
ភ្នំពេញ: ប្រធានអង្គភាពប្រឆាំងអំពើពុករលូយ បានហៅរបាយការណ៍របស់ អង្គការតម្លាភាពកម្ពុជា (TI) មានចារិក នយោបាយ លាបពណ៌ និងគ្មានមូលដ្ឋានបច្ចេកទេស វិជ្ជាជីវ: ជំនាញការអន្តរជាតិ ក៏មិនទទួលស្គាល់ និងស្ថាប័នប្រឆាំងអំពើពុករលួយរបស់អអង្គការសហប្រជាជាតិ ក៏មិនទទួលស្គាល់។ រីឯអុ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានហៅរបាយការណ៍ ដែលចេញដោយ អង្គតម្លាភាពកម្ពុជា គឺជារបាយការណ៍ ដែលមានចរិកវិទ្ធង្សនា និងមិនឆ្លើយតបស្តង់ដា របស់អង្គការសហប្រជាជាតិ និងជារបាយការណ៍ ដែលមាននិន្នាការប្រឆាំង ជាមួយរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ គេហទំព័រ CEN ឲ្យដឹងថា អង្គការតម្លាភាពកម្ពុជា (TI) បានដំណើរការ ការដាក់ពិន្ទុប៉ុន្មានឆ្នាំមកនេះ ដោយគ្មានមូលដ្ឋានបច្ចេកទេស វិជ្ជាជីវ: ជំនាញការអន្តរជាតិ ក៏មិនទទួលស្គាល់ របៀបធ្វើបែបនេះរបស់ អង្គការតម្លាភាពកម្ពុជា ស្ថាប័នប្រឆាំងអំពើពុករលួយ របស់អង្គការសហប្រជាជាតិ ក៏មិនទទួលស្គាល់ ការធ្វើបែបនេះរបស់ អង្គការតម្លាភាពកម្ពុជាដែរ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “របៀបធ្វើ និងដាក់ពិន្ទុរបស់ ធីអាយ មានចារិក នយោបាយ លាបពណ៌ ហើយចំណុចសំខាន់ ដែលអន្តរជាតិ មិនយកបានជាដាច់ខាតនោះ គឺវិធីដាក់ពិន្ទុរបស់ធីអាយនេះ នាំមកនូវការបែកបាក់គ្នា ដែលផ្ទុយពីគោលការ អ.ស.ប គឺការរួមគ្នាប្រឆាំងពុករលួយ”។
ចំណែកលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ ថា របាយការណ៍នេះ គឺជាមានចរិកវិទ្ធង្សនា និងមិនឆ្លើយតបស្តង់ដារ របស់អង្គការសហប្រជាជាតិទេ ហើយក៏ជារបាយការណ៍ ប្រឆាំងជាមួយរាជរដ្ឋាភិបាល និងក្នុងផលប្រយោជន៍ ផ្ទាល់ខ្លួន មិនមែនជារបាយការណ៍ ដែលអាចយកប្រើការបាន។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនឲ្យតម្លៃ និងមិនយកចិត្តទុកដាក់ លើរបាយការណ៍នោះទេ។
អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា “អ្វីជាហេតុផលដែល យើងមិនទទួលស្គាល់ និងមិនឲ្យតម្លៃលើ របាយការណ៍វិទ្ធង្សនានោះ គឺយើងមើលទៅអ្វីដែល ធនាគារពិភពលោក បានឆ្លុះបញ្ចាំង បានប្រាប់ជាសាធារណៈដល់ ពិភពលោកថា កម្ពុជាទទួលបានចំណាត់ថ្នាក់ នៅក្នុងការធ្វើឲ្យផលិតផលក្នុងស្រុក ដែលមានកំណើន ជាមធ្យម ៧,៦ ក្នុងរយៈពេល ២០ ឆ្នាំទៅមុខ។ យើងមើលការសន្សំ របស់រាជរដ្ឋាភិបាល សន្សំបានច្រើន រហូតទៅដល់មានប្រាក់ បង្កើនបៀវត្សមន្ត្រីរាជការ និងការអភិវឌ្ឍនានាបន្ថែម”។
លោកបានលើកឡើងថា ការបណ្តាក់ទុនចូលមកស្រុកខ្មែរ គឺមានកំណើន នៃការបណ្តាក់ទុន ក៏ដូចជាកំណើន នៃស្រទាប់កណ្តាលរបស់មហាជន ហើយបង្ហាញយ៉ាង ជាក់ច្បាស់ណាស់ គឺរាជរដ្ឋាភិបាលនេះ មិនមែនត្រឹមតែប្រឆាំង នូវអំពើពុករលួយទេ គឺយើងធ្វើដោយប្រសិទ្ធភាព ដោយទទួលបានកំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើនការបណ្តាក់ទុន ជាពិសេសកំណើន នៅស្រទាប់កណ្តាល៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment