
ស្ទឹងត្រែង: ពលរដ្ឋវៀតណាម និងខ្មែរជាង១០០គ្រួសារ រស់នៅមាត់ទន្លេ រងការបណ្តេញចេញពីអាជ្ញាធរក្រុង ដោយជ្រើសទៅតាំងលំនៅស្ថានថ្មី គ្រាច្រាំងទន្លេនោះត្រូវរំដោះ និងអភិវឌ្ឍន៍កែលម្អ សោភ័ណភាពក្រុង ទទួលពិធីបុណ្យទន្លេខាងមុខ ។
អាជ្ញាធរក្រុង បានបញ្ជាក់ថា ពលរដ្ឋតាំងលំនៅឋាន តាមច្រាំងទន្លេមេគង្គ ភូមិព្រែក សង្កាត់ស្ទឹងត្រែង និងច្រាំងទន្លេភូមិបាចុង សង្កាត់ព្រះបាទ មាន ចំនួន១០៩គ្រួសារ ដែលត្រូវរុះរើទៅទីតាំងថ្មី និងមានគ្រួសារពលរដ្ឋ មួយចំនួន កំពុងស្នើលក្ខខណ្ឌ ។
លក្ខខណ្ឌមួយចំនួន របស់ពលរដ្ឋទាំងនោះ បានស្នើឲ្យអាជ្ញាធរ រកទីតាំងផ្ទៃដីថ្មីនោះ បានសមស្រប ជួយផ្តល់ថវិការរុះរើ និងដឹកជញ្ជូន និងទីតាំងថ្មីនោះសុំ ឲ្យមានសាលារៀន ទឹក ភ្លើងបន្ថែម ដោយពួកគាត់ មិនគិតពីទីតាំងជិតឆ្ងាយនោះទេ។
តាមសេចក្តីប្រកាសជូនដំណឹង របស់អាជ្ញាធរក្រុង ឲ្យដឹងថា ពលរដ្ឋរស់នៅ តាមច្រាំងទន្លេ ចាប់ពីចំណុចអតីត តំណាក់ស្តេច មាត់ទន្លេសេកុង ភូមិព្រែក សង្កាត់ស្ទឹងត្រែង ទៅដល់គល់ស្ពានមេគង្គ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ត្រូវរុះរើលំនៅស្ថាន ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ទី២០ ខែ មករា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។ បើពុំនោះទេ អាជ្ញាធរក្រុង សហការជាមួយអង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ចាត់ វិធានការរដ្ឋបាល ចុះរុះរើសំណង់ទាំងអស់ ដោយមិនទទួលខុសត្រូវ រាល់ការខូចខាតបាត់បង់សម្ភារៈ ឬទ្រព្យសម្បត្តិអ្វីឡើយ ។
ទាក់ទិនករណីខាងលើ គេពុំបានសង្កេតឃើញ សំណង់ទ្រុឌទ្រោម នៅតាមច្រាំងទន្លេទាំងពីរ ខាងលើនោះ រៀបចំសាងសង់ អោយបានរឹងមាំនោះទេ ដោយពួក គេបានដឹងជាមុនថា សំណង់ទាំងនោះ នឹងត្រូវរុះរើ នៅថ្ងៃណាមួយ ដើម្បីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ខេត្ត ក្រុង បន្ទាប់ពីប្រជាពលរដ្ឋ រាប់សិបគ្រួសារទៀត បានឯកភាព ទទួលយកការដោះដូរ ទៅភូមិករថ្មី ស្ថិតនៅគីឡូ១៤ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង រួចរាល់មួយកំណាក់កាល នៅឆ្នាំ២០១៣។
ប្រភពដដែល បន្តថា ពលរដ្ឋ សេសសល់ជាង ១០០ គ្រួសារខាងលើ មួយភាគធំ សុទ្ធសឹងជាពលរដ្ឋជនជាតិ វៀតណាម កាន់អត្តសញ្ញាណប័ណ្ណខ្មែរ ហើយលំនៅស្ថានទាំងនោះ ភាគច្រើន ជនជាតិវៀតណាម ប្រកបរបរធ្វើសិប្បកម្ម កែច្នៃឈើប្រណីត ទិញតពីពលរដ្ឋខ្មែរ ក្នុង តម្លៃថោក ដើម្បីរង់ចាំទទួលសំណង់ថ្មី ស្របច្បាប់ ។
ក្រោយការជូនដំណឹងរបស់ អាជ្ញាធរក្រុង នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ តំណាងពលរដ្ឋ ជាង៤០នាក់ បានទៅតវ៉ាស្នើ លក្ខខណ្ឌ មុនពេលរុះរើ ដោយមិនជំទាស់ លើទីតាំងថ្មីនោះទេ ។ ជាមួយគ្នានេះ អាជ្ញាធរមិនទាន់មានការ បញ្ជាក់ថា ទីតាំងថ្មី ត្រូវដោះដូរនោះ នៅទីណានៅឡើយទេ តែអាជ្ញាធរក្រុង កំពុងចាត់ឲ្យប្រធានភូមិ ចៅសង្កាត់ ចុះស្រង់ស្ថិតិថា ពលរដ្ឋក្រីក្រអត់ដីធ្លី ពិតប្រាកដ មានចំនួនប៉ុន្មានគ្រួសារ ដើម្បីរាយការណ៍ទៅអាជ្ញាធរខេត្ត សម្រួលលើការរុះរើ ដឹកជញ្ជូនជូនពួកគាត់ ៕

CEN
ដោយ: ដាវុធ
No comments:
Post a Comment