
ភ្នំពេញ ៖ ខណៈពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្មីៗនេះបានចេញលិខិតស្នើឲ្យមានការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តរឿង ភក្តីស្នេហ៍ទ្វេភព នៅលើទូរទស្សន៍ប៉ុស្តិ៍PNN ក្រោមហេតុផលថា បានចម្លងយកស្នាដៃនិពន្ធរឿង ទុំទាវ នេះដែរ ស្រាប់តែតារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត បានចេញមុខអង្វរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីសុំការអធ្យាស្រ័យលើករណីនេះ។
តារាសម្តែងចង្កាស្រួចសាច់ខ្ចីកញ្ញា សួង សាខារ៉ានីត បាននិយាយថា នាងខ្ញុំសង្ឃឹមថាខាងក្រសួងនឹងបើកចិត្តឲ្យទូលាយ និងក្រឡេកមើលសិល្បៈរឿងចិនរឿងថៃរបស់គេ ក៏មានការច្នៃឆ្លងភពមិនតិចដែរ ហើយតាមដែល នាងខ្ញុំចូលមើលមតិបងប្អូនភាគច្រើនគឺគាត់មិនគាំទ្រការផ្អាកផ្សាយនោះដែរ។
តារាសម្តែងសម្តីផ្អែមកញ្ញា សួង សាខារ៉ានីត បានបន្ថែមទៀតថា ហើយអ្វីដែលសំខាន់មុនផ្សាយខាងក្រុមហ៊ុនផលិតករគាត់ក៏មានជម្រាបជាសាធារណៈជាមុនថា ចំពោះរឿងភក្ដីស្នេហ៍ឆ្លងភពគឺមានកាច្នៃខុសពីរឿងដើមខ្លះៗដើម្បីឲ្យបងប្អូនមានការតាមដានប្លែកអារម្មណ៍ខ្លះ។ ជាចុងក្រោយនាងខ្ញុំសូមអង្វរទៅដល់ខាងក្រសួងសូមជួយអធ្យាស្រ័យយោគយល់លើកទឹកចិត្តដល់ផលិតករខ្មែរដែលខំនិពន្ធ និងច្នៃអ្វីៗដែលជារបស់ខ្មែរពិតៗខ្លះផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧កន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតចំហមួយ ដោយតម្រូវឲ្យខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍PNNបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តរបស់ខ្មែរគឺរឿង ភក្តីស្នេហ៍ទ្វេភព ព្រោះក្រសួងបានពិនិត្យឃើញថាខ្សែភាពយន្តខាងលើនេះត្រូវបានអ្នកនិពន្ធកាឡៃប្រឌិតចេញជាពីខ្លឹមសារស្នាដៃអក្សរសីល្ប៍ខ្មែររឿង ទុំទាវ ដែលជាស្នាដៃអក្សរសីល្ប៍ក្នុងកម្មវិធីសិក្សារបស់សិស្សចំណេះទូទៅធ្វើឲ្យប្រាសចាកពីខ្លឹមសារដើមបង្កឲ្យមានការភ័ន្តច្រឡំពីសាធារណជនពិសេសសិស្សានុសិស្ស៕

កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment