
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនមានដូចជា ក្រុមហ៊ុន Microsoft, Amazon និង Expedia Inc បានជួយផ្តល់ការគាំទ្រផ្លូវច្បាប់ចំពោះបណ្តឹងរៀបចំឡើងដោយរដ្ឋវ៉ាស៊ីនតោនដែលប្រឆាំងបទបញ្ជាប្រធានាធិបតី ដួណាល់ ត្រាំ ហាមឃាត់ជនអន្តោប្រវេសន៍ចូលអាមេរិកបណ្តោះអាសន្ន។
រដ្ឋវ៉ាស៊ីនតោនបានក្លាយជារដ្ឋដំបូងបំផុតដែលប្តឹងប្រធានាធិបតី ដូណាល់ ត្រាំ ដែលចេញបទបញ្ជាហាមជនអន្តោប្រវេសន៍មកពីប្រទេសម៉ូស្លីម ៧លើពិភពលោក ចូលទឹកដីអាមេរិក។ គេឃើញក្រុមហ៊ុនបច្ចេកវិទ្យាធំៗច្រើនដែរប្រកាស ផ្តល់ការគាំទ្រផ្លូវច្បាប់ចំពោះពាក្យបណ្តឹងរៀបចំដោយអគ្គរដ្ឋអាជ្ញារដ្ឋដែលប្រឆាំងបទបញ្ជាលោក ដូណាល់ ត្រាំ នេះ។
អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋវ៉ាស៊ីនតោនលោក Bob Ferguson ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Expedia Inc ដែលមានទីតាំងនៅក្រុង Seattle នឹងផ្តល់ការគាំទ្របណ្តឹងរបស់រដ្ឋនេះ។
លោក Bob Ferguson បានបញ្ជាក់ថាបណ្តឹងដែលលោករៀបចំនោះមានបញ្ជាក់ពីមាត្រាពាក់ព័ន្ធក្នុងរដ្ឋធម្មនុញ្ញ រួមទាំងចោទប្រកាន់ថា បទបញ្ជាដូណាល់ ត្រាំ រំលោភ មាត្រាស្តីការការពារដោយស្មើភាពគ្នា និង ការវិសោធនកម្មរដ្ឋធម្មនុញលើកដំបូងផងដែរ។
ចំណែកក្រុមហ៊ុន Microsoft Corp ដែលមានទីតាំងនៅក្នុងរដ្ឋវ៉ាស៊ីនតោនដែរនោះក៏កំពុងសហការជាមួយការិយាល័យអគ្គរដ្ឋអាជ្ញាដើម្បីស្វែងយល់ពីផលប៉ះពាល់ដែលបង្កឡើងដោយបទបញ្ជារបស់លោក ត្រាំ ដើម្បីផ្តល់ការគាំទ្រផ្លូវច្បាប់បន្ថែម។
ពាក់ព័ន្ធបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezon បានបញ្ជាក់ប្រាប់និយោជិតរបស់ខ្លួនថា៖« សូមផ្ញើទៅកាន់បុគ្គលិករបស់យើងនៅអាមេរិកនិងនៅទូទាំងពិភពលោកដែលអាចរងផលប៉ះពាល់ដោយសារបទបញ្ជានេះ ខ្ញុំចង់បញ្ជាក់ប្រាប់អ្នកថា ធនធានទាំងអស់របស់ក្រុមហ៊ុន Amazon គឺនៅពីក្រោយអ្នកនិងគាំទ្រអ្នក»។
ចលនាប្រឆាំងលោក ដូណាល់ ត្រាំ កាន់តែផុសផុលឡើងខ្លាំងមកដល់ដើមសប្តាហ៍នេះ ទាំងនៅអាមេរិកនិងនៅប្រទេសមួយចំនួនទៀតដោយពួកគេទាមទារឲ្យ ដូណាល់ ត្រាំ បញ្ឈប់ចំណាត់ការខ្លួន។
ត្រឡប់មកវិញ ពាក់ព័ន្ធបណ្តឹងរបស់ការិយាល័យអគ្គរដ្ឋអាជ្ញាប្រឆាំងលោក ត្រាំ អភិបាលរដ្ឋលោក Jay Inslee មកពីបក្សប្រជាធិបតេយ្យ បានលើកឡើងថា វាជារឿងសំខាន់ដែលរដ្ឋបាលត្រាំ ត្រូវប្រឈមបណ្តឹងរបស់រដ្ឋ មិនមែនត្រឹមតែបណ្តឹងដែលរៀបចំដោយប្រជាជនដែលរងផលប៉ះពាល់ឡើយ។
លោកបន្តថា៖ «វាជាប្រមាថ និងជាគ្រោះថ្នាក់ចំពោះមនុស្សទាំងអស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ក៏ដូចជាប៉ះពាល់ជំនឿដែរ»។
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment