ជាតិ

Showing posts with label វប្បធម៌. Show all posts
Showing posts with label វប្បធម៌. Show all posts

ពិធីបង្កក់កូន ៖ សុំ​ដូនតា​ទទួលស្គាល់​សមាជិក​ថ្មី និង​ខមាទោស​យាយ​ម៉ប​



ពិធីកាត់សក់​បង្កក់ឆ្មប ដែល​អ្នកស្រុក​អង្គរ​ទម្លាប់​ហៅ​យ៉ាងខ្លី​ថា បង្កក់កូន តាមពិត​ទៅជា​ពិធី​ដែល​គេ​ធ្វើឡើង​ដើម្បី​សុំ​ខមាទោស និង​ថ្លែងអំណរគុណ​ចំពោះ​យាយ​ម៉ប (​ឆ្មប​) ដែល​បាន​ជួយ​ខ្នះខ្នែង​ទាំងយប់​ព្រលប់ ក្នុងពេល​ឆ្លងទន្លេ​។ មិនតែប៉ុណ្ណោះ ពិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​សែនដូនតា​សុំ​ឲ្យ​ទទួលស្គាល់​កូនចៅ​ដែល​ទើប​កើតមក បានរួម​រស់​សុខ​សប្បាយ​ជាមួយ​សហគមន៍​របស់​ខ្លួន​ផង​។​

អ្នក​នៅ​តំបន់​អង្គរ​សព្វថ្ងៃ ទោះបីជា​បាន​វិ​វត្ត​ពី​ការឆ្លង​ទន្លេ​នៅតាម​ផ្ទះសម្បែង ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ដូច​តំបន់​ទូទៅ​ក្តី ក៏​នៅ​រក្សា​ទំនៀម​កាត់សក់​បង្កក់ឆ្មប​ដដែល​។ អ្នក​អង្គរ​បាន​អញ្ជើញ​ស្ត្រី​ចំណាស់​មួយរូប ដែល​ធ្លាប់មាន​មុខរបរ​ជាយា​យ​ម៉ប​មក​បំពេញ​កិច្ច​នេះ​។ ពុំមាន​កិច្ច​ពិធី​អ្វី​ច្រើន​ទេ គេ​ធ្វើ​ត្រឹម​តែមួយព្រឹក​ប៉ុណ្ណោះ ហើយ​បើ​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ ចំណុច​សំខាន់​នៃ​ពិធី​គឺ​ប្រហែល​១​ម៉ោង​ប៉ុណ្ណោះ​។ ក្រៅពីនោះ មានតែ​ការរៀបចំ​គ្រឿង​រណ្តាប់ និង​លៀងភ្ញៀវ​ដែល​មក​ចូលរួម​តាម​ការអញ្ជើញ​របស់​សាមី​ពិធី​។​

​គ្រឿង​រណ្តាប់​សំខាន់​ដែល​គេ​រៀបចំ​សម្រាប់​ពិធី​នេះ​មាន គ្រឿង​ស្លាធម៌​បាយសី​ពីរ​ថាស មួយ​ថាស​សម្រាប់​អាចារ្យ និង​មួយ​ថាស​ទៀត​សម្រាប់​យាយ​ម៉ប​។ គ្រឿង​រណ្តាប់​ទាំងពីរ​ថាស​មិនមាន​អ្វី​ប្លែក​គ្នា​ទេ ឃើញ​លើស​តែ​ថាស​យ៉ា​យ​ម៉ប​បន្តិច​ត្រង់​មាន កូន​ពាន​មួយ​ដាក់​អំបោះ​ក្រហម កន្ត្រៃ​កាត់សក់ ស្និត ឡា​ម​កោរសក់​... សម្រាប់​យាយ​ម៉ប​ធ្វើ​ពិធី​ដូចជា​កាត់សក់ កោរសក់ និង​សង្កត់​ព្រលឹង​ទារក​។​

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ បង្ហាញ​ពី​ការ​សាមគ្គី និង​ស្រឡាញ់​វប្បធម៌​ជាតិ របស់​អ្នកស្រុក​អង្គរ​



សៀមរាប: ​បើទោះបីជា​ស្រុកទេស មានការ​រីកចម្រើន វិទ្យាសាស្ត្រ​ទំនើប​ខ្លាំង តែ​ជំនឿ​នៅតែ​ជា​រឿង​សំខាន់បំផុត ក្នុង​ជីវភាព​រស់នៅ របស់​អ្នកស្រុក​អង្គរ ដដែល​។ ពួកគាត់​តែង​យក​ជំនឿ​ជាធំ មិន​ថា​អ្នករកស៊ី អ្នកមាន​វិបត្តិ មុន​ធ្វើ​អ្វីមួយ ឬ​រៀបចំ​ពិធី​ផ្សេងៗ​ទេ ដើម្បី​ជួយ​ដោះស្រាយ ជួយ​ជា​កម្លាំងចិត្ត និង​ធ្វើ​ឱ្យចំ​ពេលា​ល្អ មាន​សិរី​សួស្តី ហើយ​រាល់​ពិធី​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង សុំ​សេចក្តីសុខ​សប្បាយ និង​ការ​រឭក​ដឹងគុណ​ជាដើម​។

​ក្រៅពីនោះ​ទៀត អ្នកស្រុក​អង្គរ ក៏​នៅ​រក្សា​ទំនៀម បុណ្យប្រពៃណី ទៅតាម​រដូវ​កាល យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ ដូចជា​ពិធីបុណ្យ​ឡើងអ្នកតា (​ឡើង​មាឃ​) នា​ថ្ងៃ​៣​កើត ខែមាឃ ដែល​អ្នកស្រុក ក្នុង​តំបន់​អង្គរ បាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ត​ពី​បុរាណកាល​មក មិនដែល​ខកខាន​។ ជាក់ស្តែង កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​៣ កើត ខែមាឃ ប្រជាជន​ដែល​នៅ​ជុំវិញ ប្រាសាទអង្គរវត្ត បាន​ស្រា​ក់ដៃ​គ្នា រៀបចំ​ពិធី​ឡើង​មាឃ ឬ​ឡើង​លោកតា​រាជ្យ ទៅតាម​ទម្លាប់ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន រួមទាំង​ចូលរួម​ថែរក្សា ជំនឿ​វប្បធម៌​ខ្មែរ ឱ្យ​នៅរស់​លើទឹក​ដី​ដ៏​ស័ក្តិសិទ្ធិ​នេះ​។​

​ចំពោះ​ការរៀបចំ​គ្រឿង​រណ្តាប់ នៅក្នុង​ពិធី​នេះ មាន​ស្លាធម៌ បាយសី ជម​៤ គ្រឿង​សំណែន មាន់ស្ងោរ ក្បាលជ្រូក បាយ​សម្ល បង្អែមចម្អាប ផ្លែឈើ ភ្ញីផ្កា ស្រាស ទឹកក្រូច​ជាដើម ពិសេស​គឺ​នំ​បញ្ចុក តែម្តង ដែល​ធ្វើ​សម្រាប់ ចែកជូន​អ្នកចូលរួម​ពិសា ។ ពិធី​នេះ​កើតឡើង​ពី​សាមគ្គីភាព របស់​អ្នកស្រុក​គ្រប់គ្នា ដែល​ស្រឡាញ់​វប្បធម៌​ជាតិ និង​ជំនឿ ដែលមាន​តាំងពី​បុរាណ​។

​ក្នុង​ពិធី​នេះដែរ អ្វីដែល​ពិសេស ដើម្បីឱ្យ​មនុស្ស និង​អ្នកតា អាច​ប្រាស្រ័យ​ទាក់ទង​គ្នា បាន​ផង និង​ញ៉ាំង​ពិធី​ឱ្យ​កាន់តែ អធិកអធម សប្បាយរីករាយ​ផង​នោះ គឺ​វង់​តន្ត្រីបុរាណ​ខ្មែរ និង​អ្នក​ចូល​រូប ដែល​តំណាងឱ្យ​អ្នកតា ថែរក្សា​នៅ​ទី​ស័ក្តិសិទ្ធិ​ទាំងនោះ ដែល​មិនអាច​ខ្វះ​បានឡើយ​។ កិច្ច​ពិធី​បានចាប់ផ្តើម ដោយ​ការសូត្រ នមស្សការ រំឭក​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​ឆាក​ហ៊ោ បួងសួង ដល់​វត្ថុ​ស័​ក្ត​សិទ្ធិ អញ្ជើញ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី ឱ្យចូល​មកកាន់​ទីកន្លែង ដែល​អ្នកភូមិ​បានរៀបចំ​ជូន​។​

​បន្ទាប់ពី​ចប់​កិច្ច​ពិធី​នេះហើយ ភ្លេង​ក៏​ចាប់ផ្តើម​ប្រគំ អម​ទៅដោយ​អ្នក​ចូល​រូប (​ស្នង​រូប​អ្នកតា ឬ​បារមី​ផ្សេងៗ​) រាំរែក​តាម​ចង្វាក់ភ្លេង​។ អ្នកតា​ដែល​ចូលមក មាន​ច្រើន​រូប អត្តចរិត​ខុសគ្នា ចំណូលចិត្ត ក៏​ខុសគ្នា ខ្លះ​ស្លូតបូត ខ្លះ​កាច ខ្លះ​ក្រមិចក្រមើម ហើយ​តន្ត្រី ក៏ត្រូវ​ប្រគំ ទៅតាម​ចំណង់​ចំណូលចិត្ត របស់​អ្នកតា ដែល​ចូល​រូបអ្នក​ស្នង​ដែរ បើ​មិន​អ៊ីចឹង​ទេ អ្នកតា​នឹង​ខឹង មិន​រាំលេង ឬ​មិន​ចូល​រូប​ដែល​ស្នង​។ ពេល​អ្នកតា ចូល​រូប​ហើយ អ្នកស្រុក​បាន​អញ្ជើញ​ឱ្យ អ្នកតា​សេពសោយ​អាហារ ដែល​បានរៀបចំ​ជូន ហើយ​សួរនាំ​អ្នកតា ពី​រឿងរ៉ាវ​ផ្សេងៗ ពី​ការរៀបចំ គ្រឿង​សំណែន គ្រឿង​រណ្តាប់ តើ​រៀបចំ​ត្រឹមត្រូវ ល្មម​គ្រប់គ្រាន់ ឬ​យ៉ាងណា ក្រែងលោ​មាន​កំហុសឆ្គង ដោយ​ប្រការ​ណាមួយ និង​សុំ​សេចក្តីសុខ ដល់​ខ្លួន និង​ក្រុមគ្រួសារ​។ ឯ​អ្នកស្រុក​ដែលមាន​ជំនឿ ក៏បាន​សុំឱ្យ​ជួយ​ព្យាបាល​ជំងឺ សុំ​ទឹកមន្ត និង​លាភសក្ការៈ​ផងដែរ​។

​បើតាម​ជំនឿ​របស់​អ្នកស្រុក ដែល​ប្រារព្ធ​ពិធី​នេះ គឺ​ដើម្បីឱ្យ​អ្នកតា ដែល​ថែរក្សា​ភូមិ​ស្រុក ឬ​ទីតាំង​ស័ក្តិសិទ្ធិ បាន​រាំលេង​សប្បាយ ព្រមទាំង​អរគុណ ដល់​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​បានផ្តល់​ទឹកភ្លៀង ធ្វើឱ្យ​ដី​មាន​ជីជាតិ មិនឱ្យ​ទឹកទន្លេ​ឡើង​ខ្លាំង និង​ធ្វើឱ្យ​ស្រូវ​គាត់ បាន​ភោគផល​ច្រើន​។ មួយវិញទៀត ក៏​ធ្វើ​ដើម្បី​សុំឱ្យ​កូនចៅ សុខ​សប្បាយ និង​លាបំណន់​ដែល​បាន បែរបន់​ចំពោះ​កសិកម្ម ឬ​ការងារ​អ្វី​ផ្សេង ក្រែងលោ​អ្នកតា​ចាំមាត់​ចាំ​ក បើ​មិន​បានធ្វើ នាំឱ្យ​ខុសឆ្គង​កើត​គ្រោះភ័យ ដល់​ខ្លួន​និង​ភូមិ​ស្រុក​។ «​អ្នកតា​» ចំពោះ​អ្នកស្រុក គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ​បំផុត ព្រោះ​ជា​អ្នកថែរក្សា​ស្រុក អ្នក​ឃុំគ្រង​កូនចៅ ឱ្យបាន​សុខ​សប្បាយ គួរឱ្យ​គោរពបូជា មិនអាច​មើលងាយ ឬ​លេងសើច​បានទេ​។​

​តាម​ការលើកឡើង របស់លោក សេង ធី នៅ​សង្កាត់​សាលាកន្សែង ខេត្តសៀមរាប ជា​អ្នក​ផ្តួចផ្តើម​ពិធី​ឡើង​មាឃ នៅ​ប្រាសាទអង្គរវត្ត មុខ​ផ្លូវ​ចូលទៅ​តារា​ជ្យ បាន​ប្រាប់ថា ជា​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​ថ្ងៃ ៣ កើត ខែមាឃ គាត់​និង​អ្នកភូមិ​ជុំវិញ​អង្គរ តែងតែ​ជួបជុំ ប្រមូល​ថវិកា​គ្នា តិចតួច ដើម្បី​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើង​តារា​ជ្យ មិនដែល​ខាន​ទេ ព្រោះនេះ​ជា​ទម្លាប់ ពី​បរម​បុរាណ ហើយ​ចាស់ៗ ក៏បាន​ផ្តែផ្តាំ កុំឱ្យ​បំភ្លេច ទើប​ខំ​ធ្វើ ទោះបី​មាន​លុយ ឬ​អត់លុយ​ក៏ដោយ​។
​ម្យ៉ាង​ពេលធ្វើ​ហើយ កូនចៅ ក៏បាន​សុខ​សប្បាយ រកស៊ី​មានបាន សំខាន់​យើង​បាន​ថែរក្សា បុណ្យ​ពី​បុរាណ​យើង ឱ្យនៅ​ស្ថិតស្ថេរ​តកូនតចៅ​។ ចំពោះ​លោក ប្រាសាទ​អង្គរ មិន​ត្រឹមតែ​ជា​កន្លែង សម្រាប់​ទេសចរ ទស្សនា​កម្សាន្ត​ទេ តែ​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ ក្នុងការ​គោរពបូជា របស់​ប្រជាជន​ខ្មែរ ហើយ​លោក និង​អ្នកភូមិ ប្ដេជ្ញា​បន្ត​ពិធី​នេះ ជា​រៀងរហូត ឱ្យ​រស់​រវើក​នៅក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ និង​ផ្នត់គំនិត​កូន​ខ្មែរ នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ ដ៏​អស្ចារ្យ​នេះ​ផងដែរ​៕



CEN
ដោយ: ​អាជ្ញាធរ​ជាតិ​អប្សរា

ភាពយន្ត​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង នឹងមាន​ចាក់​បញ្ចាំង​នៅលើ​ទូរទស្សន៍​បាយ័ន​នា​រាត្រី​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ​នេះ​ហើយ​



ភ្នំពេញ​ ៖​ ស្រប​ពេល​ជាមួយគ្នា ​ដែល​ខ្សែភាពយន្ត​ភាគ​របស់​ខ្មែរ​រឿង បំណុល​ជីវិត ត្រៀប​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​នា​រាត្រី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ដែរ​ ក៏​មាន​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​ថ្មី​មួយទៀត​ជា​ស្នាដៃ​ផលិត​និពន្ធ​របស់​ផលិតកម្ម​មហាហង្ស​គឺ​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង ត្រៀម​នឹង​បង្ហាញ​វត្តមាន​ផ្លូវការ​នា​រាត្រី​ថ្ងៃ​ទី​០២ ខែកុម្ភៈ នេះ​ផង​ដែរ​។​

ខ្សែភាពយន្ត​ភាគ​របស់​ខ្មែរ​ ដែល​នឹង​ចាក់​បញ្ចាំង​ស្របគ្នា​ជាមួយ​រឿង បំណុល​ជីវិត គឺ​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង របស់​ផលិតកម្ម​មហាហង្ស​នេះ​ ជា​ប្រភេទ​រឿង​ដែល​បង្កប់​នូវ​អត្ថន័យ​បែប​កាច់​កុង ឌឺដង ក្និកក្នក់ ច្រណែន​ឈ្នានីស និង​កំប្លែង​សើច​ ដោយមាន​វត្តមាន​តា​រា​ល្បីៗ​ប្រុស​-​ស្រី​ជាច្រើន​ចូលរួម​សម្តែង​បង្ក​ឲ្យ​មាន​លក្ខណៈ​ចាប់អារម្មណ៍​ចង់​តាមដាន​ស្ទើរ​មិន​ដាក់​ភ្នែក​ពី​មហាជន។

ភាពយន្ត​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង គឺជា​ស្នា​ដៃ​និពន្ធ​ដោយ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ដោយផ្ទាល់​គឺ​លោក អ៊ិន សុ​ភិន ខណៈ​ខ្សែភាពយន្ត​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ដូចជា​៖ លោក ហេង នរៈ​សក្កដា ,​លោក ច​ន អេ​ឡិច​ដា​ហ្វី ,​កញ្ញា លឹម មួយ​ហ្គេ​ច ,​កញ្ញា ណា សា​ឌី ,​លោក ជា សំណាង ,​កញ្ញា ញឹម ចាន់ថន ,​កញ្ញា ម៉ុ​ន ផល​ចរិយា រួមជាមួយ​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត​។​

រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង ដែលជា​ស្នាដៃ​ថ្មី​របស់​ផលិតកម្ម​មហាហង្ស​គឺ​នឹង​មាន​ការចាក់​បញ្ចាំង​នៅលើ​ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​នា​រាត្រី​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ចាប់ពី​វេលា​ម៉ោង ៨​ដល់​ម៉ោង​៩ យប់​ជា​រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ ពោលគឺ​បន្ទាប់ពី​រឿង បំណុល​ស្នេហ៍។

សូមបញ្ជាក់ថា វណ្ណកម្ម​ថ្មី​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅលើ​ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​នេះ​ជា​រឿង​ដែល​ផ្តោតលើ​បុរស​តែងមាន​​ចរិត​ជា​ស្រី​ ហើយ​តួ​ស្រី​វិញ​បែរជា​មាន​ចរិត​ជា​ប្រុស​ចូលចិត្ត​ធ្វើខ្លួន​ប្លែកៗ​នៅ​ស្រុកស្រែ​ ដែ​ល​មាន​​ចរិត​បែប​អ្នក​ជនបទ​ និង​មិន​ជឿ​លើ​ខ្លួនឯង​ថា​មានឱកាស​ក្លាយ​ជា​តារា​ល្បី​ឡើយ៕

កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា

ក្រសួងព័ត៌មានសើ្នឲ្យចាក់ផ្សាយរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ ខណៈក្រសួងវប្បធម៌បដិសេធ



ក្រសួងព័ត៌មានបានសើ្នឲ្យចាក់បញ្ចាំងខ្សែភាពយន្ដ «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមិនឲ្យផ្សាយលើកញ្ចក់ទូរទស្សន៍ PNN។ ប៉ុន្ដែសំណើនេះត្រូវបានក្រសួងវប្បធម៌បដិសេធ។

សេចកី្ដប្រកាសរបស់ក្រសួងព័ត៌មានចុះផ្សាយនៅថៃ្ងអង្គារម្សិលមិញ ឲ្យដឹងថា ក្រសួងព័ត៌មានបានណែនាំឲ្យស្ថានីយទូរទស្សន៍ PNN កែសម្រួលចំណង់ជើងភាពយន្ត «ភកី្ដសេ្នហ៍ឆ្លងភព» ដោយថា ដើម្បីឲ្យមានលក្ខណៈសមស្របតាមបែបភាពយន្តវិទ្យាសាស្រ្តស្រមើស្រមៃ។ ក្រសួងព័ត៌មានក៏បានណែនាំស្ថានីយទូរទស្សន៍ PNN បន្ថែមឃ្លានៅជាប់ចំណង់ជើងភាគយន្តនេះថា «ភកី្ដសេ្នហ៍ឆ្លងភព គឺជាខែ្សភាពយន្តវិទ្យាសាស្រ្តស្រមើស្រមៃ» ដោយផ្សាយនៅពេលបើកឆាកដំបូង និងពេលចប់ឈុតនីមួយៗ ព្រមទាំងមានអក្សររត់លើអេក្រង់ទូរទស្សន៍ ដើម្បីកុំឲ្យមហាជនភ័ន្តច្រឡំជាមួយនឹងរឿងទុំទាវបុរាណ។

ក្រសួងព័ត៌មាន​ក៏បានទទូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតឲ្យចាក់បញ្ចាំងភាពយ​ន្ដរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ ដោយថា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់ស្ថានីយទូរទស្សន៍ ដែលខិតខំផលិតភាពយន្តសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ តាមអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។

ពាក់ព័ន្ធករណីនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ VOD នៅក្រោយកិច្ចប្រជុំមួយនៅសាលចតុមុខនៅថ្ងៃពុធនេះថា ក្រសួងវប្បធម៌មិនបានពិចារណាឲ្យចាក់ផ្សាយភាពយន្ត «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញទេ ដោយលោកស្រីថា ​រឿងនេះបានរំលោភបំពានសិទ្ធិរបស់អ្នកនិពន្ធ និងបានកម្លាយរឿង «ទុំទាវ» ចាស់ ខុសពីការពិត ដោយឲ្យ ទុំ និងទាវ​ មានជីវិតរស់ឡើងវិញ។ លោកស្រីបន្ដថា ការនេះនឹងធ្វើឲ្យកូនខ្មែរជំនាន់ក្រោយភ្លេចរឿងទុំទាវចាស់ ដោយថា បច្ចុប្បន្ន ពួកគេមិនសូវជាចូលចិត្តអានសៀវភៅរឿង «ទុំទាវ» ច្រើនប៉ុន្មានទេ។

លោកស្រីថា៖ «ខ្ញុំអត់មានពិចារណា នឹងឲ្យចាក់ផ្សាយឡើងវិញទេ បើសិនជាចាក់ផ្សាយឡើងវិញ ចេះចង់ជំរាបថា ការដែលយករឿងហ្នឹងទៅ អ្នកនិពន្ធមិនបានមកសុំសិទ្ធិ បើនិយាយទៅរឿងហ្នឹង ជារឿងទុំទាវតែម្ដង បើនិយាយទៅរឿងទុំទាវ ចុងក្រោយស្លាប់ ទុំទាវស្លាប់ ហើយការយើងឲ្យទុំទាវរស់ឡើងវិញ វាជារឿងមួយលំបាកទទួលដែរ។ ពីព្រោះយើងបារម្ភខ្លាច ក្មេងៗ ជំនាន់ក្រោយមានការភ័ន្ដច្រឡំ ក្មេងៗ ឥឡូវមិនសូវមើលសៀវភៅប៉ុន្មានទេណា»។

រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បន្ថែមថា នេះជាកំហុសរបស់អ្នកផលិតរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ដែលមិនបានបញ្ជូនរឿងនេះឲ្យក្រសួងវប្បធម៌ពិនិត្យ មុនចាក់ផ្សាយ។

កាលពីពេលថី្មនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្យៈបានផ្អាកមិនឲ្យចាក់ផ្សាយភាពយន្តភាគ «ភកី្ដសេ្នហ៍ទ្វេភព» របស់ស្ថានីយទូរទស្សន៍ PNN ដោយថា បានកាឡៃខុសពីខ្លឹមសារដើមរបស់រឿង «ទុំទាវ» បុរាណ ដែលជាស្នាដៃអក្សរសិល្ប៍នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ៕

VOD
ដោយ លោក ពេជ្រ ចំរុង​​

​​ភាព​យន្ត​​​​​​​​រឿង​ រាជ បូរី ​​​បើកចំហរពី​​​​ស្នេហា​ប្រុស​ស្រឡាញ់ប្រុស



បន្ទាប់ពីផលិតកម្មក្លាស៊ិក​​​ដែល​បិទទ្វារ​​​អស់ច្រើន​ឆ្នាំផលិតកម្មក្លាស៊ិក​​​ដែល​បិទទ្វារ​​​អស់ច្រើន​ឆ្នាំ កាលពី​ថ្ងៃទី​​២៩ខែមករា ​​ ​បាន​សម្រេច​ចិត្ត​បើកទ្វារ​ឡើង​​វិញ ​​​ជាមួយ​នឹង​ពិធី​ក្រុង​ពាលីរឿង​​​ «​​រាជបូរី​​ Comeback» ​ដែល​ភាពយន្ត​នេះ​​​និយាយពី​ជីវិតតស៊ូ​​​​របស់លោក រាជ បូរី​​​​ មុន​​ល្បី និង​មូលហេតុ​បណ្ដាល​ឲ្យលោក​​​​​​ក្រឡាប់​រថយន្ត​ស្លាប់​​​កាលពីខែ​មេសា​ក្នុង​ឆ្នាំ​​​២០១៦​។ ​​ផលិតករ​​បាន​អះអាងថា​​ ​ក្រៅពី​​​និយាយ​ពី​​ដំណើរជិវិត​របស់​​​​​​​​​​​អតីត​តារា​ចម្រៀង​​​លោក ​រាជ បូរី ​រឿងទាំង​មូល​ក៏​​ឆ្លុះបញ្ចាំង​ពី​ជីវិត​ស្នេហា​​ភេទ​ដូច​គ្នា​រវាង​​ប្រុស​នឹង​ប្រុស​​​ផងដែរ។

​លោក ហួរ សុផល ​​​​​​​​ម្ចាស់​​ផលិតកម្ម​ក្លាស៊ិក​​បានអះអាងថា​​​​​​ ​​​លោក​បានសម្រេច​ចិត្ត​បោះ​ទុន​​ធ្វើឲ្យ​​ផលិតកម្ម​​​​​ក្លាស៊ិកដំណើរ​ការជាថ្មី ​​​​បន្ទាប់ពី​​កត់សម្គាល់ឃើញថា​វិស័យភាពយន្ត​តាម​​រោង​កុន​​​ស្ទុះឡើង។ ខ្សែ​រឿងដែល​​លោកផលិត​គឺជាដំណើរជិវិតរបស់​លោក រាជ បូរី ​មុន​ស្លាប់ ​​ដោយ​លោក​​​បាន​​​​ដាក់ចំណង​រឿងថា ​​​«​​រាជបូរី ​​Comeback»។

ក្នុង​រឿង​នេះ​​ លោកថា​ការ​លាត​ត្រដាង​​ពី​ស្នេហា​​​​បុរស​​ស្រឡាញ់​បុរស​​ ក៏ជា​ប្រធានបទ​ផងដែរ ដើម្បី​​​​ឲ្យស្រប​នឹង​បរិបទ​ដែល​​​សង្គម​​ចាប់​ផ្ដើម​បញ្ចប់ការ​រើស​អើង​។ ហេតុ​ផលដែល​លោក​​ហ៊ាន​បញ្ចូល​​​​​​​សាច់រឿង​បែប​នោះ ​គឺ​បណ្ដាល​មកពី ​ទំនាក់ទំនង​​មិនប្រក្រតី​រវាង​បុរស​​​និង​បុរស ត្រូវ​លោក​ប្រាប់ថា​​​​កើតច្រើន ហើយ​លោកក៏​ចង់​អោយ​បុរស​ទាំង​​នោះ​ហ៊ាន​ទទួល​​យការពិត​​ ដោយ​​​​​បញ្ឈប់ស្ថានភាព​លាក់លៀម។

លោកនិយាយថា៖ ​​«​​​​ឥលូវ​ហ្នឹង​​​ស្នេហា​រវាង​ប្រុស​​នឹង​ប្រុសកាន់តែបើកចំហរ ចឹង​ហើយទើប​​ខ្ញុំសម្រេចចិត្ត​​បញ្ចូល​​​​ទិដ្ឋភាព​ហ្នឹង​ ​ជា​ប្រធាន​បទ​ធំ​ក្នុង​រឿង​រាជ​បូរី តែ​​កុំយល់ច្រលំថា​​ខ្ញុំលើកទឹកចិត្ត​អោយសង្គម​យើង​​ចឹង គឺគ្រាន់តែ​​​ចង់​អោយ​​​​​​សង្គម​ដឹង​ថា​បើគាត់​ក្លាយជា​ចឹង​ហើយ កុំស្អប់​ពួកគាត់ ហើយ​បើកចំហរ​អោយពួកគាត់​ស្រឡាញ់គ្នា​ទៅ ​យ៉ាង​ហោច​ណាស់ក៏ពួកគាត់មិន​បាន​​ធ្វើអ្វីដែល​​​​ខុស​ច្បាប់ ឬ​ប៉ះ​ពាល់​​​អ្នកណាដែរ​»។

​លោកថា ​​​តួអង្គ​​ដែលតំណាង​ឲ្យ​លោក រាជ បូរី ​មិន​​ពាក់ព័ន្ធ​នឹង​ស្នេហា​ភេទ​ដូចគ្នា​នោះទេ ប៉ុន្តែ​​​​​​​​​​លោកតម្រូវឲ្យ​​តួអង្គ​​​តំណាង​លោក រាជ បូរី ​ធ្វើជា​​ឈឺ​ឆ្អាលចំពោះ​ស្នេហា​ភេទ​ដូ​ចគ្នានៅ​ក្នុង​​​ខ្សែ​រឿងនោះ​វិញ។ លោក​ថា ​​តារា​​​​​ប្រុស​២រូប នឹង​​​​​​​​​​​​​​​បង្ហាញពីការ​តស៊ូ​​​​​​​​​​​​​​​​ស្រឡាញ់គ្នា ដោយ​ស្ថានភាព​​ចុង​​ក្រោយគឺពួកគេ​បាន​​ក្លាយជា​គូស្នេហ៍រស់​នៅជាមួយគ្នា ​ហើយ​​​​​លែងមានការ​រើសអើង​​​​​​​​រាំង​ស្ទះ។

លោកសម្រេចចិត្ត​​​​​និពន្ធ​ខ្លឹមសារ​​បែបនោះ ដើម្បីឆ្លុះ​បញ្ចាំងដល់សង្គមថា​​​​​​​​មនុស្ស​ស្រលាញ់​ប្រុស​ក៏​​​មានការ​តស៊ូ និង​មាន​ស្នេហ៍ស្មោះ មិនខុស​ពី​ស្នេហា​ប្រុសស្រី​នោះដែរ។ ​ប៉ុន្តែ​លោក​ថា​ខ្លួននៅតែ​គ្មាន​បំណង​​បំផុស​អោយ​បុរស​ស្រឡាញ់បុរស​​​​​ ដោយ​​អះអាងថា​​​​បើទោះជា​ភាគី​ទាំង​ពីរ​មិន​បង្កឲ្យ​​​​​ប៉ះពាល់​ដល់អ្នកដទៃ ក៏មិនខុស​ពី​យក​អនាគត​របស់ខ្លួន​​មកប្រលែង​ចោល​អត់​អំពើ។ ​លោករំពឹង​យ៉ាង​ខ្លាំង​ថា​​​​​​​​​សាច់រឿង ​​«រាជ បូរី Comeback» ដែល​និយាយពីជីវិតពិត​​លោក​ រាជ បូរី និង​​​​​​​លើកឡើង​ពីស្នេហា​​បុរស​នឹង​បុរស​​​ ទទួល​បានជោគជ័យ​ក្នុង​ពេល​​​​​ដាក់បញ្ចាំង​ជា​សាធារណៈ។

លោកនិយាយថា៖ ​​«​​​​រឿងហ្នឹង​ចំណុចសំខាន់​វា​នៅ​ត្រង់​ហ្នឹងទើបខ្ញុំគិតថា​​​ការ​បោះ​ទុន​ផលិតរឿង​ហ្នឹង​​អត់ពិបាក​​​​​​ជោគជ័យ ហើយ​រឿង​ខ្ញុំ​​​​​អត់​និយាយពី​ស្នេហា​​​ភេទ​ដូច​គ្នា​រវាង​​​​ប្រុស​ម្ញិកម្ញ៉ក់ ​និង​​​មនុស្ស​អីទេ គឺ​និយាយពី​​ប្រុស​ពេញ​លក្ខណៈ និង​ប្រុស​​​ពេញ​លក្ខណៈតែម្ដង ទើបខ្ញុំថា​រឿង​ខ្ញុំ​ហ្នឹង​ក្លាយជា​រឿង​ទី​​១ ដែល​​​និយាយពី​​​​ការ​តស៊ូ និង​ភាព​ស្មោះត្រង់​​​របស់​មនុស្ស​ប្រុស​នឹង​ប្រុស!»។

​លោក ​ហួរ សុផល បន្តថា​​​ខ្សែ​រឿង​មួយ​នេះ​នឹង​​​ដំណើរការ​​ថតរង្វង់​​​​២​ខែ ​ដោយមិនរាប់​បញ្ចូល​រយៈពេល​កាត់ត និង​​​​ការ​ដំឡើង​ឆ្អឹង​រឿង​ពីមុន​​នោះទេ។ ចំពោះ​ដើមទុន​គឺ​​យ៉ាង​ហោច​​​​​​​​ជាង​​​​​​​៤ម៉ឺន​ដុល្លារ ដោយ​​លោក​​ប្រាសថា​​រឿងនេះ​​​​​​​មានបញ្ជូល​ឈុត​ឆាកស្នេហា​​ប្រុស​ស្រី ​​ប្រុស​នឹង​ប្រុស ​​​​ឈុត​ឆាក​ភ័យរន្ធត់ និង​​​កំប្លុកកំប្លែង​​ពីដើម​​ដល់​ចប់​។ ​​

រឿង​នេះ ត្រូវ​លោកប្រកាសថា​​​​ប្រមូល​ផ្ដុំ​​តារា​​​​​ប្រុស​ស្រី​ល្បី​ឈ្មោះ​បច្ចុប្បន្ន និង​បាត់​​​មុខ​យូរចំនួន​​​​​៧៥រូប ដោយសូម្បីតែ​​​​តារា​ដែល​​​បាន​បោះ​បង់សិល្បៈ​​ទៅ​ហើយ ក៏លោកគៀគរអោយមកថត​​​​​​​​ជុំគ្នាផងដែរ។ លោកថា​​ភាពយន្ត​​រឿង ​​​​​​​​«​​រាជ បូរី ​Comeback» នឹង​អង្រួន​​​មហាជន​​ក្រោយពេលថត​ចប់ បន្ទាប់ពី​​លោក​ រាជ បូរី ទើបតែ​​ជួប​​ឧបទ្ទហេតុស្លាប់​​​​​​​​​​​​​ដែល​មានមហាជន​​​​​នៅ​ចាំ​​​នៅឡើយ។ លោក​ថា​ ​​​​ក្រោយ​​​​​បោះជំហាន​ជោគជ័យរឿងនេះ ​​ផលិតកម្ម​​​​​​ក្លាស៊ិក​ក៏អាច​​រៀបចំ​​ក្រុមចម្រៀង​ឡើង​វិញ​ផង​ដែរ ដើម្បីប្រកួត​ប្រជែង​ទីផ្សារ៕

VOD
ដោយ លោក វង្ស សុម៉ាលីន​​

ភាពយន្ត​ភាគ​ថៃ​ល្បីៗ ចំនួន​ពីរ​រឿង នឹង​ចាក់​បញ្ចាំង នា​ដើមខែ​កុម្ភៈ នៅ​ភី​អិន​អិន​



ភ្នំពេញ: ស្រប​ពេលដែល​ខ្សែភាពយន្ត​ភាគ​ថៃ​ចំនួន​ពីរ​រឿង​គឺ​រឿង «​ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ​» និង​រឿង «​សុភា​ពបុរ​បវរ​រុត​» ដែល​កំពុងតែ​ចាក់​បញ្ចាំង នៅក្នុង​ម៉ោង ៩:០០-១០:០០​យប់ កាន់តែ​ខិតជិត​ចូលមក​ដល់​ភាគ​បញ្ចប់ រឿង​ភាគ​ថៃ​ថ្មី​ចំនួន​ពីរ​ផ្សេងទៀត គឺ​រឿង «​សុភាពបុរស​ភុ​ត​ធិ​ផាត់​» និង​រឿង «​ផ្កា​រីក​ក្រោម​ពពក​»​នឹង​មក​អង្រួន​បេះដូង​ប្រិយមិត្ត​ទស្សនិកជន ដោយ​នាំមក​ជាមួយ​រសជាតិ គ្រប់បែប​ក្នុង​សាច់រឿង​ទាំងពីរ​នេះ​។

​ខ្សែភាពយន្ត​ទីមួយ​មាន​ចំណងជើង​ថា «​ផ្កា​រីក​ក្រោម​ពពក​» នឹង​មក​ជំនួស​រឿង​«​ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ​» ដែល​នឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី ០១ ខែកុម្ភៈ​ខាងមុខ​នេះហើយ​។ ខ្សែភាពយន្ត​នេះ​ចូលរួម​សម្តែង​ដោយ​ស្រី​ស្រស់​ប្រុស​សង្ហារ ដូចជា DenkhunNgamnet (Prince Tawinnaron) ចាប់​ដៃគូ​ជាមួយ TishaTantiprasut (Mei/Meya) រួមទាំង​តារា​ឆ្នើមៗ​ជាច្រើន​ដួង​ទៀត​។
«​ផ្កា​រីក​ក្រោម​ពពក​» គឺជា​ខ្សែភាពយន្ត​បែប​ថ្មី​មួយទៀត តម្រូវអោយ​ព្រះអង្គម្ចាស់ ថា​វីន ដែលជា​រាជទាយាទ​នៃ​វាំង​ថ​នឺ​ន ត្រូវ​រត់គេច​ពី​ការ​តាម​សម្លាប់​របស់​ឧ​ត្ត​ម​សេនីយ​បីនាក់​។

​ការរត់​គេច​នេះ​បានធ្វើអោយ​ព្រះអង្គ​បាន​ទៅដល់​ប្រទេស​ថៃ​ហើយក៏​បាន​ទៅ​ជួប​ជាមួយ​នារី​ម្នាក់​គឺ​នាង ចម្ប៉ា​។
​បន្ទាប់ពី​បាន​ជួបគ្នា នាង​ចម្ប៉ា ក៏បាន​សម្រេចចិត្ត​រត់​គេច​ជាមួយ​ព្រះអង្គម្ចាស់​
​ថា​វីន រហូត​ទៅដល់​ទីក្រុង​បាងកក និង​បាន​ទៅ​លាក់ខ្លួន​នៅ​កន្លែង​លោត​ម៉ុង​សាយ​របស់​ហ៊ា​ឆូត​ណាំ​ឆ័យ ដោយបាន​លាក់​ពី​ប្រវត្តិ​របស់ខ្លួន និង​បាន​ហ្វឹកហាត់​លោត​ម៉ុង​សាយ​រហូត​ធ្វើ​អោយគេ​ក្លាយជា​អ្នកជំនាញ​លោត​ម៉ុង​សាយ​។ ប៉ុន្តែ​ការរស់នៅ​របស់​ព្រះអង្គម្ចាស់​មិនបាន​សុខ​ស្រួល​រហូត​ទេ ដោយសារតែ​
​ឧ​ត្ត​ម​សេនី​ទាំងបី​នាក់​នោះ នៅតែ​ស៊ើបអង្កេត និង​ព្យាយាម​តាម​សម្លាប់​ព្រះអង្គ​។
​តើ​មូលហេតុ​ពិត​គឺជា​អ្វី​ទើប​បណ្តាលអោយ​ឧ​ត្ត​ម​សេនីយ​ទាំងបី​នាក់​នោះ​តាម​សម្លាប់​ព្រះអង្គ​បែបនេះ​? តើ​ខ្សែជីវិត​របស់​ព្រះអង្គ​អាច​រត់គេច​ពី​ការ​តាម​សម្លាប់​នេះ​ដោយ​របៀប​ណា​? បើ​ចង់​ជ្រាប​ច្បាស់​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង​«​ផ្កា​រីក​ក្រោម​ពពក​» ដែល​នឹង​ផ្សាយ​ជូន​ទស្សនា​ចាប់ពី​ថ្ងៃទី ០១ ខែកុម្ភៈ រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៩:០០​យប់​តទៅ​។

​ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖https://www.facebook.com/PNNDramaFanClub/videos/767548206734905/

​ដោយឡែក​ខ្សែភាពយន្ត​ភាគ​ថៃ​មួយ​រឿង​ទៀត​មាន​ចំណងជើង​ថា​
«​សុភាពបុរស​ភុ​ត​ធិ​ផាត់​» ដែល​នឹង​ចូលខ្លួន​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ទស្សនិកជន​បន្ទាប់ពី​រឿង «​សុភាពបុរស​បវរ​រុត​»​។
«​សុភាពបុរស​ភុ​ត​ធិ​ផាត់​» គឺជា​សុភាពបុរស​ទី​បី​នៃ​សុភាពបុរស​ទាំង​ប្រាំ​។

​ប្រិយមិត្ត​ប្រាកដជា​មិន​ខកបំណង​ឡើយ​ជាមួយ​ខ្សែភាពយន្ត​មួយ​នេះ ដោយសារតែ​តារា​ដែល​គ្រង​ដំណែង​ក្នុង​ខ្សែភាពយន្ត​នេះ គឺ​លោក JamesJirayu
(Khun Chai Puttipat)​និង​កញ្ញា Bella Ranee (Krongkaew) រួម​នឹង​តារា​សម្តែង​ល្បីៗ​ជាច្រើន​ផ្សេងទៀត​។​
​តួអង្គ ភុ​ត​ធិ​ផាត់ ដែល​សម្តែង​ដោយ JamesJi​នៅក្នុង​រឿងនេះ គឺជា​គ្រូពេទ្យ​
​ក​ម្លោះ​ដ៏​សង្ហារ និង​ជា​កូន​អ្នកជំនួញ​ចិន​ដ៏​មានទ្រព្យ​ម្នាក់​។

​វាសនា​បាន​តម្រូវអោយ​គ្រូពេទ្យ​ក​ម្លោះ​ម្នាក់នេះ​បាន​ទៅ​ជួប​ជាមួយ​នារី​ធម្មតា​ម្នាក់ (Krongkaew) ហើយក៏​មានចិត្ត​ស្រលាញ់ និង​បាន​ជួយ​នាង​អោយ​រួច​ផុតពី​ស្រីស្នំ​របស់​ស្តេច ដោយ​រៀប​គម្រោង​រៀបការ​ក្លែងក្លាយ ទាំង​លាក់​អារម្មណ៍​ពិត​រៀងៗ​ខ្លួន​ព្រោះតែ​មិន​យល់​ពី​ចិត្ត​គ្នា​។

​រឿង «​សុភាពបុរស​ភុ​ត​ធិ​ផាត់​» នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៩:០០​យប់ បន្ទាប់ពី​រឿង «​សុភាពបុរស​បវរ​រុត​»៕



CEN
ដោយ: ក្រុមហ៊ុន

មូលហេតុ​ចិន​មក​ស្រុក​ខ្មែរ និង​មូលហេតុ​ចិន និង​វៀតណាម​ចូលឆ្នាំ​ដូចគ្នា​(វគ្គ​I)



​ភ្នំពេញ​៖ ប្រទេស​ចិន និង​ប្រទេស​វៀតណាម​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ដូចគ្នា​។ មូលហេតុ គឺ​ដោយសារ​ប្រទេស​ទាំងពីរ​មាន​ប្រពៃណី ទំនៀមទម្លាប់​ដូចគ្នា​ក្នុង​រយៈ​ដ៏​យូរអង្វែង​។ តាមពិត វៀតណាម​ជា​អម្បូរ​មួយ​ផ្សេង​ដែល​រស់នៅក្នុង​ទឹកដី​ចិន ពីព្រោះ ចិន​មាន​ទឹកដី​ធំ​ណាស់​។ តែ​ក្រោយមក វៀតណាម បានទាមទារ​ឯករាជ្យ​បង្កើតជា​ប្រទេស​ដោយ​ខ្លួនឯង​។ ពលរដ្ឋ​ចិន​ជាទូទៅ​បាន​ចុះមក​រស់នៅ​លើទឹក​ដី​ភូមា ប្រទេស​ឡាវ ម៉ាឡេស៊ី ប្រទេស​ថៃ និង​ប្រទេស កម្ពុជា​។​

ជនជាតិ​ចិន​បាន​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​តាំងពី​សតវត្សរ៍​ទី​៣ បន្ទាប់មក​នៅ​សម័យ អង្គរ និង​ចុងក្រោយ​បំផុត ជនជាតិ​ចិន​ចូលមក​រស់នៅ​កម្ពុជា​ច្រើនជាងគេ គឺ​នៅ​ដើម សតវត្សរ៍​ទី​២០ ។ ចិន​មក​រស់នៅក្នុង​ខេត្តកំពត​ច្រើនជាងគេ និង​បន្ទាប់មក​នៅតាម​មាត់ទន្លេ​មេគង្គ​។ ជនជាតិ​ចិន​ដែល​ចូលមក​ប្រទេស​កម្ពុជា​ភាគច្រើន​ជា​បុរស​។ តើ​មូល​ហេតុអ្វី បានជា​ជនជាតិ​ចិន​មក​កម្ពុជា​? តើ​ហេតុអ្វី​បានជា​បុរស​ចិន​មក​កម្ពុ​ជាច្រើន​។ តើ​ហេតុអ្វី​បាន ជា​ជន​ជាតិចិន​ឆ្លាត​ជាង​ជនជាតិខ្មែរ​? តើ​ហេតុអ្វី​បានជា​ជន​ជាតិចិន​រស់នៅក្នុង​ខេត្តកំពត​ច្រើន ជាងគេ​?

សំណួរ​ទាំងអស់នេះ​នឹងត្រូវ​បកស្រាយ​បំភ្លឺ​តាមរយៈ​សំណួរចម្លើយ​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ន សំណាង បណ្ឌិត​ប្រវត្តិសាស្ត្រ​ដូចតទៅ​៖



ថ្មី​ៗ
អត្ថបទ : គី សុខ​លីម

ប្រលោមលោក​ទទួលបាន​លេខ​មួយ​ស្ទួន «​បំភ្លេច​មិនបាន​» នឹងត្រូវ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន នា​ថ្ងៃ​៤​កុម្ភៈ​



ភ្នំពេញ: រឿង​ប្រលោមលោក ដែល​ធ្លាប់បាន​ជាប់​លេខ​មួយ​ស្ទួន និង​ទទួលបាន​ពានរង្វាន់​ព្រះសីហនុ​រាជ ក្នុង​ឆ្នាំ ១៩៩៥​រឿង «​បំភ្លេច​មិនបាន​» ជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ប៉ាល់ វណ្ណា​រី​រក្ស ព្រមទាំង​ធ្លាប់​មានការ​ចែកចាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស រហូត​មាន​និស្សិត​ខ្មែរ និង​និស្សិត​ថៃ​បាន​យក​រឿងនេះ​ទៅធ្វើ​សា​រណា​ផងដែរ​។

​បច្ចុប្បន្ន​រឿងនេះ​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន ជ្រើសរើស​មក​ផលិត​ជា​រឿង​ភាគ​ខ្មែរ ដោយ​ប្រគល់​សិទ្ធ​ទៅអោយ​ផលិតកម្ម មហាហង្ស​ជា​អ្នក​ផលិត​។​

​រឿង «​បំភ្លេច​មិនបាន​» ត្រូវបាន​គ្រង​ដំណែង​តួឯក​ស្រី​ដោយ​តារា​ទឹកភ្នែក នី មុន្នីនាថ ចាប់​ដៃគូ​ជាមួយ​លោក អូន ឧស្សាហ៍ រួម​និង​សិល្បៈករ សិល្បៈការ​នី​ជាច្រើនរូប​ទៀត​។

​រឿងនេះ នឹង​បង្ហាញ​ពី​ការបែកបាក់​គ្រួសារ​ដោយសារ​សង្គ្រាម និង​បង្ហាញ​ពី​ខ្សែជីវិត​របស់​ក្មេងស្រី​កំព្រា​ម្នាក់ ដែលមាន​ការតស៊ូ​ព្យាយាម​អំណត់​អត់ធន់ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ ពុះពារ​គ្រប់​ឧបសគ្គ រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​។

​ខ្សែភាពយន្ត​ភាគ​ខ្មែរ «​បំភ្លេច​មិនបាន​» នឹង​ចាប់ផ្តើម​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​​ភី​អិន​អិន នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ រៀងរាល់ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៨:០០-៩:០០​យប់​បន្ទាប់ពី​រឿង «​កែវភ្នែក​» ។​

​ស្ថានីយទូរទស្សន៍​ភី​អិន​អិន គឺជា​ស្ថានីយ៍ទូរទស្សន៍​ដំបូង​គេ​ដែល​បាន​ជីក​គាស់កកាយ​នាំយក នូវ​ស្នាដៃ​អក្សរសិល្ប៍ ប្រលោមលោក និង​រឿងព្រេង​ខ្មែរ ដូចជា​រឿង​បំភ្លេច​មិនបាន រឿង​សូផាត រឿង​ពស់​កេងកង​ជាដើម មក​ផលិត​ជា​ភាពយន្ត​ភាគ​ចាក់ផ្សាយ លើ កញ្ចក់​ទូរទស្សន៍ ហើយ​ភី​អិន​អិន​ក៏បាន​ចំណាយ​ដើមទុន​យ៉ាង​សន្ធឹកសន្ធាប់​ក្នុងការ​ពង្រឹងគុណភាព ​និង​ខិតខំ​ផលិត​រឿង​ភាគ​ខ្មែរ​ជាច្រើន ក្នុង​បំណង​លើកស្ទួយ និង​អភិរក្ស រួមទាំង​ស្នាដៃ​ផលិត​ថ្មី​ដោយ​កូន​ខ្មែរ​។

​ដូច្នេះ​សូម​ចូលរួម​លើកស្ទួយ​រឿង​ភាគ​ខ្មែរ​ជាមួយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ទាំងអស់គ្នា​៕

CEN
ដោយ: ក្រុមហ៊ុន

តើបុណ្យចូលឆ្នាំប្រពៃណីចិន មានប្រវត្តិបែបណា ? ត្រូវបានប្រារព្ធឡើង ចាប់តាំងពីពេលណាមក?



(ប្រវត្តិ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន។ នៅឆ្នាំ២០១៧នេះ បុណ្យនេះត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨, ២៩ និង៣០ ខែមករា ហើយពិធីសែនព្រេន នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិននេះ អង្គភាពព័ត៌មាន Frehs News សូមលើកយកនូវប្រវត្តិសង្ខេប នៃបុណ្យចូលឆ្នាំចិន ជូនប្រិយមិត្តអ្នកអាន បានស្វែងយល់ដូចខាងក្រោម៖

​​បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យ​ដ៏សំខាន់មួយរបស់ជនជាតិចិន ដែល​តែងតែប្រារព្ធឡើង​​នៅ ពេលផ្លាស់ប្តូរពីប្រតិទិនចាស់ ចូលប្រតិទិន​​ថ្មីរបស់ប្រទេសចិន​។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យ​និទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។

ម្យ៉ាងវិញទៀត ដោយសារតែ​ប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យ​​ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំនេះ សំដៅទៅលើ​បុណ្យ​ព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើង​មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់​ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើ​ពិធី​បង្ហោះគោម។

ដោយសារវាមានរយៈពេលរហូតដល់១៥ថ្ងៃ ធ្វើឲ្យ​ពិធីបុណ្យនេះជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេ ក្នុងចំណោម​​ពិធីបុណ្យនានា នៅក្នុង​ប្រតិទិន​របស់ជនជាតិចិន។ ដោយឡែកកាលបរិច្ឆេទវិញ តែងតែផ្លាស់ប្តូរ ឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ តែជាទូទៅវាស្ថិតនៅចន្លោះរវាងថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។

ដោយចូលឆ្នាំចិននៅឆ្នាំ២០១៧នេះ ធ្វើឡើងនៅថ្ងៃទី២៨-២៩ និង៣០ ខែមករា ឆ្នាំ២០១៧។

បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់​សតវត្សរ៍មកហើយ ព្រមទាំង​មានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យ​នេះធ្វើឡើងដើម្បី​សម្តែងការគោរពដល់​ទេវតា និង​ជីដូនជីតាសាច់សារលោហិត។ វាត្រូវបាន​ប្រារព្ធឡើង​នៅ​ក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរ​ជនជាតិចិនរស់នៅក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។

ពិធីបុណ្យនេះត្រូវបានគេចាត់ទុកជា​បុណ្យ​ ឈប់សម្រាកដ៏សំខាន់​មួយសម្រាប់​ជនជាតិចិន ព្រមទាំង​បានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេស​ជិតខាងផងដែរ។

សម្រាប់​ជនជាតិចិន ​បុណ្យចូលឆ្នាំជាឱកាសពិសេសសម្រាប់​​ក្រុមគ្រួសារ ក្នុងការ​ជួបជុំ​ដើម្បី​​បរិភោគអាហារ​ រួមគ្នាជាពិសេស គឺអាហារពេលល្ងាច។ វាក៏ជាឱកាសសម្រាប់ជនជាតិចិន ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញ​រឿង​មិនល្អ និងវិញ្ញាណ​អាក្រក់ ហើយ​ទទួលយក​សំណាងល្អនៅឆ្នាំថ្មី។ នៅតាមបង្អួច និងទ្វា​ គេតែងតែតុបតែងលំអ​ជាមួយនឹង​ក្រដាស​ ឬ​កំណាព្យ​ពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឲ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និង​អាយុយ៉ឺនយូរ»។

ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនចិននិយម ធ្វើនៅ​ថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬ​ចំណីអាហារដល់គ្នាទៅវិញទៅមក។ តាមរយៈការលើកឡើង របស់បងប្អូនជនជាតិចិន បានបញ្ជាក់ថា «ប្រសិនបើមនុស្សចំណាយ ឬចែករំលែកដល់អ្នកដទៃ កាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំ នឹងនាំឲ្យ​លាភហូរចូលគ្រួសារ របស់ពួកគេកាន់តែច្រើនដូចគ្នា»។

យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។

នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។

គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។

នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជា យានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ៕

Fresh News

តើ​ពាក្យ «​ម៉ុង​សាយ​» ចិន​មានន័យ​ដូចម្តេច​?



ពាក្យ «​ម៉ុង​សាយ​» (​ន​) ក្រុម​របាំ​ប្រពៃណី​ចិន​រួម​សម្តែង​ដោយ​សិល្បករ​ពាក់​ក្រណាត់​ច្នៃ​ជា​រូប​នាគ ហក់លោត ធ្វើ​ត្រាប់​តាម​កាយវិការ​សត្វសា​ហា​វ​ពិតៗ កំដរ​ដោយ​អ្នក​វាយ​ស្គរ លាន់​ទ្រហឹង​អឺងអាប់​។ របាំ​នេះ មាន​គោលបំណង​បណ្តេញ កម្ចាត់​ភាវៈ​អាក្រក់​ឧបទ្រពចង្រៃ​ផងទាំងពួង ដើម្បី​នាំមក​នូវ​សេរី​សួស្តី​ដល់​ក្រុមគ្រួសារ​ម្ចាស់​ផង​៕

(​ដកស្រង់​ចេញពី​វចនានុក្រម​សម្តេច​សង្ឃ ជួន​ណាត​)

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ជោគជ័យទៅបាន គឺដោយសារ​មានការចូលរួម​ចំណែក​យ៉ាងសំខាន់ ពីបណ្ដាញ​សារព័ត៌មាន



(សៀមរាប)៖ នៅក្នុងជំនួបរវាងអ្នកសារព័ត៌មាន ប្រចាំខេត្តសៀមរាប ជាមួយក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ​ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ដែលមានវត្តមានរបស់​លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លោកបានលើកឡើងថា អ្នកសារព័ត៌មានពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងដំណឹងផ្សេងៗដែលពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ជូនដល់​មហាជន​ទាំងជាតិ និងអន្តរជាតិ ដែលព័ត៌មានទាំងនោះ​ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ នូវវិស័យទេសចរណ៍ ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលមានមហាប្រាង្គប្រាសាទ​​ដ៏ល្បីល្បាញរាប់រយ/ពាន់របស់ខ្មែរយើង ។

តាមរយៈ​អ្នកនាំពាក្យ​ផងដែរ ​បាន​បញ្ជាក់ប្រាប់​ ក្រុម​អ្នកសារព័ត៌មានប្រចាំ​ខេត្តសៀមរាបថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ២០១៧នេះ នឹងមាន​កម្មវិធីថ្មីៗ និងគួរជាទីចាប់អារម្មណ៍ជាច្រើនទៀត ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់ នៅ​សៀមរាប-អង្គរ កាន់តែល្អប្រសើរថែមមួយកម្រិតទៀត នៅឯព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត​ នាឆ្នាំ​លើកទី៥នេះ ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ជាព្រឹត្តិការណ៍ ដែលបានរៀបចំនិងប្រព្រឹត្តិទៅចំនួន៤លើកជាប់ៗគ្នារួចមកហើយ ដោយសហភាពសហព័ន្ធ យុវជនកម្ពុជា សហការជាមួយក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរខេត្តសៀមរាប, និងក្រសួង, ស្ថាប័ន, អង្គភាពរដ្ឋ/ឯកជនពាក់ព័ន្ធ, និងសាធារណៈជនទូទៅ ប្រកបដោយជោគជ័យ និងមានទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិបានយ៉ាងច្រើនកុះករ និងបានផ្សព្វផ្សាយបានយ៉ាងទូលំទំលាយ ផងដែរ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាប់ប្រាប់អង្គភាព Fresh News ថា៖ បើតាមការបូកសរុបទិន្ន័យ នៃរបាយការណ៍របស់ ក្រសួងទេសចរណ៍ គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ កាលពី​លើកទីមួយ​ឆ្នាំ២០១៣ គឺមាន​ភ្ញៀវទេសចរចូលរួម ១៧ម៉ឺន​នាក់, លើក​ទី​ពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺន​នាក់, លើក​ទី​បី ឆ្នាំ២០១៥ មាន​ចំនួន ៩៧ម៉ឺន​នាក់, និង​លើក​ទី​បួន ឆ្នាំ២០១៦ កន្លងទៅនេះ គឺ​មានការកើន​ឡើងរហូលដល់​ ១លាន ៣សែន​នាក់ ហើយ​យើងក៏​រំពឹងថា​ ព្រឹត្តិការណ៍នៅ​ឆ្នាំ២០១៧នេះ នឹងមានចំនួន​នេះ​កើនឡើង​ផងដែរ៕

Fresh News

“​ការបង្ខំ​ឲ្យ​រៀបការ​ក្នុង​សម័យ​ខ្មែរក្រហម​” ត្រូវ​បាន​រំលឹក​ឡើងវិញ​តាមរយៈ​របាំ​



ភ្នំពេញ​ ៖ “​ផ្កាស្លា​ក្រោម​អង្គការ​” គឺជា​ទស្សនីយភាព​របាំ​សហ​សម័យ បង្ហាញ​ពី​ការ​បង្ខំ​ឲ្យ​រៀបការ​ក្នុងសម័យ​ខ្មែរក្រហម ត្រូវ​បាន​សម្ដែង​ជូន​ទស្សនា​ដោយ​មិន​គិត​ថ្លៃ ដោយ​ក្រុម​សិល្បៈ​សុ​ភី​លីន និង​រៀបចំ​ដោយ​អង្គការ​ក្ដី​ករុណា នៅ​សាល​មហោស្រព​ចតុមុខ កាលពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០១៧ កន្លងទៅនេះ​។

ការសម្ដែង​នេះ គឺ​បកស្រាយ​ពី​ការរៀបរាប់​ផ្ទាល់មាត់ ពី​អ្នក​ដែល​នៅសល់​ពី​ស្លាប់​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​រៀបការ​នៅក្នុង​សម័យ​ខ្មែរក្រហម​។ វា​គឺជា​គម្រោង​សំណង់ ដែល​ស្នើ​ឡើងជា​ផ្លូវការ នៃ​ប្រព័ន្ធ​តុលាការ​អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ប្រយោជន៍ ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង ០០២/០​។

“​ផ្កាស្លា​ក្រោម​អង្គការ​” គឺ​ស្វែងរក​ការចង​ចាំ និង​ចងក្រង​បទពិសោធន៍​ជា​ឯកសារ នៃ​ការបង្ខំ​ឲ្យ​រៀបការ និង​ទម្រង់​ដទៃ​ទៀត​នៃ​អំពើ​ហិង្សា ទាក់ទង​នឹង​យេនឌ័រ និង​ការអប់រំ​សហគមន៍ និង​សាធារណជន​អំពី​ផល​ប៉ះពាល់ និង​វិធី​ដើម្បី​ងើបឡើង​វិញ​នៃ​អ្នក​នៅ​រស់រាន​មាន​ជីវិត​។

​អ្នកស្រី ជាម​-​សា​ភា​រ៉ូ ដែល​ជា​គ្រូបង្ហាត់​របាំ បាន​ឲ្យ​ដឹង​ថា “​ជា​ក្មេង​ម្នាក់​នៅក្នុង​របប​ខ្មែរ​ក្រហម ខ្ញុំ​បាន​ដឹង​អំពី​ការ​បង្ខំ​ឲ្យ​រៀបការ ប៉ុន្តែ​ខ្ញុំ​មិនបាន​យល់ច្បាស់​ពី​ផលប៉ះពាល់ អំពី​ការរំលោភបំពាន​នេះ​ទេ​។

អ្នកស្រី​បន្តទៀត​ថា​ “​តាមរយៈ​គ​ម្រោ​ង​នេះ ដោយ​ជួប​ជាមួយ​អ្នក​នៅ​រស់រាន​មាន​ជីវិត និង​បាន​ស្ដាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ ខ្ញុំ​ទទួលបាន​ការយល់ដឹង​ច្រើន ពី​ផលវិបាក​ធ្ងន់ធ្ងរ​ពី​គោលនយោបាយ​នេះ និង​ផល​ប៉ះពាល់​យូ​រអង្វែង​ទៅលើ​សង្គម​។ វា​ពិតជា​ចម្លែក​ណាស់ ខ្ញុំ​ទើបបាន​ដឹង​នៅ​ពេល​នោះដែរ​ថា ប្អូនស្រី​បង្កើត​របស់ខ្ញុំ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​អ្នក ដែល​គាត់​មិនដែល​ស្គាល់​ទាល់តែសោះ​។ គាត់​បាន​រត់​គេចខ្លួន​នៅ​ពេល​នោះ តែ​សំណាង​ណាស់​គេ​ចាប់​មិនបាន​។ គាត់​មិនដែល​ប្រាប់​ខ្ញុំ​ទាល់តែសោះ​ពីមុនមក​។

ដូចជា​គ​ម្រោ​ង​សិល្បៈ​ផ្សេងៗ​ទៀត​របស់ អ្នកស្រី ជាម​-​សា​ភា​រ៉ូ ផ្កាស្លា​ក្រោម​អង្គការ បាន​ប្រើប្រាស់​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ ប្រគំ​បទ​ភ្លេង​ដែល​និពន្ធ​ដោយ​លោក​បណ្ឌិត ហ៊ឹម សុ​ភី អ្នកនិពន្ធ​បទ​ភ្លេង​ដ៏​ឆ្នើម​ម្នាក់​ក្នុងប្រទេស​កម្ពុជា​។ ចំណែក​សម្លៀក​បំពាក់ ដែល​ប្រើប្រាស់​ក្នុង​ការ​សម្ដែង​ត្រូវ​បាន​រចនា​ដោយ​លោក រ៉េ​មមី ហ៊ូ ដែល​ជា​ជាង​រចនា​ម៉ូត​ល្បីឈ្មោះ​ម្នាក់​ដែរ​នៅ​កម្ពុជា​៕






កម្ពុជា​ថ្មី
បូ​រិ​ន

អង្គរ​សង្ក្រាន្ត ស្ថិតក្នុង​បញ្ជី​កម្មវិធី​បែប​ប្រពៃណី​របស់​អាស៊ាន​ដែល​លើកកម្ពស់​វិស័យ​ទេសចរណ៍​



​យុទ្ធនាការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​កាន់តែ​មក​ទស្សនា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កាន់តែច្រើន​តាមរយៈ VisitASEAN@50 ដែល​បាន​លើកយក​កម្មវិធី​ពិសេសៗ រួមទាំង​កម្មវិធី​បែប​ប្រពៃណី​របស់​អាស៊ាន​ទាំង​ដប់​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ត្រូវ​បានដាក់​ដំណើរការ​ជា​ផ្លូវការ​ដោយ​អាស៊ាន​ហើយ​។ អ្វី​គួរកត់សម្គាល់​នោះ ក្នុងចំណោម​កម្មវិធី​ពិសេស​ដែល​ត្រូវបាន​ណែនាំ​ដោយ​អាស៊ាន​នោះ ក៏មាន​កម្មវិធី​«​អង្គ​រស​ង្គ្រា​ន្ត​»​ផងដែរ​។

អគ្គលេខាធិការ​អាស៊ាន លោក លី ឡុង​មិញ និង​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​១៨ មករា​កន្លងទៅ បានដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​លើកកម្ពស់​ទេស​ចរណ៍​តំបន់​អាស៊ាន ដែលមាន​ឈ្មោះថា « VisitASEAN@50»​។ តាមរយៈ​យុទ្ធនាការ​នេះ ភ្ញៀវទេសចរ​ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ អាច​ទទួលបាន​នូវ​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ពិសេសៗ និង​ទីកន្លែង​ដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​ដប់​យ៉ាង​សម្បូរបែប​។​

​ការបង្កើត​ឲ្យ​មាន​យុទ្ធនាការ VisitASEAN@50 ក្នុង​គោលដៅ​ពីរ​រួមមាន ទីមួយ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការបង្កើត​អាស៊ាន​រយៈពេល​៥០​ឆ្នាំ និង​ដើម្បី​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ក្លាយជា​តំបន់​ដែលជា​ទិសដៅ​ទេសចរណ៍​តែមួយ​ផង​។

VisitASEAN@50 បាន​លើកយក​កម្មវិធី​ប្រពៃណី និង​ព្រឹ​តិ្ត​ការណ៍​ធំៗ (Festivals and Events) ចំនួន​៥០ និង​បទពិសោធន៍​ដែល​សំដៅលើ​តំបន់​កម្សាន្ត ៥០ ផងដែរ​របស់​ប្រទេស​អាស៊ាន​ទាំង​ដប់​ជាមួយនឹង​ព័ត៌មាន​លម្អិត​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​អាច​ដឹង​នឹង​មក​ទស្សនា​អាស៊ាន​ដោយ​ពុំមាន​ចម្ងល់ និង​ភាពស្ទាក់ស្ទើរ​។

​អ្វី​គួរកត់សម្គាល់​នោះ អង្គ​រស​ង្គ្រា​ន្ត កី​ស្ថិតនៅក្នុង​បញ្ជី​កម្មវិធី​ពិសេស​របស់​អាស៊ាន​តំណាង​ឲ្យ​កម្ពុជា ខណៈ ព្រុយ​ណេ មានកម្ម​វិធី Hari Raya Aidilfitri, ឥណ្ឌូណេស៊ី Cap Go Meh, និង ឡាវ មានកម្ម​វិធី Boun Pi Mai Lao ជាដើម​​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ការសម្ដែង និង​ការតាំង​បង្ហាញ​សិល្បៈ​បុរាណ​ខ្មែរ ទាក់ទាញ​ចិត្ត​យុវវ័យ​កាន់តែច្រើន​



ភ្នំពេញ​៖ ក្រុមយុវជន​ល្ខោនខោល​កម្ពុជា​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ បានរៀបចំ​កម្មវិធី​សម្តែង​មួយ​ឈ្មោះថា ផ្ទះ​សិល្បៈ កាលពី​ថ្ងៃទី​១៥ មករា ។ សិល្បៈ​បុរាណ​ខ្មែរ​ជាច្រើន​ទម្រង់ មានដូចជា របាំ​បុរាណ ល្ខោន​យីកេ របាំ​ប្រពៃណី ល្ខោនបាសាក់ សៀក ល្ខោននិយាយ និង​ការសម្ដែង​ល្ខោនខោល​ជាដើម​ត្រូវបាន​លើកយក​បង្ហាញជូន​អ្នកទស្សនា​ដែល​ភាគច្រើន​ជា​យុវវ័យ​។ ទម្រង់​សិល្បៈ​បុរាណ​ទាំងនេះ បាន​អន្ទង​ចិត្ត​យុវវ័យ​ទាំងនោះ ឲ្យ​ជក់ចិត្ត ចង់​ទស្សនា​ទស្សនីយភាព​នេះ ម្តង​ហើយ​ម្តងទៀត​។

​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា បានរៀបចំ​កម្មវិធី​ផ្ទះ​សិល្បៈ កាលពី​ថ្ងៃទី​១៥ ខែមករា នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ដើម្បី​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ និង​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌ ជាពិសេស​ចង់​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ទូទៅ បាន​ស្គាល់​សាលា​មធ្យម​វិចិត្រសិល្បៈ​ផង​។ ជា​ព្រឹត្តិការណ៍​លើកទីមួយ ដែល​ប្រមូលផ្តុំ​ទម្រង់​សិល្បៈ​ជាច្រើន​ប្រភេទ រាប់​តាំងពី​ការសម្តែង​របាំ​បុរាណ ល្ខោន​យីកេ របាំ​ប្រពៃណី ល្ខោនបាសាក់ សៀក ល្ខោននិយាយ ការសម្ដែង​ល្ខោនខោល ចាប៉ីដងវែង ចម្រៀង​សម័យ សៀក ក្បាច់គុណ​ល្បុក្កតោ ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​កែច្នៃ​ពី​វត្ថុ​ដែល​គេ​បោះបង់ចោល ការតាំង​ពិ​ព័រ​ណ៌ និង​ល្បែង​កម្សាន្ត​ជាដើម​។

មើល​មួយ​ភ្លែត​វា​ហាក់ដូចជា​កម្មវិធី​សិល្បៈ​ធម្មតា ដែល​កម្រ​មាន​មនុស្ស ជាពិសេស​យុវជន​អើពើ​ជាមួយ​ណាស់​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​។ ប៉ុន្តែ​លើក​នេះ​មានការ​ចាប់អារម្មណ៍​ខុសធម្មតា​។ ទស្សនិកជន ភាគច្រើន​ជា​យុវជន ប្រជ្រៀត​គ្នា ខ្លះ​ឈរ ខ្លះ​អង្គុយ នៅក្នុង​សាល​សម្តែង​។ ពួកគេ​នាំគ្នា​មក​មើល​ល្ខោនខោល ដែល​គេ​លើកយក​ឈុត គជ​រី គជ​រឹង មក​សម្ដែង​។

​យុវជន អ៊ុំ វ៉ាន់​វ​ឌ្ឍ​នា ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​សំណង់ បាន​ចំណាយពេល​ប្រហែល​២​ម៉ោង ទស្សនាការ​សម្ដែង​សិល្បៈ​នានា​នៅក្នុង​សាល​សាលា​មធ្យម​វិចិត្រសិល្បៈ​។ ប៉ុន្តែ​ក្នុងចំណោម​សិល្បៈ​ទាំងនោះ បានធ្វើ​ឲ្យ​យុវជន​រូបនេះ ចាប់អារម្មណ៍​ការសម្ដែង​ល្ខោនខោល​ជាងគេ ដោយបាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា​អស្ចារ្យ​ខ្លាំងណាស់​។ យុវជន អ៊ុំ វ៉ាន់​វ​ឌ្ឍ​នា និយាយថា​៖ «​ការសម្ដែង​ល្ខោនខោល គឺ​តួអង្គ និង​សាច់រឿង មាន​ភាព​ប្រទាក់ក្រឡា​គ្នា ពីមួយ​វគ្គ​ទៅមួយ​វគ្គ ពេល​ទស្សនា​ហើយ​មាន​អារម្មណ៍​ជក់ចិត្ត​ខ្លាំងណាស់ ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​សប្បាយរីករាយ​យ៉ាងខ្លាំង​។ ម្យ៉ាងទៀត ខ្ញុំ​ធ្លាប់តែ​សិក្សា​ពី​រឿង​រាមកេរ្តិ៍ និង​មិន​ធ្លាប់បាន​ស្គាល់​តួអង្គ​ឲ្យ​បានច្បាស់លាស់​នោះទេ​»​។

​ក្នុង​កម្មវិធី​ផ្ទះ​សិល្បៈ មានការ​សម្ដែង​ល្ខោនខោល ចំនួន​ពីរលើក នៅពេល​ព្រឹក និង​នៅពេល​រសៀល​។ បើតាម លោក ខុន ច័ន្ទ​សិទ្ធិការ្យ ជា​គ្រូបង្រៀន​ល្ខោនខោល និង​ជា​ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា ការ​លើកយក​ល្ខោនខោល​មក​សម្ដែង គឺ​ចង់​លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ ព្រោះ​ល្ខោនខោល​មាន​វ័យ​ចំណាស់​។ អ្វី​ដែលជា​កត់សម្គាល់រ​បស់​ប្រធាន​ក្រុម​រូបនេះ ការសម្តែង​ល្ខោនខោល ហាក់​មាន​ភាព​ទាក់ទាញ​ជាងគេ​។ ទាក់ទាញ ពីព្រោះ ល្ខោនខោល​ភាគច្រើន​ត្រូវបាន​យកទៅ​សម្ដែង​នៅក្នុង​ព្រះបរមរាជវាំង​តែប៉ុណ្ណោះ កម្រ​នឹង​សម្ដែង​ជូន​ទស្សនិកជន​ទស្សនា​ណាស់​។ ម្យ៉ាង​ទំនងជា​កន្លងមក​មាន​ព័ត៌មាន​ថា​ប្រទេស​ថៃ ចង់​ដាក់បញ្ចូល​ល្ខោនខោល ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​។

សម្រាប់​យុវតី ស្រី​ទី ជា​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​លើកឡើងថា ការចូលរួម​កម្មវិធី​នេះ គឺ​ការចូលរួម​គាំទ្រ​សិល្បៈ​ខ្មែរ និង​បង្ហាញ​ឲ្យ​បាន​ស្គាល់ និង​យល់​បន្ថែម​ពី​សិល្បៈ​បុរាណ​ខ្មែរ​ផងដែរ​។ មក​ចូលរួម​ជាមួយ​មិត្តភក្ដិ​មាន​គ្នា​៦​នាក់ យុវតី ស្រី​ទី មិន​ធ្លាប់​ចូលរួម​កម្មវិធី​បែបនេះ​ពីមុន​ទេ​។ ប៉ុន្តែ​ក្រោយពី​បាន​ចូលរួម ហាក់​មាន​អារម្មណ៍​សប្បាយ ព្រោះ​បានឃើញ​រូបភាព​ប្លែកៗ​ដែល​មិន​ធ្លាប់​បានឃើញ​ជាច្រើន​។

​ដើរ​ទស្សនា​ការតាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត យុវតី ស្រី​ទី និយាយថា​៖ «​កម្មវិធី​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​ស្ថិតនៅក្នុង​ស្ថានភាព​បុរាណ ព្រោះ​នៅ​ខាងក្រៅ​សាល​មហោស្រព មានការ​សម្ដែង​របាំ​ផ្សេងៗ ការ​ច្រៀង​ចម្រៀង​បុរាណ និង​ការតាំង​បង្ហាញ​ស្នាដៃ​និស្សិត​។ ជាពិសេស​មានការ​លម្អ​ទៅដោយ​រូបភាព​តួអង្គ​ដែល​សម្ដែង​ល្ខោនខោល​ដ៏​ស្រស់ស្អាត និង​មាន​សម្ភារ​ផ្សេងៗ​ដែល​បញ្ជាក់​ពីរ​បស់​ខ្មែរ សូម្បីតែ​ក្លោងទ្វា​កម្មវិធី​នេះ ក៏​ជា​រចនាបថ​របស់​ខ្មែរ​ផងដែរ​»​។

​ជាទូទៅ គេ​សង្កេតឃើញថា​យុវជន​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ មាន​ពំនោល និន្នាការ​ថ្មីៗ និង​ពេញនិយម​ទៅលើ​បច្ចេកវិទ្យា​ទំនើបៗ ឬ​ការ​ចំណាយពេល​ជជែក​គ្នា​នៅតាម​ហាង​កាហ្វេ​ទំនើបៗ​។ ប៉ុន្តែ​ការចូលរួម​ទស្សនា​របស់​យុវជន​ច្រើន​កុះករ​នាពេល​កន្លងទៅនេះ​ហាក់ដូចជា​បង្ហាញ​អំពី​តម្រុយ​នៃ​ការប្រែប្រួល​និ​ន្ន​ការ​នេះ ការ​ភ្ញាក់ស្មារតី​របស់​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​ការជួយ​លើកស្ទួយ​តម្លៃ​វប្បធម៌​សិល្បៈ​របស់​ជាតិ​វិញ​។

លោក ខុន ច័ន្ទ​សិទ្ធិការ្យ ប្រធាន​ក្រុមយុវជន​ល្ខោនខោល​កម្ពុជា បាន​មានប្រសាសន៍ថា ការរៀបចំ​កម្មវិធី​ផ្ទះ​សិល្បៈ ត្រូវ​ចំណាយពេល​៣​ខែ​។ លោក សិទ្ធិការ្យ និយាយថា​៖ «​លទ្ធផល​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន បញ្ចប់​ដោយ​ភាពជោគជ័យ​ហើយក៏​ដូចជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​សាលា​មធ្យម​វិចិត្រ​វិចិត្រសិល្បៈ​ផងដែរ ដែលមាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ​»​។ លោក​និយាយទៀតថា​៖ «​នេះ​ជា​ជោគជ័យ និង​ជាការ​បោះជំហាន​ទៅមុខ​របស់​ក្រុមយុវជន​ល្ខោនខោល និង​សាលា​មធ្យម​វិចិត្រសិល្បៈ ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​»​។​

​លោក ខុន ច័ន្ទ​សិទ្ធិការ្យ បាន​សំណូមពរ​ឲ្យ​សាធារណជន​ទូទៅ និង​ក្រុម​យុវវ័យ​ចូលរួម​លើកស្ទួយ​សិល្បៈ និង​វប្បធម៌​ខ្មែរ ជាពិសេស ត្រូវធ្វើ​ខ្លួន​ឲ្យ​បុរាណ​ចំ​បុរាណ សម័យ​ចំ​សម័យ ព្រោះ​មិនអាច​មាន​សម័យ​អត់​បុរាណ ហើយ​មិន​អាចមាន​បុរាណ​អត់​សម័យ​បានទេ​។​

​ដូចគ្នា​ដែរ ទស្សនិកជន​ក្នុង​កម្មវិធី​ផ្ទះ​សិល្បៈ​នេះ បាន​អំពាវនាវ​ឲ្យ​កូន​ខ្មែរ លើកស្ទួយ​ល្ខោនខោល​ខ្មែរ​ឲ្យ​រីកដុះដាល​បន្ថែមទៀត​។ ទោះបីជា​មិនបាន​សិក្សា​ស្វែងយល់​ច្បាស់លាស់ ពី​សិល្បៈ​បុរាណ​ខ្មែរ​ក៏ដោយ ប៉ុន្តែ​យុវតី ស្រី​ទី បាន​សំណូមពរ​ឲ្យ​យុវជន​គ្រប់រូប និង​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួមរ​ថែរក្សា​ការពារ នូវ​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ ជាពិសេស​សំណូមពរ​ឲ្យ​មាន​ផ្សព្វផ្សាយ​កាន់តែច្រើន​ថែមទៀត​។ បន្ថែម​លើ​នេះ យុវជន វ​ឌ្ឍ​នា បាន​សំណូម​ដល់​យុវវ័យ កុំ​ឲ្យ​ផ្ដោតទៅលើ​វប្បធម៌​បរទេស​ខ្លាំងពេក ព្រោះ​លំហូរ​នៃ​វប្បធម៌​បរទេស​អាច​ឲ្យ​បាត់បង់​វប្បធម៌​ខ្មែរ​បន្តិច​ម្ដងៗ​ផងដែរ​។

គួរ​បញ្ជាក់ថា ក្រៅពី​ការសម្ដែង​ទស្សនីយភាព​សិល្បៈ​គ្រប់​ទម្រង់ ក៏មាន​កម្មវិធី​ការប្រគំ​តន្ត្រី ការតាំង​បង្ហាញ​ស្នាដៃ​សិស្ស របស់​សាលា​ជំនាញ​ទាំង​ប្រាំ នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​ផង មានដូចជា​សាលា​ជំនាញ​ទាំង​ប្រាំ​រួមមាន សាលា​របាំ សាលា​សៀក សាលា​សូន​រូប សាលា​ដូរ​តន្ត្រី និង​សាលា​ល្ខោន​។

​លោក ខុន ច័ន្ទ​សិទ្ធិការ្យ និយាយថា លោក​គ្រោង​ធ្វើ​កម្មវិធី​បែបនេះ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ទោះបីជា​មានការ​លំបាក​ក្នុងការ​ស្វែងរក​ថវិកា​ក៏ដោយ​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

តើ​ក្រមុំ​ចូល​ម្លប់​ត្រូវមាន​«​ត្រណម​»​អ្វីខ្លះ​?



​មិនមាន​ឯកសារ​ណាមួយ​ដែល​អាច​បញ្ជាក់​ច្បាស់​ថា តើ​ទំនៀម​ចូល​ម្លប់​បានចាប់ផ្តើម​តាំងពី​សតវត្ស​រ៍ណា ឬ​សម័យ​កាលណា​មក​នោះទេ​។ យើង​គ្រាន់តែ​ដឹង​តាមរយៈ​រឿង​ទុំ​ទាវ ដែលជា​រឿង​ពិត​កើតឡើង​នៅ​សតវត្សរ៍​ទី​១៦ (​ក្នុងសម័យ​លង្វែក​) ដែល​បញ្ជាក់ថា សង្គម​ខ្មែរ​ជំនាន់​នោះ បាន​កាន់​ទំនៀមទម្លាប់​ចូល​ម្លប់ (​នាង​ទាវ​ចូល​ម្លប់​)​។ តើ​អ្វីខ្លះ​ជា​ត្រណម​របស់​ក្រមុំ​ចូល​ម្លប់​?

ក​/ មិន​បញ្ចេញ​ខ្លួន​ឲ្យ​ប្រុស​ឃើញ​

​ការចូល​ម្លប់​របស់​ស្រី​ក្រមុំ ដំបូង​បំផុត​គឺជា​ការលាក់ខ្លួន​បំពួន​អាត្មា​ឲ្យ​ផុតពី​ភ្នែក​ប្រុសៗ​ផងទាំងពួង ក្នុង​រយៈពេល​មួយ​ជា​កំណត់​។ កាល​ពេលមុន​ចូល​ម្លប់ នាង​តែង​បាន​ចូលរួម​ការងារ​ដក​ស្ទូង​ច្រូតកាត់​ជាមួយ​មនុស្ស​ប្រុស​ក្នុងភូមិ​។ នេះ​គឺជា​រឿង​ធម្មតា​នៃ​ជីវិត​នៅក្នុង​ស្រុកស្រែ​ចម្ការ​។ ប៉ុន្តែ​នៅពេលនេះ ប្រពៃណី​តម្រូវ​ឲ្យ​នាង​ដកខ្លួន​ចេញពី​សង្គម ក្នុង​គោលបំណង​បង្កើត​ការភ្ញាក់ផ្អើល​មួយ​នៅពេល​ក្រោយ​។​

​តាម​ធម្មតា របស់​អ្វីដែល​គេ​លាក់​មិន​ឲ្យ​ឃើញ តែងតែ​បង្កើន​ចំណង់​ឲ្យ​ចង់ឃើញ មិន​ខុសពី​អាថ៌កំបាំង ឬ​ពាក្យ​ខ្សឹបខ្សៀវ​ដែល​តែងតែ​នាំ​ឲ្យ​មនុស្ស​ចង់​ឮ ចង់ដឹង​ដូច្នោះ​ដែរ​។ គេ​តែងតែ​កត់សម្គាល់ថា «​អ្វីដែល​បិទបាំង​លាក់​បំពួន សុទ្ធ​តែមាន​លក្ខណៈពិសេស​ទាំងអស់​»​។ ដូច្នេះ​អ្នក​ចូល​ម្លប់ ចង់​ធ្វើ​ខ្លួនគេ​ឲ្យ​ទៅជា​របស់​ពិសេស​។ ដូច​មាន​បទ​ចម្រៀង​បុរាណ​មួយ​ឃ្លា​សរសេរថា​៖«​ផ្កា​អើយ​ផ្កា​ក្រង ផ្កា​ក្នុង​របង ធ្វើ​ម្តេច​បាន​បេះ …»​។ ឱកាស​ដែល​គេ​បញ្ចេញ​ក្រមុំ​ចូល​ម្លប់​ឲ្យ​អ្នកផង​ឃើញ ពេលនោះ មុខជា​មាន​ហេតុ​អស្ចារ្យ​កើតឡើង​មិន​ខាន​។ ពោលគឺ​ការផ្លាស់ប្តូ​រទាំង​សីលធម៌ ទាំង​សមត្ថភាព ទាំង​រូ​បស​ម្ជ​ស្ស សម្រស់ និង​ទាំង​កាយសម្បទា​របស់​ក្រមុំ​ចូល​ម្លប់​។​

ខ​/ មិន​ឲ្យ​និយាយ​ឆ្លងឆ្លើយ​ទៅរក​បុរស​

​ស្ត្រី​ចូល​ម្លប់​មិនមែន​តែ​លាក់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លាក់​វាចា​ពាក្យសម្តី​ទៀតផង​។ អ្នក​ពួន មាន​គោលបំណង​លាក់ខ្លួន​មិន​ឲ្យ​គេ​ឃើញ មិន​និយាយ​រក​គេ និង​មិន​អនុញ្ញាត​ឲ្យ​គេ​និយាយ​រក​ផងដែរ​។ ត្រង់នេះ ប្រពៃណី​ចង់​ហាត់ពត់​ចរិត​កូនស្រី​ឲ្យ​ស្រគត់ស្រគំ សុភាពរាបសា មិនបង្កើត​ទំនាក់ទំនង​ច្រើនពេក​។ ពិសេស​ជាងនេះទៀត ក្រមុំ​ចូល​ម្លប់​ត្រូវ​តម្កល់​អារម្មណ៍​ឲ្យ​ឋិត​ក្នុង​សភាព​ស្ងប់ស្ងៀម គិត​យ៉ាងណា​អនុវត្ត​តែ​ភារកិច្ច ដែល​កម្មវិធី​តម្រូវ​ឲ្យ​នាង​ធ្វើជា​ចាំបាច់​ប៉ុណ្ណោះ មិន​ឲ្យ​បែក​អារម្មណ៍​រាយមាយ គិត​ទៅ​អ្វី​ផ្សេង​ទៀតឡើយ​។​

គ​/ មិន​ឲ្យ​ធ្វើ​ការងារ​សព្វសារពើ​

​គេ​តែង​តម្រូវ​ឲ្យ​កូនក្រមុំ​ចូល​ម្លប់​បាន​សម្រាកកាយ​គ្រប់គ្រាន់ មិន​ឲ្យ​នឿយហត់​ក្នុង​កិច្ចការ​ផ្សេងៗ​ឡើយ ដើម្បី​ឲ្យ​ម្រាមដៃ​ស្រ​ឡូ​ន រូប​កាយ​មាន​សម្រស់​សោភ័ណ​។ ការងារ​ខ្លះ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ះទង្គិច​ដល់​រូបរាងកាយ​។ ប៉ុន្តែ​កិច្ច​ការដាំ​ស្ល​ចាក់​ជុល​ត្បាញ​រវៃ មិនត្រូវ​បាន​ហាម​ឡើយ​។​

​ឃ​/ មិន​ឲ្យ​កាន់​ដែក​

​នៅក្នុង​ផ្ទះ វត្ថុ​ធ្វើ​ពី​ដែក​មាន កាំបិត ពូថៅ ម្ជុល … ជាដើម​។ ការ​បណ្តោយ​ឲ្យ​ក្រមុំ​ចូល​ម្លប់ ប្រើ​របស់​ទាំងនេះ​នឹង​អាចធ្វើ​ឲ្យ​របួស ឬ​អាច​ចាត់ទុកជា​ប្រផ្នូល​អាក្រក់ ធ្វើ​ឲ្យ​សៅហ្មង​ដល់​កម្មវិធី​ចូល​ម្លប់​៕

​ប្រភព​៖ ដកស្រង់​ចេញពី​សៀវភៅ «​ក្រមុំ​ចូល​ម្លប់​» របស់លោក មៀ​ច ប៉ុណ្ណ អតីត​ទីប្រឹក្សា​អម​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ដែល​ត្រូវបាន​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​អង្គរ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

ភាពយន្តនិយាយពីរបបខ្មែរក្រហមរបស់ចូលី គ្រោងបញ្ជាំងដំបូងនៅកម្ពុជាខែក្រោយ

Photographed by Pax Thien Jolie Pitt/Netflix

ខ្សែភាពយន្តហូលីវូដ «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលដឹកនាំសម្តែងដោយលោក​​​ស្រី ​អ៊ែនជេលីណា ចូលី គ្រោងនឹងដាក់បញ្ជាំងដំបូងបង្អស់នៅកម្ពុជាខែក្រោយ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកឈ្មោះ Agelina Jolie/Angie ។

បើតាមទំព័រហ្វេសប៊ុកដដែល ខ្សែភាពយន្ត «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» នឹងត្រូវដាក់បញ្ជាំងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧ ក្នុងទឹកដីខេត្តសៀមរាប ដែលជាទីកន្លែងមួយនៃការថតរឿងនេះ ហើយទស្សនិកជន ក៏នឹងអាចទស្សនារឿងនេះបានតាមរយៈការបង្ហោះនៅលើអនឡាយរបស់ក្រុមហ៊ុន Netflix នៅខែកញ្ញាឆ្នាំ២០១៧ខាងមុខ។

ការចុះផ្សាយរបស់សារព័ត៌អង់គ្លេសដឹហ្គាឌ៊ានកាលពីម្សិលមិញ សរសេរថា ខ្សែភាពយន្ត «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» នេះក៏នឹងត្រូវចាក់បញ្ជាំងជុំវិញប្រទេសកម្ពុជា គឺរយៈពេល៧ខែ មុនពេលចេញផ្សាយនៅសហរដ្ឋអាមេរិក។

ភាពយន្ត «មុនពេលដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ដែលនិពន្ធដោយលោកស្រី លឿង អ៊ឹង និយាយ​ពីប្រវត្តិពិតនៃ​ការ​ចង​ចាំ​របស់​កុមារី​ម្នាក់​នៅក្នុងសម័យខ្មែរក្រហម ​ហើយរឿង​នេះដែរ ត្រូវ​បាន​លោក​​​ស្រី ​អ៊ែនជេលីណា ចូលី ជ្រើសរើសនិងប្រកាស​សហផលិតជាមួយផលិតកម្មក្នុងស្រុកមួយតាំងពីដើម​ឆ្នាំ២០១៦៕

VOD
ដោយ លោក មាស រតនៈវិទូ