល់​

​ប្រធាន​គណបក្ស​ពលករ លោក Jeremy Corbyn បានបង្ហាញ​ជំំ​ហរ​គាំទ្រ​លើ​សេចក្ដីស្នើច្បាប់​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​លោកស្រី Theresa May ។ ហើយ​លោក​ក៏​នឹង​បង្ខំ​ឲ្យ​សមាជិកសភា​បក្ស​ពលករ​ទាំងអស់ ផ្ដល់​ការគាំទ្រ​សេចក្ដីស្នើច្បាប់​នេះ ដែល​នេះ​អាច​នឹងធ្វើ​ឲ្យ​បក្សប្រឆាំង​មួយ​នេះ​រង្គោះរង្គើ​មិនខានឡើយ​។ សមាជិកសភា​បក្ស​នេះ ចង់​ឲ្យ​លោក Corbyn បោះឆ្នោត​ប្រឆាំង​លើ​ថេរវេលា​នៃ​ការពិភាក្សា​ដែល​កំណត់​ត្រឹម​៥​ថ្ងៃ រួច​ស្នើ​បន្ថែម​រយៈពេល​ជជែក​ដេញដោល​ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​ប្រភពព័ត៌មាន​ខាងលើ​បន្តថា សភា​ជាន់​ទាប​អង់គ្លេស នឹង​ពិភាក្សា​លើ​សេចក្ដីស្នើច្បាប់​នេះ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។ បន្ទាប់ពី​មក សមាជិកសភា នឹង​បន្ត​ប្រើពេល​បី​ថ្ងៃ​ដែល​នៅសល់​សម្រាប់​បញ្ចប់​ការជជែក​ដេញដោល​លើ​សេចក្ដីស្នើច្បាប់ មុននឹង​បញ្ជូនបន្ត​ទៅកាន់​សភា​ជាន់ខ្ពស់​ពិភាក្សា​ដេញដោល​ទៀត​។

​ជាមួយគ្នានេះដែរ បក្ស​ពលករ ក៏បាន​ដាក់សំណើ​កែប្រែ​ចំណុច​ខ្លះ​នៃ​សេចក្ដីស្នើច្បាប់​នេះដែរ ជាពិសេស​បក្ស​នេះ​ចង់​ឲ្យ​មានការ​ធានាថា នឹងមាន​ការបោះឆ្នោត​នៅ​សភា​លើ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​សម្រេចបាន​ដោយ​រដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​។ បក្ស​ពលករ ក៏​ចង់​ឲ្យ​សេចក្ដីស្នើច្បាប់​នេះ ចែង​ពី​សិទ្ធិ​របស់​ពលករ ព្រមទាំង​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចាកចេញ ធ្វើ​របាយការណ៍​ស្ដីពី​ដំណើរការ​ចាកចេញ​នៅ​រៀងរាល់​ពីរ​ខែម្ដង​ទៅ​ឲ្យ​សភា​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មិនយូរប៉ុន្មាន​ក្រោយ​លោក Corbyn និយាយថា លោក​នឹង​បង្ខំ​ឲ្យ​សមាជិកសភា​បក្ស​ពលករ​បោះឆ្នោត​គាំទ្រ​សេចក្ដីស្នើច្បាប់​របស់​រដ្ឋា​ភិ​បាល លោកស្រី Tulip Siddiq សមាជិកសភា និង​ជា​រដ្ឋមន្ត្រី​ស្រមោល​របស់​សភា ក៏បាន​លាលែង​ពី​តំណែង​ភ្លាមៗ​តែម្ដង​។ លោកស្រី​អះអាងថា ប្រជាជន​អង់គ្លេស​ក្នុង​មណ្ឌល​របស់​លោកស្រី​ជ្រើសរើស​ការបន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប ដូចនេះ​លោកស្រី មិនអាច​បោះឆ្នោត​ប្រឆាំង​មតិ​ពួកគេ​ឡើយ​។​

​ការចាកចេញ​របស់លោក​ស្រី Tulip Siddiq បានបង្ហាញ​ពី​ការមិនចុះសម្រុង​ក្នុងចំណោម​សមាជិកសភា​បក្ស​ពលករ និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​។ ជាការ​ពិត គណបក្ស​ពលករ មាន​ជំហរ​គាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​តាំងតែ​ពី​ការ​យុទ្ធនា​ការធ្វើប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ ។ អាស្រ័យហេតុនេះ ទើប​លោក Corbyn ព្យាយាម​បញ្ចុះបញ្ចូល​សមាជិកសភា​បក្ស​របស់លោក ឲ្យ​គាំទ្រ​សំណើ​លើក​នេះ និង​ជួយ​កែប្រែ ជាជាង​បោះឆ្នោត​ប្រឆាំង ដែល​អាច​រារាំង​ការចាកចេញ​បាន​នោះ​។​

២. អ្វី​ជា​ជំហាន​បន្ទាប់ ក្នុងករណី​សេចក្ដីស្នើច្បាប់​ត្រូវបាន​អនុម័ត​?

​ជំហាន​បន្ទាប់​នោះ គឺ​ចក្រ​ភ​ភព​អង់គ្លេស នឹង​ជូនដំណឹង​ទៅ​អឺរ៉ុប ពី​ការចាកចេញ​របស់ខ្លួន ក្នុងករណី​ដែល​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​ប្រទេស​អនុម័ត​សេចក្ដីស្នើច្បាប់​ដ៏​ខ្លី​មួយ​នេះ​។ បន្ត​ពីនេះ នាយករដ្ឋមន្ត្រី​Theresa May ដែល​ជ្រើសរើស​ការចាកចេញ​ឲ្យ​ដាច់ស្រឡះ នឹង​ផ្ដើម​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ ដែល​នាំ​ដល់​ការចាកចេញ​នេះ​។ យ៉ាងណាមិញ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង ត្រូវបាន​សម្រេច​ទេនោះ គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​ពីរ​ឆ្នាំ​ទៅមុខ ទើប​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ផ្សេងៗ របស់​អឺរ៉ុប អស់​សុពលភាព​អនុវត្ត​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​តទៅទៀត​។

​នៅពេល​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​ក្នុងដំណាក់កាល​ចរចា​ជាមួយ​អឺរ៉ុប រដ្ឋាភិបាល​អង់គ្លេស ចាំបាច់​បញ្ជូន​កិច្ចព្រមព្រៀង​នោះ ទៅសុំ​ការយល់ព្រម​ពី​សភា​សិន​។ ដំណើរការ​នេះ ត្រូវបាន​កំណត់ដោយ​តុលាការ​កំពូល​អង់គ្លេស ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​សភា​ជា​អ្នកសម្រេច​ចុងក្រោយ​។ នេះ​មានន័យថា រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Theresa May មិនអាច​ចាប់ផ្ដើម​ការចរចា​ទាំងឡាយណា​ជាមួយ​សហភាព​អឺរ៉ុប ដោយ​គ្មាន​ការអនុញ្ញាត​ពី​សំណាក់​ស្ថាប័ន​នីតិបញ្ញត្តិ​នោះឡើយ​៕

ថ្មីៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: