ជាតិ

ប៉ុន្មាន​ម៉ោង​មុន​ចប់​អាណត្តិ លោក​អូ​បា​ម៉ា ឆ្លៀត​ផ្ដល់​លុយ​២២១​លាន​ដុល្លារ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​



អតីត​ប្រ​ធានា​ធិ​ប​តិ​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រើប្រាស់​ពេល​ចុងក្រោយ​នៃ​ការ​កាន់អំណាច​ដើម្បី​ផ្ទេរ​ទឹកប្រាក់​ដល់​ទៅ​២២១​លាន​ដុល្លារ​ទៅ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន និង​ជាច្រើន​លាន​ដុល្លារ​ទៀ​តទៅ​ឲ្យ​កម្មវិធី​អភិវឌ្ឍ និង​អង្គការសហប្រជាជាតិ​ជាដើម​។ ទឹកប្រាក់​ដ៏​ច្រើន​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​ដែល​លោក អូ​បា​ម៉ា ឆ្លៀត​ផ្ដល់​ឲ្យ​តែ​ប៉ុន្មាន​ម៉ោង​មុន​ការស្បថ​ចូលកាន់​អំណាច​របស់លោក ដូ​ណា​ល់ ត្រាំ គឺជា​ទឹកប្រាក់​ដែល​រដ្ឋសភា​រារាំង​ពេលកន្លងមក ដ្បិត​ប៉ា​ឡេ​ស្ទី​ន​ស្វែងរក​សមាជិកភាព​នៅតាម​អង្គការ​អន្តរជាតិ​នានា​។

សឹងតែ​ផុត​អាណត្តិ​ទៅហើយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចិត្ត​បញ្ជូន​លុយ​សន្ធឹកសន្ធាប់​ដល់​ទៅ​២២១​លាន​ដុល្លារ ទៅ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​។ មន្ត្រី​ក្រសួងការបរទេស និង​អ្នក​ស្និទ្ធ​សមាជិក​រដ្ឋសភា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា រដ្ឋបាល​ចប់​អាណត្តិ​របស់លោក អូ​បា​ម៉ា បានផ្ដល់​ដំណឹង​ឲ្យ​សភា​ពី​រឿង​ផ្ទេរ​លុយ​ទៅ​ប៉ា​ឡេ​ស្ទី​ន​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា គឺ​តែ​ប៉ុន្មាន​ម៉ោង​មុន​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​តី​៤៥ ។​

​មន្ត្រី​ក្រសួងការបរទេស​ដដែល​បន្តថា អតីតរដ្ឋមន្ត្រី​ការបរទេស ច​ន ឃែ​រី ក៏បាន​ជូនដំណឹង​នេះ​ទៅកាន់​សមាជិក​រដ្ឋសភា​ខ្លះ មុនពេល​លោក​ចាក​ចេញពី​ទីស្ដីការក្រសួង​។ ចំណែក​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​សភា ក៏​បញ្ជាក់ដែរថា លិខិត​ជូនដំណឹង​ចុះ​ថ្ងៃទី​២០ ខែមករា ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​តែ​រយៈពេល​ខ្លី​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់ផ្ដើម​។​

​ជាមួយនឹង​ការផ្ដល់​ទឹកប្រាក់​ដ៏​ច្រើន​នេះ អតីត​ប្រធានាធិបតី អូ​បា​ម៉ា បាន​ទាត់ចោល​ការសម្រេច​រប​ស់​សមាជិក​ខ្លះ​រដ្ឋសភា ដែល​ជំទាស់​ការផ្ដល់​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​។ សារព័ត៌មាន Fox News ផ្សាយ​ថា ទឹកប្រាក់​ដែល​ត្រូវ​ផ្ដល់​ឲ្យ​នេះ បានមកពី​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ និង​មាន​គោលដៅ​ជួយ​គាំទ្រ​ការផ្ដល់​ជំនួយ​មនុស្សធម៌ និង​ការកែទម្រង់​នយោបាយ និង​សន្តិសុខ​នៅ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅ​រយៈពេល​ចុងក្រោយ​នៃ​អាណត្តិ​ដឹកនាំ លោក អូ​បា​ម៉ា បាន​បន្ទន់​ជំហរ​ដាក់​ប៉ា​ឡេ​ស្ទី​ន បើទោះជា​ធ្វើ​ឲ្យ​អ៊ីស្រាអែល ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​ខឹងសម្បារ​មិន​សប្បាយចិត្ត​ក្ដី​។ កាលពី​ខែធ្នូ ឆ្នាំ​២០១៦ អាមេរិក ថែមទាំង​បោះឆ្នោត​មិន​ប្រឆាំង​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​ថ្កោលទោស​សកម្មភាព​បំពាន​របស់​អ៊ីស្រាអែល​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ទៀតផង​។​

​ពេលនោះ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ខឹង​រដ្ឋបាល​អតីត​ប្រធានាធិបតី អូ​បា​ម៉ា យ៉ាងខ្លាំង និង​ថែម​ទាំ​ប្រើ​ពាក្យរិះគន់​ធ្ងន់ៗ​ទៀតផង ដ្បិត​អាមេរិក​មិនដែល​បោះឆ្នោត​មិន​ប្រឆាំង​បែបនេះ​ឡើយ នៅពេល​ក្រុមប្រឹក្សាសន្តិសុខ​ព្យាយាម​ចេញ​សេចក្ដីសម្រេច​ថ្កោលទោស​អ៊ីស្រាអែល​នោះ​។ អ៊ីស្រាអែល ក៏​យល់ថា រដ្ឋបាល​លោក អូ​បា​ម៉ា បាន​បោះបង់​ការគាំទ្រ​លើ​រដ្ឋ​ជ្វី​ហ្វ​មួយ​នេះដែរ ហើយ​ការផ្ទេរ​លុយ​នេះ​ទៀតសោត ប្រាកដជា​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ខកចិត្ត​ទៀត​មិន​ខាន​៕

ថ្មី​ៗ
អត្ថបទ : តន ចាន់​រិ​ទ្ធា​រ៉ា

No comments: